(ភ្នំពេញ)៖ លោកបណ្ឌិត កុល ផេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបង្ហាញពីបំណងចង់ឃើញកូនខ្មែររៀនអក្សរជាតិឱ្យចេះច្បាស់លាស់សិន មុននឹងចេះភាសាបរទេស។
លោកបណ្ឌិត ថ្លែងបែបនេះ ក្នុងកម្មវិធីប្រគល់សញ្ញាបត្ររបស់សាកលវិទ្យាល័យ លើកទី១១ ដល់និស្សិតជយលាភី ដែលបានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
មិនត្រឹមតែផ្តាំផ្ញើដល់ក្មេងជំនាន់ក្រោយឱ្យប្រឹងរៀនសូត្រអក្សរជាតិទេ លោកបណ្ឌិត កុល ផេង ក៏បានបង្ហាញពីភាពសោកស្តាយ ដែលកូនៗរបស់លោក មានឱកាសរៀននៅបរទេស ហើយមិនសូវចេះអក្សរខ្មែរ។
លោកបណ្ឌិត កុល ផេង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ កូនៗរៀននៅស្រុកគេអត់ចេះខ្មែរទេ។ អាហ្នឹងដល់មកវិញ ចាំរៀនខ្មែរម្តងទៀត។ អីចឹង យើងជាភាសាពិបាក ឆ្នាំទី១ ដល់ឆ្នាំទី៤ ត្រូវពង្រឹងភាសាខ្មែរសិនចាំពង្រីកភាសាអង់គ្លេស»។
បើតាមលោកបណ្ឌិត កុល ផេង កូនខ្មែររៀននៅបរទេស សុទ្ធតែអាចបញ្ចេញសម្លេងបានល្អចំពោះភាសាគេ បើសិនជាពួកគាត់បានរៀនភាសាខ្មែរឱ្យចេះច្បាស់លាស់ ព្រោះការចេះភាសាខ្មែរ ដែលមានទាំងភាសាបាលី និងសំស្ក្រឹត ជាមូលដ្ឋានគ្រឹះក្នុងការបញ្ចេញសម្លេង។
សូមជម្រាបថា អ្នកឧកញ៉ា គួច ម៉េងលី អ្នកជំនាញក្នុងវិស័យអប់រំមួយរូបនៅកម្ពុជា បានអះអាងថា ការណ៍ដែលលោកឪពុកអ្នកម្តាយ ឬអាណាព្យាបាល បញ្ជូនកូនខ្លួនឲ្យទៅរៀនភាសាជាតិ មុននឹងរៀនភាសាបរទេស ធ្វើឲ្យកូនពួកគាត់មានផលប្រយោជន៍ ដល់ទៅ៥យ៉ាងឯណោះ រួមមាន៖
* ១៖ ជួយឲ្យក្មេងវប្បធម៌ប្រពៃណីសង្គមជាតិខ្លួនឯង
* ២៖ ជួយឲ្យក្មេងរៀនភាសាទី២ ដែលជាភាសាបរទេសឆាប់ចេះ ឆាប់ចាំ និងឆាប់ជោគជ័យ
* ៣៖ ជួយឲ្យក្មេងមានសុជីវធម៌ មានទំនាក់ទំនងជាមួយគ្រួសារ (ក្មេងដក់ជាប់តែនឹងភាសាបរទេស ផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារ ព្រោះគ្រួសារគាត់ភាគច្រើនអត់ភាសាបរទេសដូចគាត់)
* ៤៖ ការរៀនភាសាចេះ មុនធ្វើឲ្យការរៀនភាសាទី២ មានភាពងាយស្រួល
* ៥៖ អាចប្រើប្រាស់បានទាំងពីរភាសា គឺភាសាដើម និងភាសាបរទេស៕