(ភ្នំពេញ)៖ ធនាគារ ABA នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីបំភ្លឺ ជុំវិញព័ត៌មានក្លែងក្លាយ នៅលើបណ្ដាញសង្គម ដែលប្រឌិតមួលបង្កាច់ ដោយលើឡើងថា «ធនាគារ ABA ក្ស័យធន»។

ធនាគារ ABA បានចាត់ទុកការបង្ហោះសារនៅលើបណ្ដាញសង្គមដោយប្រឌិតព័ត៌នេះ ជាសារទុច្ចរិត ជាព័ត៌មានក្លែងក្លាយ បំភ្លៃការពិត និងជាការបរិហារកេរ្តិ៍ទាំងស្រុង ដែលរៀបចំឡើងដើម្បីញុះញង់ និងបំភាន់សាធារណជន។

ជាមួយគ្នានេះ ធនាគារនេះ សូមស្នើយ៉ាងទទូច ឲ្យសាធារណជនគ្រប់រូប មេត្តាចៀសវាងនូវសកម្មភាពពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយទាំងនេះ។

តាមរយៈសេចក្ដីបំភ្លឺនេះ ABA សង្កត់ធ្ងន់ថា «ក្រោយពីទទួលបានដំណឹងភ្លាម ធនាគារយើងខ្ញុំបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងភ្នាក់ងារអនុវត្តច្បាប់ ដើម្បីចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ ចំពោះបុគ្គលដែលបានប្រឌិតចែកចាយព័ត៌មានក្លែងក្លាយនេះ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះធនាគារ ABA»។

ABA បញ្ជាក់ទៀតថា យើងខ្ញុំសូមជម្រាបថា ធនាគារ ABA នៅតែជាធនាគារពាណិជ្ជឈានមុខរបស់កម្ពុជា ដែលមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ សមិទ្ធផលកំណើនដ៏ល្អប្រសើរ និងមានភាគទុនិករឹងមាំ ជាទីទុកចិត្តបំផុត។ សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការរបស់ធនាគារយើងខ្ញុំ កំពុងដំណើរការជាធម្មតា និងរលូន ហើយយើងខ្ញុំនៅតែប្ដេជ្ញាយ៉ាងមោះមុតបំផុតក្នុងការបម្រើរាល់តម្រូវការសេវាធនាគារជូនដល់អតិថិជនគ្រប់រូប»។

សេចក្ដីបំភ្លឺបន្ថែមថា ដើម្បីទទួលបានព័ត៌មានពិត ត្រឹមត្រូវ និងថ្មីៗអំពីធនាគារ ABA លោក អ្នកចូលទៅកាន់បណ្ដាញទំនាក់ទំនងផ្លូវការរបស់ធនាគារ ឬទាក់ទងមកផ្នែកបម្រើអតិថិជនរបស់យើង តាមលេខ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ ក្នុងប្រទេសកម្ពុជា)។

សូមជម្រាបថា ធនាគារ ABA បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដែលមានរយៈពេល២៨ ឆ្នាំ ក្នុងវិស័យធនាគារនៅកម្ពុជា ដោយបានពង្រឹងខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ ដើម្បីបម្រើសេវាជូនដល់បណ្ដាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម, អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល។

នៅឆ្នាំ២០២៣ ធនាគារដែលមានមូលដ្ឋាន មកពីប្រទេសកាណាដាមួយនេះ មានប្រាក់ចំណេញសុទ្ធ (បង់ពន្ធរួច)ជាង ២៧៦ លានដុល្លារអាមេរិក កើនឡើង៥.៤ភាគរយ បើធៀបនឹងឆ្នាំ២០២២ ប្រាក់ចំណេញសុទ្ធមានតែជាង ២៦២លានដុល្លារអាមេរិក។

នៅឆ្នាំ២០២៣ ធនាគារនេះបានបង់ពន្ធជូនរដ្ឋប្រមាណ ៧០លានដុល្លារអាមេរិក។

ធនាគារនេះ ជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលមានទ្រព្យសកម្មជាង ៣១៤.៤ ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ និងមានបណ្តាញធនាគារដ៏ធំនៅទូទាំងពិភពលោក៕