(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ បានជំរុញឲ្យរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក៏ដូចជាយុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅកាត់បន្ថយបទល្មើសគ្រប់ប្រភេទ។

ការថ្លែងរបស់ ឃិន ញ៉ាណ ក្នុងឱកាសអញ្ជើញជាតំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីតួនាទី ភារកិច្ច និងសិទ្ធរបស់ប្រជាការពារ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយមានការចូលរួម ពីមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តឧត្តរមានជ័យ លោក ឃិន ញ៉ាណ បានថ្លែងដោយក្តីសោមនស្សរីករាយ ដោយបានចូលរួមជាមួយលោក លោកស្រី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងសិទ្ធរបស់ប្រជាការពារ ហើយក៏សូមចូលរួមអបអរសាទរ ចំពោះសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដ៍មានសារៈសំខាន់ នាពេលនេះដោយជោគជ័យ។

លោកបានបញ្ជាក់ទៀតថា ដោយមានការយកចិត្តទុកដាក់ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូចជាស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយនេះឡើង ជូនដល់សិក្ខាកាមមកពីរដ្ឋបាលក្រុង ស្រុក អធិការដ្ឋាននគរបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។

វគ្គបណ្តុះបណ្តាលនេះ ផ្អែកលើខ្លឹមសារមេរៀនសំខាន់ៗមួយចំនួនដូចជា៖ តួនាទី ភារកិច្ច និងសិទ្ធរបស់កម្លាំងប្រជាការពារ ការរៀបចំកសាងកម្លាំងប្រជាការពារ ការរៀបចំសកម្មភាពរបស់ប្រជាការពារ លំហាត់របៀបវិន័យកងជួរ និងនិតិវិធីនៃការវាយតម្លៃផ្តល់ពិន្ទុសម្រាប់ចលនាប្រជាការពារ ដែលសុទ្ធតែជាខ្លឹមសារមេរៀនទ្រឹស្ដី និងការអនុវត្តដ៏មានសារៈសំខាន់បំផុត សំដៅដល់ការអន្តរាគមន៍ ការធានាការពារបានសុខសុវត្ថិភាពក្នុងមូលដ្ឋាន ពិសេសគឺដើម្បីអនុវត្តគោលនយោបាយ និងចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព។

លោក ឃិន ញ៉ាណ ក៏បានថ្លែងណែនាំនូវចំណុចសំខាន់ៗចំនួន៣សម្រាប់ជាមូលដ្ឋានគ្រឹះយកទៅអនុវត្តរួមមាន៖

*រួមសាមគ្គីគ្នាដើម្បីការពារ «សន្តិភាព» ទោះបីជាត្រូវលះបង់ដោយតម្លៃណាក៍ដោយ ព្រោះថាយើងបានឆ្លងកាត់ការលំបាក និងពុះពាឧបសគ្គច្រើនណាស់ ទំរាំតែទទួលបានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដូចសព្វថ្ងៃ

*លើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការធានាគ្រប់គ្រងសភាពការណ៍ ដោយផ្តោតលើ៖ការរក្សាសណ្តាប់ធ្នាប់សាធារណៈ បង្ការ ទប់ស្កាត់ និងដោះស្រាយទំនាស់នានានៅមូលដ្ឋាន ដោយមិនទុកឲ្យរីករាលដាល និងរ៉ាំរ៉ៃ

*ពង្រឹងខឿនសន្តិសុខជាតិ ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ទប់ស្កាត់ និងបញ្ជៀសឲ្យបាននូវអំពើភាវរកម្ម វិច្ឆេទកម្ម និងបង្ការទប់ស្កាត់ បង្រ្កាបឲ្យបានទាន់ពេលវេលា នូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ៕