(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៦២ឆ្នាំ ដែល​តុលាការ​យុត្តិធម៌​អន្ដរជាតិ​ ទីក្រុង​ឡាអេ បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​ក្ដី​លើ​ភាគី​ថៃ ក្នុង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានយកឱកាសនេះ លាតត្រដាងអំពីរឿងរ៉ាវប្រាសាទព្រះវិហារ និងមហិច្ឆតារបស់ថៃ ចំពោះប្រាសាទនេះកន្លងមក។

ខាងក្រោមនេះជាទស្សនៈរបស់ លោកបណ្ឌិត យង់ ពៅ៖
នៅគ្រប់រដ្ឋាភិបាលថៃ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ ដឹកនាំដោយនាយករដ្ឋមន្ត្រីចំនួន៥រូប រួមមាន ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ឧត្តមសេនីយ៍ ស៊ូរ៉ាយុត ជូឡាណុន (General Surayud Chulanont) សាម៉ាក់ ស៊ុនដារ៉ាវេច (Samak Sundaravej) ស៊ុំចៃ វង់សុវ៉ាត់ (Somchai Wongsawat) អាភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) ដែលបានដឹកនាំប្រទេសថៃ ស្ថិតនៅក្នុងភាពវឹកវរនៃជម្លោះនយោបាយផ្ទៃក្នុង។

អ្នកវិភាគអាចកត់សម្គាល់ឃើញថា នៅពេលមានការផ្លាស់ប្តូរប្រមុខដឹកនាំ ឬ រដ្ឋមន្ត្រី ក្នុងពេលនោះ ក៏ផ្លាស់ប្តូរមន្ត្រីនយោបាយថ្នាក់បច្ចេកទេស ហើយបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែមានភាពស្មុគ្រស្មាញ។ ជាងនេះទៅទៀតការបកស្រាយធម្មនុញ្ញថៃ ក៏បានជំរុញឱ្យទំនាក់ទំនងការទូតកាន់តែតានតឹងឡើងរវាងកម្ពុជា និង ថៃ។ ជម្រើសសមីការគន្លឹះ ដ៏សមស្របរបស់កម្ពុជា បាននាំយកបុគ្គល ថាក់ស៊ីន ស៊ីណាវ៉ាត់ ចូលក្នុងឆាកនៃទីលានវិវាទ ដើម្បីឆ្លើយតបភាពមិនប្រាកដប្រជានៃការកេងចំណេញនយោបាយរបស់ប្រទេសថៃ។

គួរបញ្ជាក់ថាឡើងវិញថា ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាបុគ្គលគន្លឹះនៃវិបត្តិនយោបាយបច្ចុប្បន្ន ដែលមានប្រជាប្រិយភាពប្រគួតប្រជែងនឹងមហាក្សត្រថៃ ដូចមានលើកឡើងចំណុចបន្តបន្ទាប់ខាងលើ។

ការចូលកាន់កាប់ប្រាសាទព្រះវិហារជាថ្មី ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ បានបង្ហាញពីភាពមិនអស់ចិត្តពីអ្នកជាតិនិយមជ្រុល បូករួមនឹងវិបត្តិនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ ដែលមិនបានបង្ហាញពីការឯកភាពគ្នាលើការដោះស្រាយជាមួយប្រទេសកម្ពុជា។ ក្នុងករណីនេះ លោក សាម៉ាក់ ស៊ុន ដារ៉ាវេត អតីតនាយករដ្ឋមន្ត្រីថៃ បានថ្លែងក្នុងកិច្ចប្រជុំសួរដេញដោលក្នុងសភាថៃកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨ ថា «ទង់ជាតិរបស់ប្រទេសកម្ពុជាបានដាក់លើប្រាសាទព្រះវិហារជាង៤៦ឆ្នាំមកហើយ គ្មានអ្នកនយោបាយថៃណាម្នាក់ទៅតវ៉ាយកចេញ»

រីឯលោក ណុបប៉ាដុន ប៉ាតាមា កាលពីនៅធ្វើជារដ្ឋមន្ត្រីការបរទេសថៃ បានឆ្លើយតបនឹងការសួរដេញដោលរយៈពេលជាង៧ម៉ោង ក្នុងសភាថៃនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៨ថា «ខ្ញុំសូមជម្រាបថា មានថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២នេះ ជាថ្ងៃនាំមកនូវភាពសោកសៅដល់ប្រជារាស្ត្រថៃទាំងពួង។ ខ្ញុំអាយុទើបបាន១ខួបប្រហែលជាមិនសូវបានដឹងរឿងថា ប្រជាជនថៃបាត់បង់អ្វីទៅខ្លះទេ។ ថ្ងៃនោះតុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីឱ្យអាណាខេត្ត ដែលតួប្រាសាទតាំងនៅនោះជារបស់ប្រទេសកម្ពុជា ឬ មានការយល់ឃើញថា ប្រាសាទព្រះវិហារតាំងនៅក្នុងរង្វង់អធិបតេយ្យភាពរបស់កម្ពុជា។ យើងមិនត្រូវធ្វើការអត្ថាធិប្បាយទៀតទេថា យើងចាញ់ព្រោះហេតុអ្វី ព្រោះរឿងក្ដីនេះ ជាបទដ្ឋាននៃច្បាប់អន្តរជាតិក្នុងរឿង Estoppels Law (ឬ គោលការណ៍ អ៊ីស្តូប៉ែល)» ។ ការថ្លែងបែបនេះ ដោយសំដៅដល់លិខិតមួយច្បាប់របស់លោកវរសេនីឯកយ៍ ថៈណាត់ ខម៉ាន់ ដែលជារដ្ឋមន្ត្រីការបរទេសថៃ នាពេលនោះ បានផ្ញើជូន លោក អ៊ូ ថាន់ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ថា «ភាគីថៃសូមរក្សាសិទ្ធិដែលមាននៅពេលបច្ចុប្បន្ន ឬ នៅពេលអនាគតដែលនឹងទាមទារប្រាសាទព្រះវិហារត្រលប់មកវិញ»។ លោក ណុបប៉ាដុន ប៉ាតាមា បានលើកឡើងទៀតថា «ការកាត់ក្ដីរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលអាចសើរើដល់ទីបំផុតក្នុងរយៈពេល១០ឆ្នាំ ដូច្នេះ៤៥ឆ្នាំកន្លងនេះវាហួសអស់ទៅហើយ»។

