(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ព និង ស្ថាប័នស៊ីវិល គឺជាវិធីសាស្រ្តដ៏ឈ្លាសវាងវៃ ដើម្បីពង្រឹងស្ថាប័នកងទ័ព ដែលអាចដឹងទុក្ខធុរៈគ្នា ជួយគ្នាទៅវិញទៅមក។ លោកបានបញ្ជាក់បន្ថែមទៀតថា បេះដូងក្នុងការជួយគ្នាគឺមានទំហំធំធេង តែលទ្ធភាពមានកម្រិតទោះជា យ៉ាងណាក៏ក្រសួងនឹងខិតខំឲ្យអស់លទ្ឋភាពស្វែងរកជំនួយពីវិស័យឯកជនដើម្បីជួយ ហើយពេលនេះមិន មែន ជាការធានារ៉ាប់រងនោះទេ តែវាជាវប្បធម៌នៃការចែករំលែក។
លោក ស៊ុយ សែម លើកឡើងបែបនេះ ខណៈដែល លោក និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង រួមជាមួយសប្បុរសជន បានចុះសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយនាយទាហានពលទាហាន សិក្ខាកាម យោធិនចូលនិវត្តន៍ ព្រមទាំងគ្រួសារកងទ័ព ចំនួន៥៦៧នាក់ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (ពេជ្រនិល) ដែលជា អង្គភាពសម្ព័ន្ធមេត្រីភាព ជាមួយក្រសួងរ៉ែ និងងាមពល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។
ពិធីនេះត្រូវបានប្រារព្ធឡើង គឺតាមការសន្យាកាលពីលើកមុន គឺត្រូវជួបគ្នាមុនពេលភ្ជុំបិណ្ឌប្រពៃណីយជាតិ។ លោករដ្ឋមន្រ្តីសូមថ្លែងអំណរគុណ ដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ដែលបាន បេ្តជ្ញាដោយប្តូរផ្តាច់ គោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុខសុវត្ថិភាពសង្គម និងសន្តិភាពជាតិទាំងមូល។
មានមតិស្វាគមន៍ក្នុងឱកាសនោះ លោកនាយឧត្តមសនីយ៏ផ្កាយមាសបួន មាស សុភា អគ្គមេបញ្ជាការរង និងជាបញ្ជាការកងទ័ពជើងគោក បានថ្លែងអំគុណដល់ក្រសួងរ៉ែ និងថាមពល ជាពិសេស លោករដ្ឋមន្រ្តី និង លោកស្រី ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ និងសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភ គាំទ្រ ទាំងសម្ភារៈ ស្មារតី ថវិកា ដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកនាពេលបច្ចុប្បន្ន និងកន្លងមកនេះ។
កន្លងមកនេះ លោករដ្ឋមន្រ្តី និងលោកស្រី រួមជាមួយសប្បុរសជននានា បានជួយឧបត្ថម្ភការសាងហេដ្ឋារចនាសម្ព័ន្ធ និងចលនាការចិញ្ចឹមជីវភាពកងទ័ព នៅមជ្ឈមណ្ឌលហ្វឹកហ្វើនកងទ័ពជើងគោកដូចជាកសាងទីលាន បាញ់គ្រាប់ពិត ចំណាយថវិកា ២០០០០ដុល្លារ កសាងទំនប់ទឹកចំណាយថវិកា ២៥០០០ដុល្លារ តប្រព័ន្ធទឹកស្អាត អគ្គិសនី រោងបាយរួម ឧបត្ថម្ភមេគោពូជ ៣០ល្បាល និងពូជបន្លែ ផ្តល់ជាសម្ភារៈ ថវិកា និងទទួលទានអាហារសាមគ្គី ជូនយោធិន សោធននិវត្តន៍ គ្រសារកងទ័ពផ្ទាល់ ៣លើក។
ដោយឡែកអំណោយ ចុះសួរសុខទុក្ខដែលត្រូវផ្តល់ជូននាពេលនោះរួមមាន ថវិកាសាងសង់ទីលានបាញ់គ្រាប់ពិតបង្ហើយ ៩៥០០$ (ប្រាំបួនពាន់ដុល្លា) សាងសង់ បង្គោលភ្លើងបន្ថែម ១៥ លានរៀល ជូនថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង សិក្ខាកាម គ្រួសារកងទ័ព ៥៦៦ នាក់ ក្នុងម្នាក់ ថវិកា ៥០០០០ រៀល អង្រឹងទ័ព ១ មីយើង ១កេស កន្សែងពោះគោ ១ ក្រម៉ា ១ សាប៊ូម្សៅ ១គីឡូ សាប៊ូដុំ ២ ត្រីខ ១០ កំប៉ុង ស្រាបៀកម្ពុជា ២០០កេស រៀបចំទទួលទានអាហារសាមគ្គី ថ្ងៃត្រង់ប្រកបដោយភាពស្និតស្នាល មិត្តភាព សាមគ្គីភាព៕