(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នៅពេលថ្មីៗនេះ បានសម្ពោធកម្មវិធីមួយ  ដើម្បីធ្វើការជំរុញ និងលើកទឹកចិត្តឲ្យប្រជាជនកម្ពុជា កាន់តែច្រើន បានស្វែងយល់កាន់តែច្បាស់ អំពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងអាយុជីវិត នៅលើបណ្តាញអ៊ីនធឺណិត ជាពិសេសតាមរយៈគេហទំព័រថ្មីមួយ របស់ខ្លួនដែល ទើបតែបានបង្កើតឡើង គឺ www.thinklifeinsurancekh.com ដើម្បីបន្តលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជន ដែលអាចនៅមានចម្ងល់ អំពីសេវាធានារ៉ាប់រង អាយុជីវិត។

លោកស្រី ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកផ្សព្វផ្សាយ និងទំនាក់ទំនង នៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានលើកឡើងថា «ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានផ្តោតជាសំខាន់ទៅលើការអប់រំសាធារណៈជន អំពីសេវាធានារ៉ាប់រងអាយុជីវិត តាំងពីដំបូងមកម៉្លេះ ហើយកម្មវិធី «គិតដល់សេវាធានារ៉ាប់រងអាយុជីវិត» នេះ ជាជំហានបន្ទាប់ដ៏សមស្របសម្រាប់យើង ក្នុងកិច្ចការបន្តផ្តល់ព័ត៌មាន និងការពន្យល់ណែនាំដល់អតិថិជនអោយបានកាន់តែច្រើនឡើង ដែលចាប់អារម្មណ៍ ចំពោះសេវាធានារ៉ាប់រងអាយុជីវិតនេះ» ។

លោកស្រី បានបន្ថែមថា «ដើម្បីអបអរសាទរចំពោះការសម្ពោធកម្មវិធី «គិតដល់សេវាធានារ៉ាប់រងអាយុជីវិត» យើងមានរៀបចំសកម្មភាពជាច្រើន នៅរាជធានីភ្នំពេញ និងខេត្តចំនួនបួនគឺ សៀមរាប បាត់ដំបង ព្រះសីហនុ និងកំពង់ចាម ។ នេះគឺជាគំនិតផ្តួចផ្តើមមួយ ដើម្បីជំរុញការទទួលបានព័ត៌មានលើប្រព័ន្ធអ៊ីនធឺណិត ហើយយើងជឿជាក់ថា កម្មវិធីនេះ នឹងចូលរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាបានយ៉ាងច្រើន»

គេហទំព័រ www.thinklifeinsurancekh.com ជាផ្នែកដ៏សំខាន់នៃកម្មវិធីនេះ ត្រូវបានបង្កើតឡើង ជាមួយនឹងលក្ខណៈពិសេសជាច្រើន ដូចជា ទំព័រព័ត៌មានរបស់សេវាធានា រ៉ាប់រងអាយុជីវិត ទំព័រព័ត៌មានអំពីអត្ថប្រយោជន៍សេវាធានារ៉ាប់រងអាយុជីវិត និងទំព័រមតិអតិថិជនដែលបានប្រើប្រាស់សេវានេះ ជាដើម ។ បន្ថែមពីនេះ គេហទំព័រនេះ ក៏មានមុខងារកំសាន្តបែបអប់រំផងដែរ ដូចជា ទំព័រល្បងប្រាជ្ញា ដែលជួយផ្តល់ជាគំនិតនិងព័ត៌មានមួយចំនួន ថាតើលោកអ្នកបានត្រៀមខ្លួនហើយឬនៅ ក្នុងការការពារហិរញ្ញវត្ថុរបស់ខ្លួន និងក្រុមគ្រួសារនៅពេលអនាគត  ជាពិសេស នៅក្នុងគេហទំព័រនេះផងដែរ ក៏មាននូវកម្មវិធីសម្រាប់គណនាស្ថានភាពហិរញ្ញវត្ថុ និងទំព័រទស្សនៈអប់រំល្អៗ សម្រាប់ជាគំនិតគិតពិចារណាទៀតផង ហើយមុខងារទាំងនេះពិតជាមានតម្លៃ ព្រោះវាបានធ្វើឲ្យសាធារណៈជន ទទួលបានព័ត៌មាន ក្បោះក្បាយ អំពីសេវាធានារ៉ាប់រងអាយុជីវិត នៅលើប្រព័ន្ធអ៊ីនធឺណិត ជាភាសាខ្មែរ យ៉ាងឆាប់រហ័យ និងងាយស្រួលបំផុត ។

ដើម្បីចែករំលែកព័ត៌មានអំពីកម្មវិធីនេះ ឲ្យបានទូលំទូលាយទៅដល់សាធារណៈជន ក្រុមហ៊ុនបានរៀបចំផ្សព្វផ្សាយកម្មវិធីនេះ នៅផ្សារទំនើបអ៊ីអន ក្នុងរាជធានីភ្នំពេញ កាលពីចុងសប្តាហ៍ កន្លងទៅ ។ សាធារណៈជនអាចសាកល្បងប្រើកម្មវិធីមើលខ្សែបាតដៃ ដែលរំឮកពួកគាត់តាមសារណែនាំថា «អនាគតមិនអាចមើលដឹងជាមុនទេ»។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន  ចង់ផ្តល់ព័ត៌មានទៅដល់អ្នកចូលរួមកម្សាន្តទាំងអស់ ទោះបីអនាគតមានភាពមិនប្រាកដប្រជា តែពួកគាត់នៅតែមានជម្រើស ដែលអាចជួយការពារអនាគតហិរញ្ញវត្ថុ សម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់បាន តាមរយៈសេវាធានរ៉ាប់រងអាយុជីវិត ។

គួររម្លឹកថា ក្នុងឆ្នាំ២០១៦នេះ មូលនិធិព្រូដិនស៍ បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសម្ពោធកម្មវិធីគំនូរជីវចល «ឆា-ឈីង» ដើម្បីលើកកម្ពស់ ការយល់ដឹងមូលដ្ឋានអំពីការសន្សំប្រាក់ ហើយក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានបង្កើតលេខទូរស័ព្ទថូលហ្វ្រី ដែលសាធារណៈជនអាចហៅចូលបាន ដោយមិនអស់ថ្លៃអ្វីទាំងអស់៕