(ស្ទឹងត្រែង)៖ ក្រុមប្រឹក្សាខេតញតស្ទឹងត្រែង អាណត្តិទី៤ ចំនួន១៧រូប ត្រូវបានប្រកាសចូលកាន់តំណែង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ប៊ុនឈឿន

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។

លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ បានឡើងប្តេជ្ញាចិត្តមានចំនួន៧ចំនុច ហើយសង្ឃឹមប្រកបដោយភាពជឿជាក់ថា តាមរយៈបទពិសោធន៍ជាក្រុមប្រឹក្សាខេត្តអាណ្តិទី៣កន្លងមក សម្រាប់អាណត្តិទី៤នេះ នឹងទទួលបានភាពរឹងមាំ និងការទទួលបាននូវគោលការណ៍ដឹកនាំថ្មីៗបន្ថែមទៀត ស្របតាមការវិវត្តន៍នៃសភាពការតំបន់ សកលលោក ព្រមទាំងការរីកចម្រើនជាក់ស្តែង នៃសេដ្ឋកិច្ចសង្គម និងក្របខ័ណ្ឌការងាររបស់ប្រទេសជាតិ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខ័ណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកអភិបាលខេត្ត បានឲ្យដឹងថា កិច្ចការជា អាទិភាពបន្ដសម្រាប់ក្រុមប្រឹក្សាអាណត្តិទី៤ គឺការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល, ការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា, ការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១។

ជាមួយគ្នានេះ លោក ផៃ ប៊ុនឈឿន បានថ្លែងថា សមិទ្ធផល សម្រេចបាននាពេលកន្លងមក ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយបានបង្ហាញឲ្យឃើញថា ក្រុមប្រឹក្សាអាណត្តិទី៣ គណៈអភិបាលខេត្តស្ទឹងត្រែង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង បានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ឲ្ហមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោក ផៃ ប៊ុនឈឿន បានថ្លែងក្នុងនាមរាជរដ្ឋាភិបាល កោតសរសើរចំពោះសមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែងដែលបានទទួលការគាំទ្រជាក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ននេះ ហើយត្រូវខិតខំរួមគ្នាទាំងរដ្ឋបាលខេត្ត កងកម្លាំងមានសមត្ថកិច្ច ប្រជាពលរដ្ឋដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងរយៈពេល៥ឆ្នាំខាងមុខ៕