(ភ្នំពេញ)៖ សារពិសេសរបស់លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺចង់ឱ្យយុវជនកម្ពុជាមានបំនិនវិជ្ជាជីវៈឱ្យបានគ្រប់គ្នា ព្រោះថានៅពេលសេដ្ឋកិច្ចកាន់តែធ្វើពិពិធកម្មឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់ ក៏ត្រូវការអ្នកជំនាញបច្ចេកទេសកាន់តែខ្ពស់ដែរ ដូច្នេះយុវជនគ្រប់គ្នាត្រូវតែស្វែងរកការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។

ការបញ្ចេញសារពិសេសនេះធ្វើឡើងក្នុងឱកាសលោក ហង់ ជួនណារ៉ុន អញ្ជើញបើកជាផ្លូវការនូវទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»» ដែលរៀបចំឡើងរយៈពេល២ថ្ងៃ នៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានឱ្យដឹងថា TVET ក្នុងសតវត្សទី២១នេះ គឺជាការបណ្ដុះបណ្ដាលបំនិនវិជ្ជាជីវៈនិងបច្ចេកទេស។ ការអបរំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺជាការប្រែក្លាយកម្លាំងពលកម្មកម្ពុជាឱ្យទៅជាអ្នកជំនាញបច្ចេកទេសសម្រាប់មូលធនមនុស្ស និងជួយក្នុងការធ្វើទំនើបកម្មរចនាសម្ពន្ធឧស្សាហកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្មឈានទៅរកឧស្សាហកម្មផ្អែកលើជំនាញ។ ម្យ៉ាងក៏ចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ព្រមទាំងចូលរួមជំរុញកំណើនសេដ្ឋកិច្ចឆ្ពោះទៅរកសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោកឧបនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «នៅពេលដែលសេដ្ឋកិច្ចកម្ពុជាកាន់តែធ្វើពិពិធកម្មឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់ ដូច្នេះវិស័យបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនឹងទាមទារអ្នកជំនាញកាន់តែខ្ពស់ផងដែរ»។

លោកបានបង្ហាញការជំនឿថា ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧នេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឱ្យកម្ពុជាប្រែក្លាយកម្ពុជាជាប្រទេសមួយសម្បូរធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ឥរិយាបថការងារ ជំនាញបច្ចេកទេស សីលធម៌ វិជ្ជាជីវៈ និងផលិតភាពខ្ពស់ ព្រមទាំងជាប្រទេសដែលមានសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុកឱ្យមកវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីរួមចំណែកក្នុងការបង្កើនប្រាក់ចំណូល
ការបង្កើតការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយជំរុញលើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅឱ្យបានយល់ដឹងកាន់តែច្បាស់និងទូលំទូលាយអំពីសារសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស។

លោករដ្ឋមន្ត្រីបានបន្តថា ការប្រារព្ធទិវាជាតិលើកទី៧នេះ ក៏នឹងជួយជំរុញឱ្យកម្មវិធីបណ្ដុះបណ្តាលជំនាញវិជា្ជជីវៈនិងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១.៥លាននាក់ ឱ្យទទួលបានការចុះឈ្មោះចូលរៀនពីសំណាក់យុវជន សិស្ស និស្សិត បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករនិយោជិត ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា។

គួរជម្រាបថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងចំនួន៦លើកមកហើយ គឺនៅឆ្នាំ២០១៨ ឆ្នាំ២០១៩ ឆ្នាំ២០២០ ឆ្នាំ២០២១ ឆ្នាំ២០២២ និងនៅឆ្នាំ២០២៣ ដោយមួយលើកៗមានអ្នកចូលរួមរាប់ម៉ឺននាក់។ ដោយឡែក នៅឆ្នាំ២០២៤នេះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនឹងទាក់ទាញអ្នកចូលរួមមានប្រមាណជាង៦ម៉ឺននាក់ ក្នុងនោះក៏មានទាំងក្រសួង​ ស្ថាប័ន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងក្រុមហ៊ុនឯកជនបានចុះឈ្មោះចូលរួមតាំងបង្ហាញស្នាដៃ ខ្សែសង្វាក់ផលិតកម្ម និងផលិតផលផងដែរ៕