(សៀមរាប)៖ លោកស្រី គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឲ្យ លោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណខ្ពស់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រកាន់ភ្ជាប់នូវ គោលការណ៍ទាំង៧ នៃចលនា អន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ក៏ដូចជាកំពុងអនុវត្តបន្តយុទ្ធសាស្រ្ត២០១១ ២០២០ ដែល ក្នុងនោះបានលើកឡើងពីទស្សនវិស័យដូចជា រួមចំនែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌ របស់ជនរងគ្រោះ ដោយផ្ដោតជាសំខាន់លើ វិស័យស្នូល ទាំង ៤គឺ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពសហគមន៍ ការលើកម្ពស់គោលការគ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍស្ថាប័ន អភិវឌ្ឍធនធាន។
លោកស្រី គួយ ណាលីន បានលើកឡើងបែបនេះ ខណៈលោកស្រី ចូលរួម ក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ដល់យុវជនប្រចាំវិទ្យាល័យកំពង់ក្ដី ចំនួន ៦០រូប នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ។
នៅក្នុងឱកាសនោះ លោកស្រី គួយ ណាលីន បានបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ដល់យុវជនប្រចាំវិទ្យាល័យកំពង់ក្ដី ស្រុកជីក្រែងចំនួន ៦០រូប និងប្រកាសទទួលស្គាលក្រុមកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង ចំនួន ១៩០រូប ។
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង បានប្រាប់ឲ្យដឹងថា មានយុវជនកាកបាទក្រហម ចំនួន១២១រូប បានទទួលការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា។ បច្ចុប្បន្ននៅទូទាំង សាខាកាកបាទក្រហម កម្ពុជា ខេត្តសៀមរាប មានយុវជនកាកបាទក្រហមចំនួន ១,២៤៦រូប ដែលតាមរយៈនេះ ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមក្នុងសកម្មភាពវិទ្យាល័យ ក៏ដូចជាសកម្មភាព មនុស្សធម៌ ក្នុងសង្គមខ្មែរ។
ឆ្លៀតក្នុងពេលនោះដែរ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានធ្វើជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ក្រុមកាកបាទក្រហមកម្ពុជាស្រុកជីក្រែងចំនួន១៩០រូបផងដែរ៕