(សៀមរាប)៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផតស៊ិនវេសម៉ិន (ខេមបូឌា) ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

ពិសេសលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ ទាំងក្នុងវិស័យសាធារណៈ និងឯកជន សំដៅធានានូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុងការប្រកបធុរកិច្ច និងការផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរ ក្នុងគោលដៅលើកស្ទួយបរិយាកាសវិនិយោគ អំណោយផលដល់ការប្រកួតប្រជែងដោយស្មើភាព និងការរីកចម្រើនប្រកបដោយចីរភាពនៅកម្ពុជា។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ចុះហត្ថលេខាដោយ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក LU WEI ប្រធាន ក្រុមហ៊ុនអង្គរ អិនធើណេសិនណល អ៊ែរផតស៊ិនវេសម៉ិន (ខេមបូឌា) ព្រមទាំងមានការចូលរួមពីគណៈប្រតិភូគណៈអធិការកិច្ចវិន័យបក្សកុម្មុយនិស្តចិន និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន និងមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្តសៀមរាបចូលរួមផងដែរ។

ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានលើកឡើងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Angkor International Airport Investment (Cambodia) និងអង្គភាពប្រឆាំងអំពើពុករលួយនាពេលនេះ។ ការព្រមព្រៀងគ្នាជាឯកច្ឆន្ទ រវាង អ.ប.ព. និងក្រុមហ៊ុន Angkor International Airport Investment (Cambodia) លើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាកាយវិការមួយបង្ហាញជាសាធារណៈនូវឆន្ទៈ ប្តូរផ្តាច់ ក្នុងស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយយ៉ាងសកម្មក្នុងវិស័យឯកជនក្រោមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានបន្តថា ការចុះហត្ថលេខាលើអនុស្សរណៈ MOU នាថ្ងៃនេះ ជាអនុស្សរណៈនៃការយោគយល់គ្នា MOU ទី១០៦របស់អង្គភាពប្រឆាំងអំពើពុករលួយ ជាមួយវិស័យឯកជនដែលមានគោលបំណងរួមគ្នាទប់ស្កាត់អំពើពុករលួយ និងមានវិសាលភាពគ្របដណ្តប់លើក្រុមហ៊ុនជាង១០០០ ដែលជាសមាជិកមកពីសភាពាណិជ្ជកម្ម គ្រឹះស្ថានឯកជន គ្រឹះស្ថានសាធារណៈជាតិ និងបរទេស។

ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា MOU មួយច្បាប់ ជាលិខិតូបករណ៍ដែលផ្តល់នូវ ជំនឿទុកចិត្តក្នុងកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយ MOU ជាង ១០០ កន្លងមកនេះ កំពុងអនុវត្តដោយមានភាពជឿជាក់ ធានាបាននូវសុចរិតភាព ស្អាតស្អំ និងកាន់តែកើន ចំនួនច្រើនឡើងជាលំដាប់ ដើម្បីការពារវិស័យឯកជនក្នុងការប្រកបធុរៈកិច្ចនៅកម្ពុជាឲ្យបានប្រកបដោយសមធម៌/យុត្តិធម៌ ស្របតាមនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការ ធ្វើកំណែទម្រង់ប្រកប ដោយប្រសិទ្ធភាព ដែលក្នុងនោះស្នូលនៃយុទ្ធសាស្ត្រ គឺការកែទម្រង់ និងការពង្រឹង អភិបាលកិច្ច។

ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានបន្តទៀតថា យោងតាមស្មារតីនៃ អនុវេទិកាផ្លូវសូត្រសស្អាត ក្រោមប្រធានបទ ការពង្រឹងកិច្ចសហ ប្រតិបត្តិការប្រឆាំងអំពើពុករលួយអន្តរជាតិ និងការកសាងផ្លូវសូត្រសស្អាត នៃវេទិកាផ្លូវមួយខ្សែក្រវាត់មួយ លើកទី៣ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៣ កន្លង ទៅនេះ បានគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការជោកម្រិតខ្ពស់១៨ចំណុច នៃការកសាងផ្លូវសូត្រសស្អាត ដែលផ្តោតលើការកសាងសុចរិតភាពសម្រាប់ការអភិវឌ្ឍរួមគ្នា ការកសាងភាពជាដៃគូសម្រាប់សុចរិតភាព ពិសេសគឺការកសាងបរិយាកាសធុរៈកិច្ចប្រកបដោយសុចរិតភាព។

អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រួលលើយុទ្ធសាស្រ្តការអប់រំ និងបង្ការទប់ស្កាត់ ដោយបានរៀបចំវគ្គ ផ្សព្វផ្សាយជាពិសេសដល់អ្នកវិនិយោគបរទេស រួមទាំងអ្នកវិនិយោគចិនផងដែរ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងបានបង្កើតនូវអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីចងបាច់វិ ស័យឯកជនក្នុងបុព្វហេតុរួម។ ក្រៅពីនេះ អ.ប.ព.ក៏បានដាក់ចេញនូវវិធានការសមស្របនានាតាមរយៈយន្តការ ការពារផ្នែកច្បាប់ និងទប់ស្កាត់ការទារកម្រៃ សេវាខុសច្បាប់ ដើម្បីផ្តល់ជាប្រយោជន៍ជូនភាគីដែលបានចុះ MoU ជាមួយ អ.ប.ព.។

ទេសរដ្ឋមន្ត្រី ឱម យិនទៀង ក៏សូមសម្តែងនូវការកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia) ជាពិសេសលោក Lu Wei ដែលមានស្មារតី និងឆន្ទៈប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ស្ម័គ្រចិត្ត ទុកចិត្តមក អ.ប.ព ហើយសង្ឃឹមយ៉ាងមុតមាំថា តាមរយៈនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Angkor International Airport Investment (Cambodia) និង អ.ប.ព.នាថ្ងៃនេះ នឹងរួមចំណែកជំរុញកម្ពុជាអោយក្លាយទៅជាគោលដៅទាក់ទាញវិនិយោគដ៏មានសក្តានុពលថែមមួយកម្រិតទៀត៕