Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីសុខាភិបាល ជំរុញលើកទឹកចិត្តដល់អង្គការស្នាមញញឹមកម្ពុជា បន្តជួយវះកាត់ជូនអ្នកជំងឺមានបញ្ហាមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ

14-06-2024 21:34

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងជំរុញដល់អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) បន្តជួយវះកាត់ជូនអ្នកជំងឺមានបញ្ហាមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។

ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ចាន់ កុក ចយ អនុប្រធាន និងនាយកប្រតិបត្តិអង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) និងគណៈប្រតិភូ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរដល់អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) ចំពោះការលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត ពិសេសធនធានថវិកា ក្នុងការចូលរួមផ្តល់សេវាវះកាត់ជូនដល់អ្នកជំងឺដែលមានបញ្ហាមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ និងទម្រង់មុខខុសធម្មតា។

លើសពីនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការពេញចិត្ត អំពីពីអត្ថប្រយោជន៍នៃការផ្តល់លទ្ធភាពទទួលបានការថែទាំវះកាត់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានមាត់ឆែប ក្រអូមមាត់ និងពិការភាពមុខមាត់ផ្សេងៗ និងបានសម្តែងការគាំទ្រអស់ពីចិត្តចំពោះបេសកកម្មរបស់អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia)។

ជាចុងក្រោយ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនដល់គណៈប្រតិភូ និងសូមស្វាគមន៍ចំពោះកិច្ចសហការបន្ថែមលើភាពជាដៃគូសម្រាប់កម្មវិធីនាពេលអនាគត និងភាពជាដៃគូដើម្បីបន្តពង្រីកលទ្ធភាពបន្ថែមរបស់អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) ដើម្បីចូលរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