(ត្បូងឃ្មុំ)៖ លោក វ៉ាន់ វីរៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានប្តេជ្ញាបន្តសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយ បន្តកិច្ចការងារពីអតីតប្រធានមន្ទីរព័ត៌មាន ដែលបានទទួលមរណៈភាព កាលពីពេលកន្លងទៅថ្មីៗនេះ។

ជាពិសេសបន្តប្រមូលក្តាប់ព័ត៌មាន ត្រៀមវាយបករាល់ព័ត៌មានក្លែងក្លាយ ពិសេសព័ត៌មានបំផ្លើសបំភ្លៃពីសំណាក់ក្រុមប្រឆាំង ដើម្បីបង្ក្រាប បន្សាប និងវាយបកឲ្យបានទាន់ពេលវេលា កុំឲ្យមហាជនមានការភាន់ច្រលំ។

លោក វ៉ាន់ វីរៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ថ្លែងលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាស១ និងលើកទិសដៅ ខែកក្កដា ឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកខេត្តត្បូងឃ្មុំ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរ។

ជាមួយគ្នានោះ លោក វ៉ាន់ វីរៈ បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនចំពោះមុខ ពាក់ព័ន្ធនឹងការខ្វះខាតធនធានមនុស្ស (មន្ត្រីក្របខណ្ឌ) និងសម្ភារៈបរិក្ខារបច្ចេកទេសមួយចំនួនផងដែរ។

លោកប្រធានមន្ទីរស្តីទី ប្តេជ្ញាបន្តបង្កើនការផលិត និងផ្សព្វផ្សាយព័ត៌មានសកម្មភាពថ្នាក់ដឹកនាំខេត្ត និងថ្នាក់ជាតិ ពិសេសកន្លែងកំសាន្ត រមណីយដ្ឋាន និងការអភិវឌ្ឍន៍នានា របស់ខេត្តត្បូងឃ្មុំ ពិសេសក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឲ្យកាន់ផុសផុលបន្ថែមទៀត ជូនដល់ស្រទាប់មហាជន ស្របតាមទិសស្លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។

ជាមួយគ្នានេះ លោក ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដែលកន្លងមកបានបំពេញកិច្ចការងារយ៉ាងសកម្ម ជាពិសេសការផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន ដែលមន្ទីរព័ត៌មានខេត្ត បានផលិតជាវីដេអូ សម្ភាសន៍ប្រជាពលរដ្ឋ ទាក់ទងនិងបញ្ហាគ្រឿងញៀន ហើយទទួលបានការសាទរយ៉ាងខ្លាំងពីថ្នាក់ដឹកនាំខេត្ត ព្រមទាំងក្រសួងព័ត៌មានផងដែរ។

លោកក៏បានធ្វើការសំណូមពរឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសធ្វើការផ្សព្វផ្សាយនៅព័ត៌មាន ដែលប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ ដែលកន្លងមកមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សព្វផ្សាយនៅព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសខេត្ត និងក្រសួងស្ថាប័ន៕