ផ្ទុយពីការលើកឡើងរបស់អ្នកទាំងពីរនេះ ក្រុមអ្នកជាតិនិយមជ្រុលថៃ រួមមាន ក្រុមយោធា បណ្ដាញរាជវាំង និង ចលនា PAD នៅតែគិតថា ព្រះវិហារនៅក្នុងទឹកដីថៃដដែល។

១៖ ប្រវត្តិនៃការចូលកាន់កាប់ប្រាសាទព្រះវិហារពីសំណាក់ប្រទេសថៃ
ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ កងទ័ពថៃបានរំលោភឈ្លានពានកាន់កាប់លើបូរណភាពទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារនឹងបង្កើតឱ្យមានស្ថានការណ៍តានតឹងរហូតមកដល់ផ្ទុះសង្គ្រាមក្នុងទ្រង់ទ្រាយធំក្នុងចន្លោះឆ្នាំ២០០៨ និង ឆ្នាំ២០១១។ ទង្វើប្រទូសរ៉ាយនេះ បានបង្ហាញឱ្យឃើញពីមហិច្ឆតាឈ្លានពានរបស់មជ្ឈដ្ឋាននយោបាយ និង យោធាថៃដូចដែលធ្លាប់បានអនុវត្តពីអតីតកាល។ ក្នុងករណីនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវជំហរការពារទឹកដីកម្ពុជា ដែលតែងតែលើកឡើងថា «មិនឱ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រណាឡើយ»។ រដ្ឋាភិបាលថៃបានប្រកាសដោយគ្មានមូលដ្ឋានត្រឹមត្រូវថា ការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាមូលហេតុដែលនាំឱ្យមានការប៉ះទង្គិចដោយអាវុធនៅក្នុង និង ជុំវិញប្រាសាទព្រះវិហារក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប៉ុន្តែអ្វីដែលជាការពិតនោះ គឺសកម្មភាពបង្កហេតុខាងយោធាជាឯកតោភាគីរបសថៃនោះតែម្តង ដែលបង្កឱ្យមានការប៉ះទង្គិចគ្នាដោយអាវុធនិងភាពតានតឹងរហូតមកដល់ពេលនេះ។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និង វិចិត្រសិល្បៈជាសេនាធិការបានរៀបចំឯកសារតាំងពីឆ្នាំ២០០១មកម្ល៉េះ ដើម្បីដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ ប៉ុន្ដែ ដោយមានកំហុសឯកសារទើបយឺតយ៉ាវ ព្រោះយកឯកសារចាស់មកកែធ្វើជាថ្មី ហើយត្រូវសរសេរឡើងវិញ។ ឯកសារនេះ ត្រូវរៀបចំឱ្យចប់មុនឆ្នាំ២០០៦ ហើយនៅខែមករា ឆ្នាំ២០០៦ ត្រូវយកមកពិនិត្យមើលឡើងវិញ ប្រសិនបើមិនខុសឆ្គងទេមួយឆ្នាំក្រោយមក (ឆ្នាំ២០០៧) ត្រូវប្រកាសបញ្ចូលជាផ្លូវការទៅជាបេតិកភណ្ឌពិភពលោក។

- ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៧ ៖ រាជរដ្ឋាភិបាលកម្ពុជាបានស្វែងរកការគាំទ្រពីបណ្ដាប្រទេសជាមិត្ដ ដោយមានរៀបចំកិច្ចប្រជុំមួយនៅទីស្ដីការក្រសួងការបរទេស រវាងលោក ហោ ណាំហុង និងសម្តេចបុលបញ្ញា សុខ អាន ជាមួយឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសជាមិត្ដប្រចាំនៅកម្ពុជា រួមមាន កាណាដា កូរ៉េ ខាងត្បូង ជប៉ុន ឥណ្ឌា និងគូបា។

- ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ ៖ សម្តេចវិបុលបញ្ញា សុខ អាន ដែលពេលនោះជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញពីទីក្រុងភ្នំពេញ ដើម្បីទៅចូលរួមប្រជុំរបស់អង្គការយូណេស្កូ ដែល ប្រព្រឹត្ដទៅនៅប្រទេសនូវែលហ្សេឡង់។

- ថ្ងៃទី២៣ ខែមិថុនា ដល់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០០៧ ៖ គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូក្នុងសម័យប្រជុំលើកទី៣១ នៅទីក្រុងក្រៃឆឺច ប្រទេសនូវែលហ្សេឡង់ បានពិនិត្យសំណុំឯកសារទាំងអស់ពាក់ព័ន្ឋនឹងសំណើនេះរួចទទួលស្គាល់ថា រមណីយដ្ឋានជាទីសក្ការៈនៃប្រាសាទព្រះវិហារមានសារសំខាន់ជាអន្ដរជាតិ ហើយមានតម្លៃសាកលអស្ចារ្យ ព្រមទាំងសម្ដែងនូវសេចក្ដីយល់ព្រមជាគោលការណ៍ ចំពោះការដាក់ប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ហើយប្រធានគណៈកម្មាធិការនេះបានថ្លែងថា សេចក្ដីសម្រេចនេះ មានន័យថា គណៈកម្មាធិការបានយល់ព្រមថា រមណីយដ្ឋានជាទីសក្ការៈនេះស័ក្ដិសមនឹងបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយការបញ្ចូលនឹងធ្វើនៅការប្រជុំលើកទី៣២ នាឆ្នាំ២០០៨។

- ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០០៧ ៖ ក្រសួងការបរទេសថៃ បានកោះប្រជុំទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់ ដែលពាក់ព័ន្ធចំពោះក្រុមការងារពិសេសទទួលបន្ទុកការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ យោងទៅតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញដោយក្រសួងការបរទេសថៃ បានឱ្យដឹងថា លោកឯកអគ្គរាជទូត ម៉ាណាស ប៉ាសស៊ូតូ (Manas Pasxuto) ដែលជាបេសកជនពិសេសរបស់ក្រសួងការបរទេសថៃ និងជាអ្នកដឹកនាំគណៈប្រតិភូថៃទៅចូលរួមប្រជុំលើកទី៣១ នៅទីក្រុងក្រៃឆឺច (Christchurch) នៃប្រទេសនូវែលហ្សេឡង់ នោះបានអះអាងថា ប្រទេសថៃ បានគាំទ្រជានិច្ចដល់ការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយបានស្នើឱ្យទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា ដើម្បីសម្របសម្រួលដំណើរការនេះ។

- ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៧ ៖ លោក Joseph Mussomeli ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា ស្ថានទូតសហរដ្ឋអាមេរិកគាំទ្រជាផ្លូវការការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក នៅក្នុងជំនួបជាមួយ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

- ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៧ ៖ សម្តេចវិបុលបញ្ញា សុខ អាន នៅទីស្ដីការ គណៈរដ្ឋមន្ដ្រីក្នុងជំនួប នៃការជម្រាបលារបស់លោកស្រី ដូនីកា ប៉ូទី ( Donica Pottie) បានមានប្រសាសន៍ថា យើងបានប្រជែងយ៉ាងខ្លាំងជាមួយប្រទេសថៃ លើបញ្ហាចំនួន៣ ដែលក្នុងនោះរួមមាន ៖ ១).បញ្ហាព្រំដែន ដែលចំណុចនេះ សម្តេចបានលើកការសម្រេចរបស់ ICJ ឆ្នាំ១៩៦២ ដែលពុំអាចកែប្រែបានឡើយ។ ចំណុចទី២). ភាគីថៃ បានស្នើឱ្យមានការពិភាក្សាគ្នា ចំពោះការដាក់ប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ចំណុចនេះ សម្តេចបានលើកឡើងថា ប្រទេសកម្ពុជាជាប្រទេស មានអធិបតេយ្យភាពដូច្នេះមិនចាំបាច់មានការពិភាក្សានោះទេ ព្រោះប្រាសាទព្រះវិហារជារបស់ខ្មែរ។ ចំណុចទី៣).ភាគីថៃបានលើកឡើងពីសកម្មភាពរបស់យោធា នៅប្រាសាទព្រះវិហារបញ្ហានេះ សម្តេចបានលើកឡើងថា យើងកំពុងនិយាយអំពីបញ្ហាវប្បធម៌មិនមែននិយាយអំពីបញ្ហាទាហាននោះទេ។ ប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវតែបានប្រកាសដាក់ជាបេតិកភណ្ឌពិភពលោកនៅឆ្នាំក្រោយ នៅទីក្រុងកេបិក ប្រទេសកាណាដាជាដាច់ខាត។

- ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ ៖ គណៈប្រតិភូមួយ ក្រុមរួមមាន ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិក តំណាងស្ថានទូត កាណាដា តំណាងស្ថានទូតជប៉ុន និងតំណាងក្រសួងពាក់ព័ន្ធ ដែលដឹកនាំដោយ លោក វ៉ា គឹមហុង អតីតប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែងរបស់ ប្រាសាទព្រះវិហារ។

- ថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៨ ៖ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ស្រាវជ្រាវ និងដើម្បីរៀបចំផែនការជាជំហានក្នុងកិច្ចអភិរក្ស និង អភិវឌ្ឍន៍រមណីយដ្ឋានសក្ការៈព្រះវិហារ។ របាយការណ៍នេះ ត្រូវដាក់ជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាជាម្ចាស់ទ្រព្យត្រូវបំពេញបន្ដ ក្រោយពីរមណីយដ្ឋាននេះត្រូវជាប់ឈ្មោះ ជាគោលការណ៍ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលបាន ប្រកាសដោយអង្គការបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំពេញអង្គលើកទី៣១ ធ្វើនៅទីក្រុងក្រៃឆឺច ប្រទេសនូវែលហ្សេឡង់ កាលពីដើមខែ កក្កដា ឆ្នាំ២០០៧។

- ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ៖ នៅទីក្រុងភ្នំពេញ បានប្រារឰអង្គប្រជុំរបស់គណៈកម្មា ធិការជាន់ខ្ពស់សម្រាប់តាមដានសំណុំឯកសារ នៃការសុំចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈជាផ្លូវការក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

- ថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៨ ៖ ទីស្ដីការគណៈរដ្ឋមន្ដ្រីនៃប្រទេសកម្ពុជាបានចេញផ្សាយនូវសេចក្ដីប្រកាសព័ត៌មាន ដែលទាក់ទងនឹងការប្រជុំកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ ខាងលើ។

- ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០៨ ៖ លោក សាម៉ាក់ ស៊ុនដារ៉ាវេត នាយករដ្ឋមន្ដ្រីថៃ ដែលទើបឡើងកាន់តំណែងបានធ្វើការបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលថៃមិនបានជំទាស់នឹងប្រទេសកម្ពុជា ក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្ដិ បេតិកភណ្ឌពិភពលោកទេ ហើយជំហរផ្លូវការរបស់រដ្ឋាភិបាល សៀមបានប្រកាសអះអាងនៅចំពោះមុខថ្នាក់ដឹកនាំកម្ពុជា។

- ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០៨ ៖ លោក Teruo Jinnai តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានថ្លែងនៅខេត្ដបន្ទាយមានជ័យ ក្នុងទិវាវប្បធម៌ជាតិកម្ពុជាថា «កម្ពុជាបច្ចុប្បន្នកំពុងដំណើរការរៀបចំដាក់បញ្ចូលប្រាសាទព្រះវិហារដ៏ប្រណិត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ អង្គការយូណេស្កូ បានធ្វើការសហការយ៉ាងជិតស្និទ្ធិជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ចុះបញ្ជីនេះ»។

- ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០៨ ៖ កម្ពុជា-ថៃ បានចេញសេក្ដីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំ ស្ដីពីប្រាសាទព្រះវិហារ រវាងគណៈប្រតិភូកម្ពុជាដឹកនាំដោយ សម្តេច សុខ អាន ឧបនាយករដ្ឋ មន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និង គណៈប្រតិភូថៃដឹកនាំដោយ លោក វីរ៉ាសាឌី ហ្វ៊ូត្រាគល់ អគ្គលេខាធិការនៃក្រសួងការបរទេសថៃ។

- ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨ ៖ សម្តេចវិបុលបញ្ញា សុខ អាន បានដឹកនាំគណៈប្រតិភូកម្ពុជាផ្លូវការមួយក្រុមទៅធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបេតិភណ្ឌពិភពលោក នាទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីជួបពិភាក្សាគ្នាជាមួយមន្ដ្រី អង្គការយូណេស្កូ ទាក់ទងការដាក់ប្រាសាទព្រះវិហាររបស់កម្ពុជា ចូលទៅក្នុងសម្បត្ដិបេតិកភណ្ឌពិភពលោក ហើយដើម្បីសម្រប សម្រួលការងារត្រៀមលក្ខណៈឆ្លើយតប និងកិច្ចប្រជុំពេញអង្គលើកទី៣២ នៅប្រទេសកាណាដាអំពីការត្រៀមឯកសារដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងសម្បត្ដិបេតិកភណ្ឌពិភពលោក។

- ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ ៖ សម្តេច សុខ អាន និង លោក ណុបផាដុន ប៉ាតាម៉ា រដ្ឋមន្ដ្រីការបរទេសសៀម និងលោកស្រី ហ្វ្រង់ស្វ័ហ្ស រីវីយែរ អគ្គនាយករងនៃអង្គការ យូណេស្កូ បានជួបប្រជុំ និងឯកភាពគ្នានៅទីស្នាក់ការយូណេស្កូ ទីក្រុងប៉ារីស។
- ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៨ ៖ លោក ប៉ែន ងឿន ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ដ្រី និង ជាសេនាធិការទាក់ទិនករណីប្រាសាទព្រះវិហារ បាននិយាយឱ្យដឹងថា គំនូសផែនទីកំណត់បរិវេណប្រាសាទព្រះវិហារ ត្រូវបានបញ្ជូនឱ្យទៅប្រទេសថៃ និង ទីក្រុងប៉ារីសរួចហើយ។ គំនូសផែនទីថ្មីនេះ ត្រូវបានប្រទេសសៀមយល់ព្រមទទួលស្គាល់ដោយការយោគ យល់គ្នា និងទំនាក់ទំនងល្អ។

- ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៨ ៖ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឱ្យតំណាងរាជរដ្ឋាភិបាលធ្វើឥរិយាបថទំនាក់ទំនងឱ្យបានល្អជាមួយនឹងរាជរដ្ឋាភិបាលថៃ ដើម្បីជំរុញការដាក់ប្រាសាទព្រះវិហារចូលជាបេតិភណ្ឌពិភពលោក នៅដើមខែកក្កដា ឆ្នាំ២០០៨ នាទីក្រុងកេបិក ប្រទេសកាណាដា។

- ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៨ ៖ ក្រុមប្រឹក្សាសន្ដិសុខជាតិថៃ (NSC) បានធ្វើការគាំទ្រលើផែនទីប្រាសាទព្រះវិហារថ្មី ដែលប្រទេសកម្ពុជាបានធ្វើឡើង។

- ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៨ ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានចុះហត្ថលេខាព្រមព្រៀងលើសេចក្ដីថ្លែងការណ៍រួមមួយ ស្ដីពីការបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងបាងកក ប្រទេសថៃ ដែលចុះហត្ថលេខាដោយ សម្តេចវិបុលបញ្ញា សុខ អាន និងរដ្ឋមន្ដ្រីក្រសួងការបរទេសសៀម លោក ណុបផាដុន ប៉ាតាម៉ា ។ សេចក្ដីប្រកាសរួមដែលទម្លាយភាពទ័លច្រកកម្ពុជា និង សៀមក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះមានចំនួន៦ចំណុច ៖
១-ព្រះរាជាណាចក្រថៃ គាំទ្រការបញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលស្នើឡើងដោយកម្ពុជានៅក្នុងសម័យប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក (ទីក្រុងកេបិក ប្រទេសកាណាដា នៅខែកក្កដា ឆ្នាំ២០០៨)។ បរិវេណនៃប្រាសាទព្រះវិហារដែលសម្គាល់ថា ជាតំបន់១ នៅក្នុងផែនទីគំនូស ដែលរៀបចំឡើង ដោយអាជ្ញាធរកម្ពុជា ត្រូវបានភ្ជាប់ជាមួយសេចក្ដីប្រកាសរួមនេះ។ ផែនទីនេះ រួមបញ្ចូលផងដែរនូវតំបន់ទ្រនាប់ ដែលត្រូវបានសម្គាល់ថា ជាតំបន់២ ដែលស្ថិតនៅទិសខាងកើត និង ខាងត្បូងប្រាសាទ។

២-ក្នុងស្មារតីប្រកបដោយសុច្ឆនៈ និង ការសម្របសម្រួលព្រះរាជាណាចក្រកម្ពុជា ព្រមទទួលយកការបញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយពុំមានតំបន់ទ្រនាប់នៅផ្នែកខាងជើង និង ខាងលិចនៃប្រាសាទទេនៅក្នុងពេលនេះ។

៣-ផែនទីគំនូស ដែលបានលើកឡើងក្នុងកថាខណ្ឌទី១ ខាងលើត្រូវជំនួសផែនទីគំនូសនានា ដែលពាក់ព័ន្ធនិងរួមបញ្ចូលទាំង «គំនូសបំព្រួញមេសម្រាប់កំណត់តំបន់ប្រាសាទព្រះវិហារ» ព្រមទាំងក្រាហ្វិចយោងទាំងអស់ ដែលចង្អុលបង្ហាញ «តំបន់ស្នូល និងតំបន់កំណត់នានានៃរមណីយដ្ឋានប្រាសាទព្រះវិហារ» ក្នុងសំណុំឯកសាររបស់កម្ពុជា ដែលស្នើបញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

៤-ក្នុងរយៈពេលរង់ចាំលទ្ធផលការងាររបស់គណៈកម្មការចម្រុះកិច្ចការព្រំដែន (GBC) ពាក់ព័ន្ធទៅនឹងផ្នែកខាងជើង និង ខាងលិចនៃតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលកំណត់ថា ជាតំបន់ ៣ នៅក្នុងផែនទីគំនូសដូចមានចែងក្នុងកថាខ័ណ្ឌទី១ ខាងលើ ផែនការគ្រប់គ្រងផ្នែកទាំងនេះ នឹងត្រូវរៀបចំឡើង ដោយមានការពិគ្រោះយោបល់គ្នារវាងអាជ្ញាធរកម្ពុជា និងថៃ ស្របទៅតាមស្ដង់ដារអន្ដរជាតិ ក្នុងកិច្ចអភិរក្សក្នុងបំណងរក្សា តម្លៃលេចធ្លោរជាសាកលនៃសម្បត្ដិនេះ។ ផែនការគ្រប់គ្រងនេះ ត្រូវបញ្ចូលក្នុងប្លង់គ្រប់គ្រងមេចុងក្រោយនៃប្រាសាទព្រះវិហារ និងតំបន់ជុំវិញដែលនឹងត្រូវដាក់ជូនទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកយ៉ាងយូរបំផុតត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១០ ដើម្បីឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកធ្វើការពិចារណានៅក្នុងកិច្ចប្រជុំលើកទី៣៤ របស់ខ្លួននាឆ្នាំ២០១០។

