(អាល្លឺម៉ង់)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោក Eike Scholl នាយកប្រតិបត្តិផ្នែកទំនាក់ទំនងអន្តរជាតិ និងការគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុន NürnbergMesse របស់ប្រទេសអាល្លឺម៉ង។

ក្នុងជំនួបជាមួយក្រុមហ៊ុន លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា ពិសេសចំពោះកិច្ចការងារវិនិយោគដែលបាននិងកំពុងបើកឱកាសយ៉ាងទូលំទូលាយដល់វិនិយោគិនពីគ្រប់បណ្ដាប្រទេសទាំងអស់ ជាក់ស្ដែងដូចក្នុងបេសកកម្មនេះគឺជាការធ្វើពិពិធកម្មវិនិយោគដោយគោះទ្វារវិនិយោគិនក្នុងតំបន់អឺរ៉ុប រួមមានប្រទេសអាល្លឺម៉ង់ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តជម្រាបជូនអំពីទិដ្ឋភាពបរិយាកាសវិនិយោគដែលកម្ពុជានឹងផ្ដល់ជូនក្រុមហ៊ុន នូវការសម្របសម្រួលនានាតាមរយៈច្រកចេញចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្របនឹងសក្តានុពលយ៉ាងល្អរបស់កម្ពុជារួមមានធនធានមនុស្ស ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងច្បាប់វិនិយោគដែលមានការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនផងដែរ។

ក្នុងកិច្ចពិភាក្សានេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសដើម្បីអញ្ជើញក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពដាក់ទុនវិនិយោគលើវិស័យរបស់ខ្លួនបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាផងដែរ។ សូមជម្រាបជូនថា ក្រុមហ៊ុន NürnbergMesse គឺជាក្រុមហ៊ុនដែលមានប្រតិបត្តិការវិនិយោគលើការរៀបចំការតាំងពិព័រណ៍អន្តរជាតិនានា សន្និសីទ និងព្រឹត្តិការណ៍ផ្សេងទៀត ដ៏ធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនចំនួន១៥ នៅលើពិភពលោក។

ក្រុមហ៊ុន NürnbergMesse រៀបចំពិព័រណ៍ពាណិជ្ជកម្ម នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ Nuremberg និងនៅទូទាំងពិភពលោកក្នុងវិស័យជាច្រើនរួមមាន អគារនិងសំណង់ អេឡិចត្រូនិកនិងសន្តិសុខ បច្ចេកវិទ្យា ការលក់រាយនិងទំនិញប្រើប្រាស់ ព្រមទាំងសេវាសង្គមនិងសាធារណៈជាដើម៕