(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យដកតំណែង ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងសវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ឲ្យមកជាមន្ដ្រី។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

សូមរំលឹកថា មុនឈានដល់ការដកស័ក្តិពីផ្កាយ១ មកនៅជាមន្ត្រី​ធម្មតា​នេះ កាលពីកំលុ​ង​ខែ​ឧសភាកន្លងទៅនេះ លោក កែវ សារ៉ាវុធ បានសាងកំហុសពេលចុះធ្វើ​បំពេញការងារ​នៅស្រុកសាមគ្គីមុនីជ័យ ក្នុង​ខេត្ត​កំពង់ស្ពឺ ដោយយកលុយពីឃុំចំនួន១០ ក្នុងស្រុកនេះ ក្នុងមួយ​ឃុំ​ប្រមាណ​១លាន​រៀល។

ក្រោយមានរឿងបែបនេះ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោក កែវ សារ៉ាវុធ ត្រូវបានលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចុះអង្កេតស្រាវជ្រាវករណីជាបន្ទាន់។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា ជាលទ្ធផលក្រោយការបំភ្លឺលោក កែវ សារ៉ាវុធ ទទួលស្គាល់ថា លោកពិតជាបានដឹកនាំក្រុមការងារ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន ២គ្រឿង និងទើបតែធ្វើសវនកម្មបានចំនួន ៤ស្រុកប៉ុណ្ណោះ៕

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