(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ និងជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា មានវគ្គបណ្តុះបណ្តាលមូលដ្ឋាន សំខាន់ៗ៥ចំណុចរួមមាន៖ ១-ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា ២-គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ ៣-សុវត្ថិភាពចរាចរណ៍ផ្លូវគោក ៤-តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ៥-វិជ្ជាសង្គ្រោះបឋម។

ការបញ្ជាក់របស់លោក ជិន ប៊ុនធឿន ធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន របស់កាកបាទក្រហមកម្ពុជា ដែលបានដំណើរការអស់រយៈពេល១ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាចំនួន១៥០នាក់ (ស្រី៨៩នាក់) នៅវិទ្យាល័យប្ញស្សីកែវ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន នាឱកាសបើកវគ្គបណ្ដុះបណ្ដាលនេះ បានពាំនាំនូវប្រសាសន៍របស់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា ក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់ ព្រមទាំងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ។

លោក ជិន ប៊ុនធឿន បានបន្តថា ការបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាននេះគឺ ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមពេញលក្ខណៈ ជាពិសេសបណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌ដល់ក្មួយៗយុវជនទាំងអស់ដែលជាទំពាំងស្នងប្ញស្សី និងជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។

មុននឹងប្រកាសបិទវគ្គ លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សង្ឃឹមនិងជឿជាក់ថា ក្មួយៗយុវជនទាំងអស់ នឹងយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនផ្តល់សេវាកម្មមនុស្សធម៌ សំដៅជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ៕