៥-ការបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក មិនមានផលប៉ះពាល់ដល់សិទ្ធិរបស់ព្រះរាជាណាចក្រ កម្ពុជា និងព្រះរាជាណាចក្រថៃក្នុងការងារបោះបង្គោលព្រំដែន របស់គណៈកម្មការចម្រុះកិច្ចការព្រំដែន (GBC) នៃប្រទេស ទាំងពីរនេះឡើយ។

៦-ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ សម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដម កូអ៊ីជីរ៉ូ ម៉ាស៊ូរ៉ា (Koichiro Matsura) អគ្គនាយកអង្គការយូណេស្កូ ដែលបានជួយសម្រួលដំណើរការបញ្ចូលប្រាសាទ ព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

- ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៨ ៖ ក្រសួងការបរទេសកម្ពុជា បានរៀបចំកិច្ចប្រជុំមួយជាមួយស្ថានទូតនៃបណ្ដា ប្រទេសហត្ថលេខីនៃសេចក្ដីថ្លែងការណ៍រួម អំពីបញ្ហាប្រាសាទ ព្រះវិហារនោះ។ ក្នុងកិច្ចប្រជុំនោះ លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស បានប្រាប់ដល់ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ភារធារី តំណាងស្ថានទូតទាំងអស់ ក្នុងនោះ មាន ជប៉ុន អាមេរិក ឥណ្ឌា បារាំង អូស្ដ្រាលី កាណាដា គូបា កូរ៉េខាងត្បូង អង្គការ UNDP និងសហគមន៍អឺរ៉ុប ថា ភាគី ពាក់ព័ន្ធបានចុះហត្ថលេខារួចហើយ លើសេចក្ដីប្រកាសរួម បន្ទាប់ ពីយើងបានប្រគល់ផែនទីបរិវេណ ប្រាសាទព្រះវិហារដាក់បញ្ចូល ជាមួយសេចក្ដីប្រកាសរួមនោះ ហើយក្នុងផែនទីនោះក៏អត់មាន និយាយអំពីរឿងព្រំដែនរវាងប្រទេសទាំងពីរ (កម្ពុជា-សៀម) ទេ។

- ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៨ ៖ ទីស្ដីការគណៈរដ្ឋមន្ដ្រី បានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយជុំវិញកិច្ចការចុះ បញ្ជីជាផ្លូវការក្នុងបញ្ជីបេតិកភណ្ឌ និងផែនទីតួប្រាសាទព្រះ វិហារ។

- ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៨ ៖ គណៈប្រតិភូកម្ពុជាបាន ចេញដំណើរទៅចូលរួមប្រជុំនៅទីក្រុងកេបិក ប្រទេសកាណាដា។

- នៅវេលាម៉ោង០៣ និង ១៥ នាទីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ៖ នៅទីក្រុងកេបិក ប្រទេសកាណាដា ត្រូវនឹងម៉ោង២ និង ១៥នាទីព្រឹក ម៉ោងនៅកម្ពុជា ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០០៨ គណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានប្រកាសជាផ្លូវការនៃការបញ្ចូលប្រាសាទ ព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមមានប្រទេសទាំង ២១ (អូស្ដ្រាលី បារ៉ែន បាបាដូស ប្រេស៊ីល កាណាដា ចិន គូបា អេហ្ស៊ីប អ៊ីស្រាអែល ហ្ស័រដង់ កែនយ៉ា ម៉ាដាហា្គស្កា ម៉ូរីតានី ម៉ារ៉ុក នីហ្សេរីយ៉ា ប៉េរូ សាធារណរដ្ឋកូរ៉េ អេស្ប៉ាញ ស៊ុយអែត ទុយណេស៊ី និងសហរដ្ឋអាមេរិក) ដែលជាសមាជិកនៃគណៈកម្មាធិការ ចុះបញ្ជីបេតិកភណ្ឌពិភពលោកបានគាំទ្រការដាក់ប្រាសាទព្រះវិហារចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក។

