(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីក្រុមក្មេងទំនើងប្រើដាវកែច្នៃត្រូវបានចោទប្រកាន់ ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនសំណុំរឿង ពាក់ព័ន្ធករណី ក្រុមក្មេងទំនើងមានគ្នាចំនួន១៦នាក់ ប្រដាប់ដោយដាវកែច្នៃ ចំនួន០១ដើម និងដុំថ្ម បានធ្វើសកម្មភាពដេញកាប់ និងគប់ទៅលើក្រុមក្មេងទំនើងមួយក្រុមទៀត នៅចំណុចហាងកាហ្វ យីហោ SPកាហ្វេ ក្នុងបុរីស៊ូឈីវ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ក្រុមក្មេងទំនើងខាងលើបានកាប់បំផ្លាញទៅលើ ម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាតចំនួន២គ្រឿង រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។ រហូតមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច ស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង៦នាក់ ខាងលើ និងបក្ខពួក ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស៕