(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ថេង សុថុល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់ និងអប់រំណែនាំ ដល់ក្រុមអាជីវកលក់ដូរ នៅតាមផ្ទះ ជុំវិញផ្សារអូរឫស្សី ឲ្យដាក់តាំងលក់ទំនិញ របស់របរ តាមបណ្ដោយផ្លូវលេខ១១១ និងផ្លូវលេខ១៦៦ ជុំវិញផ្សារអូឫស្សី ត្រូវរក្សាចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង និងដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ ព្រមទាំងរក្សាបានសោភ័ណ្ឌភាព បរិស្ថាន អនាម័យល្អ ទីក្រុងផងដែរ។

នាឱកាសនោះ លោក ថេង សុថុល ក៏បានសំណេះសំណាលជាមួយអាជីវករលក់ដូរតាមផ្ទះ ដែលបានដឹកនាំកម្លាំងចុះរៀបចំដោយផ្ទាល់ បានបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់លោកអភិបាលរាជធានី បានណែនាំដល់អាជីវករឲ្យបញ្ឈប់ការដាក់តាំងលក់មកលើចិញ្ចើមផ្លូវសាធារណៈ ត្រូវរក្សាចិញ្ចើមផ្លូវដោយទុកឲ្យអ្នកធ្វើដំណើរថ្មើរជើងអាចដើរបាន ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍។

លោកអភិបាលខណ្ឌ បានគូសបញ្ជាក់ថា «ពិតណាស់ថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះ បានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន តែប្រជាពលរដ្ឋភាគច្រើន មានការសាទរដល់កងកម្លាំងសន្តិសុខ ក៏ដូចជាអាជ្ញាធរខណ្ឌ ដូច្នេះយើងត្រូវអនុវត្តតាមមតិភាគច្រើន»

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលប្រកបរបរលក់ដូរ ត្រូវចូលរួមទាំងអស់គ្នា បញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ប្រកករបរអាជីវកម្ម ដើម្បីចូលរួមថែរក្សាសោភ័ណ្ឌភាព សុវត្ថិភាព របៀបរៀបរយ ក្នុងមូលដ្ឋានខណ្ឌ នៃរាជធានីភ្នំពេញ។

បន្ថែមពីនេះ រដ្ឋបាលខណ្ឌ ក៏បានដាក់ចេញនូវផែនការឲ្យកម្លាំងសន្តិសុខត្រូវអនុវត្តជាប្រចាំ ទៅលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈគ្រប់ផ្លូវទាំងអស់ ដោយក្នុងនោះ៖

*សូមសំណូមពរបងប្អូនជាអ្នកប្រកបរបររត់ឡានឈ្នួល សូមកុំចតលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ជុំវិញបរិវេណផ្សារ ទុកសម្រាប់បងប្អូនអ្នកថ្មើរជើង និងការធ្វើចរាចរណ៍
*សូមសំណូមពរបងប្អូនជាអ្នកប្រកបអាជីវកម្ម កុំដាក់តាំងទំនិញ និងសម្ភារៈលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ទុកសម្រាប់អ្នកថ្មើរជើង និងការធ្វើចរាចរណ៍។

លោក ថេង សុថុល បានបន្តថា បានប្រាប់ដល់កម្លាំងសមត្ថកិច្ច ថា ត្រូវនាំគ្នាធ្វើល្អទៅប្រជាពលរដ្ឋ មតិភាគតិចណាស់ ដែលគេរិះគន់ពេលដែលអាជ្ញាធរបំពេញការងារធ្វើ តែមតិភាគច្រើនណាស់ ដែលគេសរសើ ដូច្នេះត្រូវតែធ្វើតាមមតិភាគច្រើន។ ធម្មតាធ្វើអីក៏ខុសដែរ អ្នកលក់លើចិញ្ចើមផ្លូវ គាត់មិនសប្បាយ នៅពេលដែលយើងរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើន និងអ្នកដំណើរ គាត់សប្បាយចិត្តពេលឃើញសណ្តាប់ធ្នាប់មានរបៀបរាបរយ ដូច្នេះចាប់ពីពេលនេះទៅ ត្រូវរួមគ្នាពង្រឹងការងាររៀបចំសណ្តាប់សាធារណៈជាប្រចាំ។

ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានឲ្យដឹងថា បានចាត់តាំងលោក ណុប ផា អភិបាលរងទទួលផែន បរិស្ថាន អនាម័យ សន្តិសុខ សណ្ដាប់ធ្នាប់ ឲ្យចុះធ្វើការអប់រំណែនាំ ជាប់ជាប្រចាំ ហើយក្រុមអាជីវកមួយចំនួនធំបានចូលសហការជាមួយអាជ្ញាធរបានល្អប្រសើរផងដែរ ដើម្បីរក្សាចិញ្ជើមផ្លូវ ការ៉ូឡា សម្រាប់អ្នកថ្មើរជើង។

អាជ្ញាធរសូមសំណូមពរដល់ក្រុមអាជីវក ដែលមានផ្ទះជុំវិញផ្សារទាំងអស់គ្នា សូមចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីឲ្យមានលំហូរចរាចរណ៍ មានបរិស្ថាន អនាម័យល្អ និងសណ្ដាប់ធ្នាប់ល្អ៕