(កំពង់ចាម)៖ លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានលើកឡើងថា វិទ្យាស្ថានមានមុខជំនាញជាច្រើន ដើម្បីបណ្ដុះបណ្ដាលសិស្ស ឱ្យមានសមត្ថភាពខ្ពស់ឈានទៅប្រកួតប្រជែងនៅលើទីផ្សារការងារនាពេលបច្ចុប្បន្ន។

លោកនាយកវិទ្យាស្ថាន បាទលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៧ ឆ្នាំ ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ» ពិធីនេះធ្វើឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ស្ថិតក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាព លោក ចាន់ ផល្លី អភិបាលរងខេត្តកំពង់ចាម។

លោក ហាវ ធិន បានបន្តថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម មានបណ្តុះបណ្តាលលើជំនាញដូចជា វិស្វកម្មអគ្គិសនី វិស្វកម្មអេឡិចត្រូចនិក វិស្វកម្មយន្តសាស្ត្ររថយន្ត វិស្វកម្មសំណង់ស៊ីវិល បរិក្ខារត្រជាក់ឧស្សាហកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ និងមានជំនាញជាច្រើនទៀតស្របតាមតម្រូវការទីផ្សារការងារ។

វិទ្យាស្ថានបានបណ្តុះបណ្តាលចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្រ (ដោយសិក្សាចាប់ពីមួយសប្តាហ៍ រហូតដល់៥ឆ្នាំ)។ វិទ្យាស្ថានបានខិតខំលើកកម្ពស់ការបណ្តុះបណ្ដាល និងការងារ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង ដោយខិតខំស្វែងរកដៃគូ ដូចជា៖ ក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីឱ្យសិស្ស និស្សិតចុះហាត់ការងារ និងកម្មសិក្សា។ ជាពិសេសស្វែងរកការងារជូននិស្សិតក្រោយបញ្ចប់ការសិក្សាស្របតាមជំនាញ និងសមត្ថភាពរបស់សិស្ស និស្សិត។

ជាក់ស្ដែងនៅក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (CI-1.5M) វគ្គ១មានសិស្សជំនាញការថែទាំ និងជួសជុលរថយន្ត និងការដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន ៣៩នាក់ បានចុះកម្មសិក្សានៅតាមក្រុមហ៊ុន និងយានដ្ឋានហើយទទួលបានការងារផងដែរ។

លោកនាយកវិទ្យាស្ថានបានបន្តថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈTVET DAYលើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ជាលើកទី៣ សម្រាប់ខេត្តកំពង់ចាម ដែលអាចនាំអារម្មណ៍ ប្រជាពលរដ្ឋ អាណាព្យាបាល ប្អូនៗសិស្សនិស្សិត និងអ្នកប្រើប្រាស់កម្លាំងពលកម្មចាប់អារម្មណ៍ក្នុងវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសយើងអាចរំលេចឱ្យឃើញអំពីតម្លៃនៃជំនាញ ពីតម្រូវការពិតប្រាកដនៃទីផ្សារការងារបច្ចុប្បន្ន ក៏ដូចជាការលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិ តាមរយៈមនុស្សម្នាក់ត្រូវមានជំនាញជាក់លាក់មួយជាចាំបាច់។

ទន្ទឹមនឹងនេះ ក្នុងនាមវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម លោកមានសុទិដ្ឋិនិយមថា នាពេលអនាគតដ៏ខ្លីខាងមុខ ការផ្លាស់ប្តូរឥរិយាបថ របស់ប្អូនៗ សិស្ស និស្សិត និងមានការគាំទ្រពីអាណាព្យាបាល ដោយចាប់យកជំនាញបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ គឺដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ខ្លួន បង្កើនកម្រិតជីវភាពរបស់ខ្លួន បង្កើនផលិតភាព ជាពិសេសគឺភាពប្រកួតប្រជែងខ្ពស់ នៅលើទីផ្សារការងារនាពេលបច្ចុប្បន្ននេះ ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ ឬប្រទេសអភិវឌ្ឍន៍ ៕