Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្យុះទីហ្វុងកំណាច Meranti ផ្តាច់ជីវិតប្រជាជនចិន ០៧នាក់ និងបាត់ខ្លួនកើនដល់ ០៩នាក់ ខណៈស្ពានបុរាណអាយុ ៨៧១ឆ្នាំ បានបាក់ខ្ទេច

16-09-2016 15:07

(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានអះអាងនៅថ្ងៃសុក្រនេះថា ព្យុះទីហ្វុង Meranti បានបណ្តាលឲ្យ មនុស្សស្លាប់ និងបាត់ខ្លួនយ៉ាងហោច១៦នាក់ រួមនឹងស្ពានបុរាណមួយត្រូវបានបំផ្លាញ ខណៈព្យុះទីហ្វុង មួយនេះ បានបោកបក់មកលើភាគខាងកើតប្រទេសចិន បន្ទាប់ពីបានវាយប្រហារ ទៅលើភាគខាងត្បូង កោះតៃវ៉ាន់ នាល្ងាចថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នា២០១៦។

មនុស្សចំនួន ០៧នាក់បានបាត់បង់ជីវិត និងចំនួន០៩នាក់ផ្សេងទៀតកំពុងតែបន្តបាត់ខ្លួន ខណៈប្រជាជនប្រមាណ ៣៣០,០០០នាក់ ត្រូវបានជម្លៀសខ្លួនទៅរកទីសុវត្ថិភាព។ ដោយឡែកនៅ ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ព្យុះទីហ្វុង Meranti បានបង្កឲ្យមានការបាក់ដីនៅក្នុងក្រុង Xiamen នៃខេត្ត Fujian ជាមួយនឹងល្បឿនខ្យល់ ១៧០គីឡូម៉ែត្រ/ម៉ោង និងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង ជោគជាំទូទាំងខេត្ត ដែលបានបង្កជាទឹកជំនន់ បំផ្លិចបំផ្លាញស្ពានបុរាណមួយដែលមានអាយុ ៨៧១ឆ្នាំ ដែលជាសម្បត្តិដ៏៏មានតម្លៃប្រចាំខេត្ត Fujian។

ជាមួយគ្នានេះដែរ លំនៅដ្ឋានប្រមាណ ៣,២លានខ្នងក្នុងក្រុង Xiamen បានដាច់ចរន្តអគ្គីសនី និងប្រព័ន្ធទឹកប្រើប្រាស់ថែមទៀតផង។  គួរបញ្ជាក់ដែរថា Meranti គឺជាព្យុះទីហ្វុងដ៏ខ្លាំងមហិមា ជាងគេបង្អស់លើលោក នៅក្នុងឆ្នាំ២០១៦នេះ និងក៏ជាព្យុះទីហ្វុងដែលសាហាវបំផុតដែលបាន វាយប្រហារមកលើខេត្ត Fujian ចាប់តាំងតែពីឆ្នាំ១៩៤៩ ប៉ុន្តែមកដល់ថ្ងៃសុក្រនេះ ព្យុះទីហ្វុង Meranti បានអន់ថយកម្លាំងច្រើនហើយ៕