(អាល្លឺម៉ង់)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោកស្រី Christiane Riefler Karpa នាយកគ្រប់គ្រង នៃក្រុមហ៊ុន Memmert។

គណៈប្រតិភូកម្ពុជាបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមហ៊ុន Memmert ក្រោមការសម្របសម្រួលពីលោកស្រី Christiane Riefler Karpa ដោយក្នុងជំនួបនោះក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីសកម្មភាពវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជូនដល់គណៈប្រតិភូកម្ពុជាផងដែរ។

ក្រោយជំនួបពិភាក្សាការងារ គណៈប្រតិភូកម្ពុជាបានចុះពិនិត្យរោងចក្រ និងទស្សនាសាលផលិតកម្មរបស់ក្រុមហ៊ុន ដោយនៅក្នុងនោះលោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ ចំពោះបច្ចេកវិទ្យាដែលក្រុមហ៊ុនប្រើប្រាស់ក្នុងប្រតិបត្តិការរបស់ខ្លួនដែលពុំបង្កផលប៉ះពាល់ដល់បរិស្ថានឡើយ។

ក្រុមហ៊ុន Memmert ជាក្រុមហ៊ុនឈានមុខមួយក្នុងការអភិវឌ្ឍន៍ និងផលិតឧបករណ៍មន្ទីរពិសោធន៍ដែលមានគុណភាពខ្ពស់ជាមួយបទពិសោធន៍ជាង៩០ឆ្នាំ ជាមួយផលិតផលជាច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារដោយជោគជ័យនៅជាង ១៦០ប្រទេសជុំវិញពិភពលោក៕