បើទោះបីជាថៃតវ៉ា មិនឱ្យប្រទេសកម្ពុជាបញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីសម្បត្ដិវប្បធម៌បេតិកភណ្ឌពិភពលោក យ៉ាងណាក៏ដោយក៏គណៈកម្មាធិការបេតិកភណ្ឌពិភពលោកមិនយល់ព្រមតាមការជំទាស់របស់ថៃនោះទេ នៅក្នុងដំណើរការអនុម័តប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោក។ ទីបំផុតប្រទេសកម្ពុជាទទួលបានជោគជ័យទាំងស្រុង ក្នុងការបញ្ចូលប្រាសាទបុរាណខ្មែរដ៏ល្បីល្បាញនេះ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ប្រទេសខ្លះ ចាត់ទុកថា ថៃជំទាស់កម្ពុជាខុសរបៀបវារៈ។ តាមការប្រាប់ឱ្យដឹងពីក្រុមការងាររបស់រាជរដ្ឋាភិបាល ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះថា សៀមបានចាប់ផ្ដើមជំទាស់ចាប់តាំងពីជុំទី១នៃកិច្ចប្រជុំ។ គេបានស្នើឱ្យអង្គប្រជុំពន្យារសំណើរបស់ប្រទេសកម្ពុជាសិនដោយផ្អែកលើវិវាទព្រំដែនប្រទេសទាំង២ មិនទាន់ដោះស្រាយចប់។ មន្ដ្រីនោះបានឱ្យដឹងទៀតថា គណៈកម្មាធិការ បេតិកភណ្ឌពិភពលោកនេះ គ្រោងអនុម័តចុះបញ្ជីប្រាសាទ ព្រះវិហាររបស់ព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីម៉ោង២ និង ៣០នាទីរសៀលថ្ងៃទី៧ ខែកក្កដា ម៉ោងនៅប្រទេសកាណាដា ត្រូវនឹងម៉ោង១ និង៣០នាទី ទៀបភ្លឺថ្ងៃទី៨ ខែកក្កដា ម៉ោងនៅកម្ពុជា។ មន្ដ្រីដដែលនេះបានបន្ដទៀតថា ដោយយោងទៅលើការតវ៉ាអូសបន្លាយពេលវែងនេះ ហើយដែលធ្វើឱ្យគណៈកម្មាធិការនេះសម្រេចជាផ្លូវការឱ្យកម្ពុជាចុះបញ្ជីប្រាសាទព្រះវិហាររបស់ខ្លួនរហូតដល់ម៉ោង៣ និង១៥នាទី រសៀលថ្ងៃដដែលម៉ោងនៅប្រទេសកាណាដា ត្រូវនឹងម៉ោង០២ និង១៥ នាទី ទៀបភ្លីថ្ងៃដដែលម៉ោងនៅកម្ពុជា។ គួររំលឹកផងដែរថា នៅខណៈពេលដែល ថៃតវ៉ាយ៉ាងខ្លាំងក្លានៅក្នុងអង្គប្រជុំនោះ សហរដ្ឋអាមេរិក ដែលជាសមាជិកសំខាន់នៅក្នុងគណៈកម្មាធិការនេះ បានលើកដៃឆ្លើយតបទៅថៃ វិញឱ្យបញ្ឈប់ការជំទាស់រឿងនេះ ព្រោះការតវ៉ារបស់ថៃគ្មានមូលដ្ឋានច្បាប់ទេ។ មន្ដ្រីនោះក៏បានលើកឡើងថា មុនដំបូងប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចឱ្យកម្ពុជាឡើងធ្វើបទបង្ហាញមុនគេ។ សម្តេចវិបុលបញ្ញា សុខ អាន ក៏បានឡើងមានមតិដោយមានឯកសារ២ទំព័រ។ គួរបញ្ជាក់ថាប្រទេសនីមួយៗ មានសិទ្ធិនិយាយតែម្នាក់ទេ ហើយពេលវេលានៃការនិយាយគឺកំណត់៣នាទី។ ខណៈពេលដែលសម្តេចវិបុលបញ្ញា សុខ អាន ធ្វើបទបង្ហាញរបស់ខ្លួនជុំវិញឯកសារខ្លះៗ ស្ដីអំពីប្រាសាទព្រះវិហារស្រាប់តែ លោក ណុបផាដុន រដ្ឋមន្ដ្រីក្រសួងការបរទេសថៃ ឡើងមានមតិ យ៉ាងខ្លីថា សំណើរបស់កម្ពុជា ថៃសុំជំទាស់ទាំងស្រុង។ ប៉ុន្ដែ លោក ណុបផាដុន មិនបានពន្យល់អំពីហេតុផលជំទាស់នោះទេ។ ក្រោយមកទៀត មន្ដ្រីរបស់សៀមម្នាក់ក្រោកឈរឡើងជំទាស់យ៉ាងដាច់អហង្ការ ដោយពន្យល់ពីហេតុផលផ្សេងៗ អំពីបញ្ហាព្រំដែន។ ការជំទាស់របស់មន្ដ្រីសៀមនេះ គឺមានលក្ខណៈធ្ងន់ធ្ងរបំផុត ដែលធ្វើឱ្យស៊ីពេលរហូតដល់ជាង១០នាទី។ ឃើញដូច្នេះ សហរដ្ឋអាមេរិក បានឡើងនិយាយកាត់ព្រោះការលើកឡើងរបស់គេ អត់មានឯកសារយោងជាមូលដ្ឋានរឹងមាំ ជាងនេះទៅទៀត គឺបាននិយាយរំលោភលើពេលវេលារបស់គណៈកម្មាធិការ ដែលបានកំណត់។ អ្វីដែលកម្ពុជាមិននឹកស្មានដល់ គឺសហរដ្ឋអាមេរិកបានគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ចំពោះសំណើរបស់កម្ពុជា ស្ដីពីការចុះបញ្ជីប្រាសាទនេះ។ មុនដំបូងគណៈកម្មាធិការ គ្រោងនឹងឱ្យវាគ្មិនអនុម័តតាមរយៈការបោះឆ្នោតសម្ងាត់ ប៉ុន្ដែក្រោយមកសហរដ្ឋអាមេរិក ដែលជាអ្នកព្រាងរបៀបវារៈជំទាស់មិនឱ្យបោះឆ្នោតគឺឱ្យអនុម័តជាឯកច្ឆ័ន្ទ ក្រោយពេល ដែលប្រទេសនីមួយៗធ្វើបទបង្ហាញរបស់ខ្លួនចប់។ ត្រង់ចំណុចនេះ ប្រទេសកាណាដា ដែលជាប្រធាននៃអង្គការនេះស្រាប់ ក៏បានគាំទ្របន្ទាប់មកទៀតប្រទេសឥណ្ឌា អ៉ីស្រាអែល និងបណ្ដាប្រទេសធំៗផ្សេងៗទៀត។ ក្រោយពីមានសម្លេងគាំទ្រលើសលប់ បែបនេះ លោកស្រីប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានយកញញួរគោះជួងសម្រេចឱ្យកម្ពុជា ចុះបញ្ជីប្រាសាទ ព្រះវិហារជាផ្លូវការចាប់ពីពេលនេះទៅ។ គួរបញ្ជាក់ថា ក្រុមការងាររបស់រដ្ឋាភិបាលកម្ពុជា ដែលបានទៅធ្វើកិច្ចការទាំងនេះ មានការស្វិតស្វាញយ៉ាងខ្លាំងទម្រាំនឹងបានជោគជ័យ។ ចាប់ពីពេលនេះទៅប្រាសាទព្រះវិហារ មានឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ។

