(ភ្នំពេញ)៖ ដោយសង្កេត​ឃើញពីសកម្មភាព ខិតខំសិក្សារៀនសូត្រ និងគោរពវិន័យសង្ឃយ៉ាងខ្ចាប់ខ្ជួន ព្រះតេជគុណ នី សុវណ្ណ​មុនីរ៉េត បានសម្រេចផ្តល់អាហារូបករណ៍ ដល់ព្រះសង្ឃពីរអង្គ ដែលទើបនឹងប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល៤ឆ្នាំ ដើម្បីជាការលើកទឹកចិត្ត ឲ្យព្រះសង្ឃបន្តខិតខំសិក្សា ​ក្រេបយកចំណេះដឹង បន្ថែមទៀត។ 

ការប្រកាស​នេះ ត្រូវបានធ្វើឡើងមិនបានប៉ុន្មានថ្ងៃផង ក្រោយពីព្រះតេជគុណ ប្រកាសផ្តល់កុំព្យូទ័រ១៥គ្រឿង ដល់សិស្សដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេ ដល់សិស្សប្រឡងបាក់ឌុប នៅខេត្តស្វាយរៀងផងដែរ។

ព្រះអង្គ នី សុវណ្ណមុនីរ៉េត គង់នៅកុដិលេខ២៤ នៃវត្តនាគវ័ន រាជធានីភ្នំពេញ បានមានសង្ឃដីការឲ្យដឹង​ថា បន្ថែមពីការប្រគេនកុំព្យូទ័រ ចំនួន១៥គ្រឿង ដល់សិស្សជាប់បាក់ឌុបមានពិន្ទុ ខ្ពស់ជាងគេ ចំនួន១៥នាក់ នៅខេត្តស្វាយរៀង ព្រះអង្គសម្រេចព្រះទ័យ ប្រគល់ជូននូវអាហាររូបករណ៍៤ឆ្នាំ ដល់សាមណេរពីរអង្គ គ្រាដែលសាមណេរទាំង២ គឺព្រះតេជគុណព្រះនាម ស្រ៊ន់ ចន្ថា និងព្រះនាម តុល សុខមាន ដែលព្រះអង្គទាំងពីរអង្គធ្លាប់ ស្នាក់នៅវត្តនាគវ័ន ហើយតែងតែខិតខំព្យាយាមរៀនសូត្រ ជាប្រចាំ។

ព្រះតេជ​គុណ មានសង្ឃដីការបន្តថា «អាត្មាភាពពិតជាពេញចិត្ត ផ្តល់និងប្រគេនជូន នូវអាហាររូបករណ៍៤ឆ្នាំ ជូនសាមណេរទាំងពីរ តាមបំណងចង់បាន យោងលើភាពខ្វះខាត និងសំឡឹងឃើញ ពីកិច្ចខិតខំតស៊ូ សិក្សារៀនសូត្រ និងគោរពវិន័យបានខ្ជាប់ខ្ជួន»។ ព្រះអង្គបន្ថែមទាំងទឹកមុខរីករាយទៀតថា ក្នុងចំណោម សាមណេរទាំងពីរអង្គ មានមួយអង្គត្រូវបានចូលសិក្សា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែករចនាប្លង់ និងមួយអង្គទៀត សិក្សាផ្នែកភាសាជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។

ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ប​ន្តរំឭកពីអតីតកាលថា គ្រាកុមារព្រអង្គមានបំណង ចង់សិក្សារៀនស្រូត ឲ្យបានជ្រៅជ្រះ ប៉ុន្តែដោយជីវភាពក្រុមគ្រួសារ ខ្វះខាត ទើបព្រះតេជគុណ មិនមានឱកាសច្រើន។ ​ប្រទេសជាតិ រីកចម្រើន គឺត្រូវការធនធានមនុស្ស ដែលមានចំណេះដឹង ក្រុមគ្រួសារក៏មានសេចក្តីសុខ សុភមង្គលគឺមានមនុស្សប្រកបដោយ ចំណេះដឹង សីលធម៌ គុណធម៌ នៅក្នុងខ្លួន ហើយក៏អាចជួយខ្លួនឯង បានសេចក្តីសុខ ដោយមិនបង្កផលប៉ះពាល់ដល់ សង្គមផងដែរ។ ព្រះតេជគុណរំពឹងថា សង្ឃទាំងពីរអង្គ និងធនធានមនុស្ស ដែលកកើតថ្មីជាបន្តបន្ទាប់ នឹងបានរួមចំណែកដ៏សំខាន់ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ បន្ថែមពីការប្រគល់​ជូន អាហាររូបករណ៍ ព្រះតេជគុណ ក៏ប្រគេនជូននូវកុំព្យូទ័រ មួយអង្គមួយគ្រឿង ដើម្បីជាជំនួយសម្រាប់ទុកជា ឯកសារពេលសិក្សាជាផ្លូវការ ខាងមុខនេះផងដែរ។

ព្រះ​អង្គ ស្រ៊ន់ចន្ថា ដែលចាប់យកជំនាញសិក្សា ភាសាជប៉ុន មានសង្ឃដីការថា ព្រះអង្គគឺជាអ្នកស្រុកកំពង់ចាម ហើយបានមកស្នាក់នៅ វត្តនាគវ័ននេះជាង១ឆ្នាំ ដើម្បីរៀន និងប្រឡងយកសញ្ញាប័ត្របាក់ឌុប។ ពីមុនគិតថា ជាសិស្សស្វ័យរិន ពិបាកប្រឡង ក៏ជម្រុញខ្លួនឯង រៀនឲ្យច្រើនរហូតជាប់ជាស្ថាពរ។

ក្រោយពេលជាប់បាក់ឌុប ក្តីកង្វល់បានកើតឡើង ព្រោះមិនមានធនធាន ទ្រព្យអ្វីរៀនសូត្របន្តឡើយ ព្រោះគ្រួសារក្រីក្រ។ ពេលនេះក្នុងចិត្តរីករាយបំផុត និងចាត់ទុកថា ជាគុណមួយធំធេង ដែលព្រះគ្រូ នី សុវណ្ណ មុនីរ៉េត មានទឹកព្រះទ័យជួយគិតគូ ដោយសន្យាថា នឹងតស៊ូរៀនសូត្រ ឲ្យល្អដើម្បីជួយអភិវឌ្ឍន៍សង្គម និងឆ្លើយតបទឹកព្រះទ័យរបស់ព្រះអង្គ៕​