(ស្វាយរៀង)៖ កុមារីចំនួន ២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នាកំពុងតែលេងនៅក្រោមជង្រុកស្រូវ ខណៈដែលជីដូនបង្កាត់ភ្លើងដុតសំរាមក្បែរក៏រាលដាលឆេះដល់ជង្រុកស្រូវ រោងដាក់ចំបើង បណ្តាលឱ្យឆេះស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នាមកជួយបាញ់ទឹកពន្លត់ និងមានការអនាគមន៍ពីសមត្ថកិច្ចយកឡានទឹកមកបាញ់ពន្លត់ដែរ តែជាអកុសលក្មេងស្រីទាំង២នាក់ បានស្លាប់បាត់បង់ជីវិតទៅហើយ។

ករណីនេះបានកើតឡើងកាលវេលាម៉ោង៦និង០០នាទីល្ងាចថ្ងៃទី១៤ ខែមិថុនាឆ្នាំ ២០២៤ស្ថិតក្នុងភូមិឬស្សីដោច ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មានករណីភ្លើងឆេះជង្រុកស្រូវនិងរោងចំបើង បណ្ដាលឱ្យកុមារីស្លាប់២នាក់ គឺឈ្មោះ វីន បរមី អាយុ២ឆ្នាំ, ទី២៖ ឈ្មោះ ផល រិនចេនណា ភេទស្រីអាយុ ២ឆ្នាំ នៅភូមិឬស្សីដោច ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ដែលមានឪពុកឈ្មោះ ផ្លោកពៅ ណារិន ពេទ្យមណ្ឌលកំពង់រោទិ៍។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុក្មេងរងគ្រោះ ទាំង២នាក់បងប្អូនជីដូនមួយបាននាំគ្នាមកអង្គុយលេងក្រោមជង្រុកស្រូវ ខណៈនោះជីដូនបានបង្កាត់ភ្លើងដុតស្លាបមាន់ និងសំរាមដែលនៅក្បែរនោះ ហើយជីដូនក៏អង្គុយចាក់រូបដោយភ្លេចគិតថាចៅនៅក្រោមជង្រុកស្រូវ ស្រាប់តែរាលដាលឆេះដល់ជង្រុកស្រូវនិងរោងចំបើងឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យក្មេងទាំងពីរនាក់ឆេះស្លាប់តែម្ដង។

បច្ចុប្បន្ន ក្មេងទាំង២នាក់ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីក្តីសោកសង្រេងបំផុត៕