២. ស្មារតីនៃការអនុវត្តិសាលក្រមអន្តរជាតិ (ICJ) ឆ្នាំ១៩៦២
ចាប់តាំងតែពីថៃបង្កការឈ្លានពានមកលើអធិបតេយ្យបូរណភាពទឹកដីកម្ពុជា ថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០០៨ និង ការបង្កសង្គ្រាមជាថ្មីដោយបាញ់បំផ្លាញវត្តអារាម លំនៅដ្ឋាន ជាពិសេសប្រាសាទព្រះវិហារ និង បណ្តាលឱ្យពលរដ្ឋខ្មែរស្លាប់និងរងរបួសរាប់សិបនាក់ ហើយឱ្យជនភៀសសឹកខ្មែររស់នៅយ៉ាងលំបាកវេទនា ក្នុងព្រឹត្តិការណ៍ថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១ កន្លងមកនេះ រដ្ឋការក្រុងបាងកកដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត ក៏ដូចជាក្រុមជ្រុលនិយមអាវលឿងថៃមួយចំនួន បានព្យាយាមលាក់បាំងការពិតជុំវិញអំពើឈ្លានពានរបស់បក្សពួកខ្លួនជានិច្ច ដែលហេតុការណ៍បែបនេះ ជម្រុញឱ្យប្រទេសថៃកាន់តែធ្វើជាមិនយល់នូវសេចក្តីសម្រេច និង សាល ដីការបស់ ICJ។ បើពិនិត្យមើលទិដ្ឋភាពដែលត្រូវបានលាតត្រដាងក្នុងវេទិកា សួរដេញដោលនៅក្នុងសភាថៃ ដែលផ្សាយដោយទូរទស្សន៍ជាតិថៃ (NBT) ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១១ លោក អាប់ភីស៊ីត ត្រូវបានរងនូវការឆ្លើយដោះបន្ទុកពីបញ្ហាជាច្រើន ក្នុងនោះមានអ្នកតំណាងរាស្ត្រគណបក្សភឿថៃម្នាក់ គឺលោកស្រី ធិទិម៉ា ឆាយសែង បានលើកឡើងពីការរិះគន់ដល់លោក អាប់ភីស៊ីត ថាកិច្ចការបរទេសរបស់រដ្ឋាភិបាលថៃក្រោមការដឹកនាំដោយលោក អាប់ភីស៊ីត ទទួលបរាជ័យ និង ធ្វើឱ្យសម្ព័ន្ធភាពរវាងថៃ និង កម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំង ដោយការបំផុសចលនាជាតិនិយមជ្រុល។ ក្នុងខ្លឹមសារដែលត្រូវបានលើកឡើងនៅពេលចោទសួរនោះ លោកស្រី ធិទិម៉ា ឆាយសែង បានសំដែងការកោតសរសើរពីភាពឈ្លាសវៃរបស់កម្ពុជា ដែលបានរុញបញ្ហាផ្សេងៗរវាងថៃ កម្ពុជា រហូតដល់មានការពិភាក្សាគ្នានៅ ឯទីលានអន្តរជាតិ គឺចូលទៅក្នុងយន្តការត្រីភាគី ដែលនេះបង្ហាញពីភាពបរាជ័យមិនអាចប្រកែកបានរបស់រដ្ឋាភិបាលអាប់ភីស៊ីត ដែលបានបោកប្រាស់សាធារណមតិ តាំងតែពីដើមមកថាការចរចារគ្នា គឺនៅតែធ្វើឡើងតាមរបៀបយន្តការទ្វេភាគីក្នុងចេតនាបិទទ្វាវ៉ៃកម្ពុជាជានិច្ច។ ប៉ុន្តែសកម្មភាពលាក់បាំងទាំងនេះ គ្រាន់តែជាល្បែងនយោបាយអូសបន្លាយពេលរបស់ អាប់ភីស៊ីត ដែលមានបរិវាជាក្រុមអាវលឿងមួយចំនួន ចូលរួមសំដែងជាឆាកល្ខោននយោបាយ បានធ្វើឱ្យផ្ទុះឡើងនៅក្នុងសភាថៃ លោក អាប់ភីស៊ីត ត្រូវរងការសួរដេញដោលពីសមាជិកសភាក្នុងការបន្តយុទ្ធនាការរារាំងអូសបន្លាយពេលវេលាមិនឱ្យក្រុមអ្នកសង្កេតការណ៍យោធាឥណ្ឌូនេស៊ី ដើម្បីមកពិនិត្យតំបន់ព្រំដែនដែលខ្លួនប្រើសង្គ្រាមឈ្លានពានកម្ពុជាក៏ត្រូវបានកាច់បំបាក់ផងដែរ។ ដោយយោងទៅលើ ខ្លឹមសារចោទសួរក្នុងសភា អ្នកតំណាងរាស្ត្រគណបក្សភឿថៃម្នាក់នោះបានអធិប្បាយថា «កម្ពុជាប៉ិនប្រសប់ការទូតធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ទាំងសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍បានរៀបចំប្រជុំពីរឿងថៃកម្ពុជា ជាបន្ទាន់ នេះជាការបញ្ជាក់ថា លើវេទិកាអន្តរជាតិ ថៃបាត់មិត្តអស់ទៅហើយ។ អ្នកតំណាងរាស្ត្រថៃ លោកស្រី ធិទិម៉ា ឆាយសែងបានបន្តទៀតថា កម្ពុជាបានលើកយកបញ្ហាឡើងទៅដល់អាស៊ាន ដែលបានធ្វើឱ្យការចរចារទៅជាពហុភាគី គឺគ្មានទ្វេភាគីទៀតទេក្នុងបញ្ហាថៃ កម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះទេ គេបានកត់សម្គាល់ទៀតថា អាស៊ាន ពិបាកពីរឿងថៃ ដែលគេបានមើលឃើញថា ថៃជាអ្នកបង្ករឿង។បន្ថែមពីលើនេះ គេថា អាប់ភីស៊ីត បានបណ្តែតបណ្តោយឱ្យក្រុមសម្ព័ន្ធមិត្ត (អាវលឿង) ជេរប្រទេចកម្ពុជា ពេលខ្លះសំដីរបស់លោក អាប់ភីស៊ីត ដូចគ្នានឹងក្រុមអាវលឿង។ ជារួមគេបានសន្និដ្ឋានថា ការដែលអាប់ភីស៊ីត បំផុសគំនិតជាតិនិយមជ្រុល ហើយពេលឥឡូវនេះការចរចារបានធ្លាក់ចូលដល់ជារបៀបពហុភាគី គឺជាបរាជ័យទាំងស្រុងរបស់លោកអាប់ភីស៊ីត»។ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ កម្ពុជា ថៃ គេក៍មានការស្តីបន្ទោស ដល់លោកអាប់ភីស៊ីត ផងដែរថា តើគួរគប្បី លោក អាប់ភីស៊ីត នៅបន្តនិយាយបាកប្រាស់មហាជនដល់ពេលណាទៀតអំពីបញ្ហាប្រាសាទព្រះវិហារ ពីព្រោះប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករួចរាល់ហើយតាំងតែពីថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០០៨មកម្លេះ គឺគេមិនអាចត្រឡប់ថយក្រោយធ្វើតាមការតវ៉ាដោយគ្មានមូលដ្ឋានរបស់លោកអាប់ភីស៊ីត និងបរិវាបានឡើយ។ ការលើកឡើងបែបនេះដោយយោងថា នៅក្នុងការបកស្រាយនៅឯសភាថៃ លោក អាប់ភីស៊ីត បាននិយាយថា រឿងបេតិកភណ្ឌពិភពលោក ខ្លួនបានរារាំង មិនឱ្យចុះបញ្ជីប្រាសាទព្រះវិហារបាន២ឆ្នាំហើយ ដើម្បីទុកឱកាសក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។ កលល្បិចពន្យាពេលរបស់នាយករដ្ឋមន្ត្រី អាប់ភីស៊ីត មិនខុសប្លែកពីអ្វីពីការដាក់ទណ្ឌកម្មឱ្យខ្លួនឯងតាមរយៈអំពើស្រេកឃ្លានសង្គ្រាម និង ស្រឡាញ់អំណាច ដែលគេបានលើកបន្តុបនោះឡើយ តែទីបំផុតជីវិតនយោបាយរបៀបនេះ គឺបានធ្លាក់ទៅក្នុងគ្រោះថ្នាក់ដ៏មហន្តរាយ គឺសមដូចការវិភាគរបស់អ្នកនិពន្ធថៃមួយរូបឈ្មោះ តាប៉ូប៉ៅពី បានហៅវិបត្តិនៅស្រុកថៃថា «ភ្លើងកំពុងឆេះប្រទេសថៃ»។ ការលើកឡើងនូវបញ្ហាមួយចំនួនមកនេះ គឺចង់បង្ហាញថា រដ្ឋាភិបាលអាប់ភីស៊ីត ដល់ពេលប្រកាសអាសន្នពីភាពបរាជ័យរបស់ខ្លួនផ្នែកការទូតហើយ ដូច្នេះគប្បីលោកអាប់ភីស៊ីតប្រញាប់ផ្លាស់ប្តូរឥរិយាបទ ដើម្បីទុកនៅកេរ្តិ៍ឈ្មោះនៅពេលជីវិតនយោបាយត្រូវបាត់បង់ឥទ្ធិពល។ ការនិយាយបែបនេះ ដោយសំអាងថា កន្លងមក អាប់ភីស៊ីត បានសាងនូវអំពើអាក្រក់យ៉ាងច្រើនដាក់កម្ពុជា ក្នុងនោះរួមទាំងការឈ្លានពានកងទ័ពមកលើអធិបតេយ្យកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០០៨ ការធ្វើយុទ្ធនាការប្រឆាំងការចុះបញ្ជីប្រាសាទព្រះវិហារខ្មែរចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ការរំលោភសាលដីការតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ការប្រើប្រាស់ផែនទីចោរ លួចគូសជាឯកតោភាគីក្នុងបំណងអនុវត្តមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា ការមិនគោរពអនុវត្ត MOU ឆ្នាំ២០០០ ជាពិសេសការបង្កសង្គ្រាមឈ្លានពានកម្ពុជាដោយបាញ់បំផ្លាញប្រាសាទព្រះវិហារឱ្យបាក់បែកយ៉ាងដំណំ គឺជាអំពើឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ និងបំផ្លាញបេតិកភណ្ឌដែលនាយករដ្ឋមន្ត្រីថៃលោក អាប់ភីស៊ីត ត្រូវតែទទួលខុសត្រូវចំពោះមុខប្រជាជាតិនៅក្នុងតំបន់ និងសកលលោក។

