(សេប៉ាង)៖ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុត លើពិភពលោក បានក្លាយជាក្រុមហ៊ុនទីមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើប្រតិបត្តិការដោយយន្តហោះប្រភេទ Airbus A320neo ដំណើរការដោយម៉ាស៊ីន CFM International LEAP-1A។ ពិធីអបអរជាផ្លូវការសម្រាប់ការ មកដល់នៃយន្តហោះថ្មីដែលមានលេខបញ្ជីការ 9M-NEO នេះ ត្រូវបានរៀបចំឡើងនៅក្បែរ អាកាសយានដ្ឋានអន្តរជាតិ កូឡាឡាំពួរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញ។
ដោយបំពាក់មកជាមួយនូវកន្លែងអង្គុយប្រភេទ Space Flex Cabin ដើម្បីផ្តល់ផាសុកភាពកម្រិតខ្ពស់បំផុតដល់អ្នកដំណើរ យន្តហោះនេះមានកៅអីអង្គុយចំនួន១៨៦។ នេះគឺជាយន្តហោះទី ១៧២ ដែលក្រុមហ៊ុនអាកាសចរណ៍នេះ ដែលទទួលបានពីការបញ្ជាទិញសរុប ៥៧៥គ្រឿង។
លោក Tan Sri Tony Fernandes នាយកប្រតិបត្តិរបស់ក្រុមហ៊ុន AirAsia បានឱ្យដឹងថា «យើងរំភើបណាស់ដែលទទួលបានយន្តហោះ Airbus A320neo នេះ ដើម្បីធានាថា AirAsia នៅតែឈានមុខគេសម្រាប់អាជីវកម្មរបស់យើង ដែលដំណើរការដោយយន្តហោះទំនើបចុងក្រោយគេនេះ។ យន្តហោះនេះ នឹងជួយសន្សំការចំណាយលើតម្លៃប្រេងឥន្ធនៈ ១៥% ព្រមទាំងបង្កើន សមត្ថភាពសម្រាប់រយៈចម្ងាយហោះហើរចំនួន ៥០០ nautical miles (១ nautical miles= ១,៨៥២ គីឡូម៉ែត្រ) ដែលមានន័យថាការចំណាយលើថ្លៃ ធ្វើដំណើរសម្រាប់អតិថិជននឹងកាន់តែថយចុះ»។ លោកបានបន្ថែមថា «យើងពិតជារីករាយបើនិយាយពីបញ្ហាបរិស្ថាន ដោយសារការសន្សំសំចៃ ប្រេងឥន្ធនៈបែបនេះ នឹងកាន់បន្ថយការបញ្ចេញឧស្ម័នកាបូនិចប្រមាណ ៥.០០០ តោនក្នុងមួយឆ្នាំ សម្រាប់យន្តហោះមួយគ្រឿង បន្ថែមលើការកាត់បន្ថយការបញ្ចេញនីត្រូហ្សែនអុកស៊ីដចំនួនពីរខ្ទង់ រួមជាមួយការកាត់បន្ថយសំឡេងរំខានផងដែរ»។
លោក KiranRao អនុប្រធានប្រតិបត្តិផ្នែកយុទ្ធសាស្រ្ត និងទីផ្សាររបស់ក្រុមហ៊ុន Airbus មានថ្លែងថា «AirAsia បានបង្កើតចំណុចគោលមួយ នៃសមត្ថភាពហោះហើរ ទោះជាធ្វើដំណើរ ទៅទីណាក៏ដោយ។ A320neo នឹងធ្វើឱ្យគ្រប់យ៉ាងកាន់តែប្រសើរឡើង ដោយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ១៥ ភាគរយ និងតម្លៃថែទាំកាន់តែទាប។ ស្របគ្នានេះដែរ អ្នកដំណើរ នឹងរីករាយជាមួយកម្រិតផាសុកភាពខ្ពស់ដាច់គេ ក្នុងប្រភេទយន្តហោះ ដែលមានច្រកដើរតែមួយ។ A320neo អាចនិយាយបានថាជាយន្តហោះដឹកអ្នកដំណើរ មានច្រកដើរតែមួយ ដែលមានសមត្ថភាពល្អលើសគេ។ យើងមានការជឿជាក់ថា វានឹងដើរតួយ៉ាងសំខាន់ដើម្បីជួយឱ្យ AirAsia រក្សាតំណែងជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបឈានមុខគេលើពិភពលោក»។
AirAsia ជាអតិថិជនធំជាងគេបំផុតរបស់ Airbus សម្រាប់ការបញ្ជាទិញយន្តហោះត្រកូល A320 ដោយមានចំនួនរហូតដល់ ៥៧៥ គ្រឿង។ ក្នុងចំណោមការបញ្ជាទិញនេះ ៤០៤ គ្រឿងស្ថិតក្នុងត្រកូល A320neo និងបន្ទាប់មកមានការបញ្ជាទិញមិនប្រែប្រួលមួយទៀត សម្រាប់យន្តហោះ A321neo ចំនួន ១០០ គ្រឿងដែលធ្វើឡើងកាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធី Airshow នៅទីក្រុង Farnborough៕