(កំពង់ស្ពឺ)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមការចូលរួមពីសំណាក់លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងវិជ្ជាជីវៈខេត្តកំពងស្ពឺ ដែលមានមន្ត្រីរាជការ សិស្ស និសិត្សចូលរួមទស្សនាជំនាញមុខវិទ្យាជិត ៣០០០នាក់មកពីសាលានានាក្នុងខេត្តកំពង់ស្ពឺ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក ចឹក បូរិន បានលើកឡើងថា ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់អំពីសារសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស។

លោកប្រធានមន្ទីរបានបន្តថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះទី១ មនុស្ស ដោយបានផ្តោតសំខាន់លើការកសាងនិងអភិវឌ្ឍមូលធន មនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រតិដ្ឋ និងភាពប្រកួតប្រជែងខ្ពស់ ដោយសម្រេចឱ្យបាននូវគោលដៅពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត។

លោកប្រធានមន្ទីរបន្តទៀតថា រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥លាននាក់ ដែលមានចក្ខុវិស័យច្បាស់លាស់និងមុតស្រួចក្នុងការផ្តល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈមួយ ដើម្បីទទួលបានឱកាសការងារ និង/ឬបង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ ដោយឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។

ចំពោះមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងអនុវត្តដោយកំណត់យកវិស័យអាទិភាពចំនួន១០វិស័យ ស្មើនឹង៤៥មុខជំនាញ ក្នុងជំហានទី១ ត្រូវអនុវត្តដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញដូនតាចំនួន១០មុខជំនាញ ត្រូវអនុវត្តដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

លោកប្រធានមន្ទីរបញ្ជាក់ថា សិស្ស និសិត្សទាំងអស់មានឱកាសមកទទួលការបណ្តុះបណ្តាលជំនាញ ហើយខាងសាលាក៏បានប្រឹងប្រែងរកដៃគូទទួលយកសិស្សដែលរៀនសូត្រជំនាញឲ្យយកទៅបំពេញការងារផងដែរ៕