(កំពង់ធំ)៖ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់សិស្សានុសិស្សដែលមានចង់ជំនាញមួយច្បាស់លាស់ពិតប្រាកដ ត្រូវមកសិក្សារៀនសូត្រនៅវិទ្យាស្ថានបច្ចេកទេសខេត្តកំពង់ធំ ស្ថិតនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ដើម្បីមានឱកាសចាប់យកជំនាញមួយច្បាស់លាស់មានសមត្ថភាពពិតប្រាកដ។

លោក ញ៉ឹក បានខេង ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឲ្យចប់ ឲ្យចេះ ឲ្យមាននការងារ» ដោយមានការចូលរួមពីអាជ្ញាធរក្រុង ស្រុក ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សហគ្រាស អង្គការដៃគូ រួមទាំងសិស្សានុសិស្សជាច្រើន ដែលរៀបចំធ្វើឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានលើកឡើងថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ នៅខេត្តកំពង់ធំនេះ គឺមានគោលដៅក្នុងការផ្សព្វផ្សាយដល់ជំនាញវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដើម្បីកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋាន។

លោកបន្តថា វិទ្យាស្ថាពហុបច្ចេកទេសខេត្តកំពង់ធំ ជាគ្រឹះស្ថរលើបណ្ដុះបណ្ដាលបច្ចកទេស និងវិជ្ជាជីវៈមួយក្នុងចំណោមគ្រឹះស្ថាន (TVET) របស់ខេត្តទាំងពេលដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិទ្យាស្ថាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០១ តាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

លោកបញ្ជាក់ថា សារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលគាត់ជាភាសារអង់គ្លេស (TVET)៖

១-រៀនរយៈពេលខ្លីអាចបង្កើតមុខរបរ និងទទួលបានការងារសមរម្យ មានប្រាក់ចំណូលខ្ពស់
២-រៀនទ្រឹស្តីតិច ការអនុវត្តជាក់ស្តែងច្រើន
៣-បើកច្រកសិក្សាច្រើន និងមានភាពបត់បែន ដើម្បីជាឱកាសអភិវឌ្ឍជំនាញជាបន្តបន្ទាប់ពេញមួយជីវិត
៤-ផ្តល់កម្លាំងពលកម្មជំនាញប្រកបដោយការទទួលខុសត្រូវក្នុងការលើកកម្ពស់ដំណើរការឧស្សាហូបនីយកម្ម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើឲ្យសម្រេចចក្ខុវិស័យឆ្នាំ២០៣០ ក្លាយជាប្រទេសដែលចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍន៍។

លោក ញ៉ឹក បានខេង បានឱ្យដឹងថា ការសិក្សាផ្នែកជំនាញទន់ជាផ្នែកមួយមិនអាចខ្វះ ដើម្បីបំពេញបន្ថែមលើជំនាញឯកទេស និងសម្រាប់ភាពជោគជ័យក្នុងការងារ ឬមុខជំនួញ គឺជាចំណុចចាប់ផ្ដើមឈានទៅចូលរួមក្នុងទីផ្សារការងារប្រកបដោយសេចក្តីសង្ឃឹមជឿជាក់ និងមានភាពទាក់ទាញ ដែលជំរុញឲ្យយុវជនដែលបញ្ចប់ការបណ្តុះបណ្តាលបច្ចេកទេស បំពេញការងារប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវ ហើយក៏កសាងទំនុកចិត្តពីសំណាក់ដៃគូអភិវឌ្ឍ ក៏ដូចជាធានាដល់អ្នកវិនិយោគដែលប្រើប្រាស់នូវកម្លាំងពលកម្មអាចមកវិនិយោគនៅកម្ពុជា។

លោកបានជំរុញឲ្យអ្នកចូលរួមខិតខំរៀនសូត្រពេញមួយជីវិត ដើម្បីឲ្យមានសមត្ថភាពតាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះ និងចូលរួមផ្សព្វផ្សាយជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត នយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅឲ្យបានយល់ដឹងកាន់តែច្បាស់និងទូលំទូលាយអំពីសារសំខាន់នៃការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ៕