ជាថ្មីម្តងទៀតនៅដើមខែមករា ឆ្នាំ២០១២នេះ ក្រុមជាតិនិយមថៃ បាននាំគ្នាធ្វើបាតុកម្មនៅខាងក្រៅបរិវេណការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងបាងកក និង មួយក្រុមធំទៀត បាននាំគ្នាយកព្រះពុទ្ធបដិមាទៅដាក់នៅលើកំពូលភ្នំទ្រព្យ ដោយចូលជ្រៅទៅក្នុងតំបន់ហាមឃាត់មិនឱ្យមានកងទ័ពបណ្ដោះអាសន្ន នៃតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហាររបស់ខ្មែរនោះ។ ស្របពេលជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារទទួលបន្ទុកថែរក្សា និង ការពារប្រាសាទបុរាណព្រះវិហារ និង គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក បានសេចក្តីថ្លែងការណ៍បានចាត់ទុកសកម្មភាពរបស់ក្រុមជ្រុលនិយមថៃនោះថា គឺជាអំពើបង្កហេតុក្នុងការប៉ុនប៉ងឱ្យជម្លោះព្រំដែនកម្ពុជា-ថៃ មានភាពតានតឹងសាជាថ្មី។ នៅខណៈពេលនោះ មន្ត្រីយោធាកម្ពុជាការពារព្រំដែនជុំវិញប្រាសាទព្រះវិហារក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានលើកឡងថា ប្រជាពលរដ្ឋថៃមួយក្រុមនៅតែបន្តចេញចូលទៅក្នុងតំបន់ហាមឃាត់នៃទឹកដីជម្លោះព្រំដែនលើកំពូលភ្នំទ្រព្យ ដោយមិនស្តាប់ការហាមឃាត់របស់កងទាហានខ្មែរទេ។ ចំណែកឯទាហានថៃ ដែលនៅទល់មុខគ្នានោះ ក៏តែងលួចជីកលេណដ្ឋានជាបន្តបន្ទាប់នៅពេលយប់ដែរ។ ឧត្តមសេនីយ៍ ស្រី ឌឹក បានមានប្រសាសន៍ថា ក្នុងនាមកងទ័ពកម្ពុជា បានព្យាយាមអត់ធ្មត់ចំពោះសកម្មភាពទាំងនោះ ហើយបានធ្វើរបាយការណ៍ដាក់ជូនទៅរដ្ឋាភិបាល និង ក្រសួងការបរទេសកាលពីពេលថ្មីៗ៖ «ថៃគាត់មិនស្តាប់ គាត់នៅតែលួចធ្វើ លួចដាក់ព្រះ តាំងពីខែតុលា (ឆ្នាំ២០១១) មក ហើយយប់ៗលួចធ្វើលេណដ្ឋាន ហើយមកដល់បច្ចុប្បន្ននេះ ក៏នៅតែចេញ ចូលៗជញ្ជូនទាំងលោកសង្ឃ យាយជី តាជី មកបង្កតែរឿង»។ អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក បានសំដែងការព្រួយបារម្ភចំពោះអំពើរបស់ជនជាតិថៃ មួយក្រុមនោះ ដោយថា សកម្មភាពដែលប្រើប្រាស់ចលនាប្រជាពលរដ្ឋ និងសាសនានោះ ត្រូវបានគេមើលឃើញថា ជាអំពើបង្កហេតុ និងការប៉ុនប៉ងបង្កើតភាពតានតឹងព្រមទាំងជាការរារាំងដល់ការអភិរក្សប្រាសាទព្រះវិហារដ៏មានតម្លៃ ដែលជាសម្បត្តិបេតិភណ្ឌពិភពលោក និង ជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិទាំងអស់ផង ព្រមទាំងរំលោភលើ សេចក្តីសម្រេចរបស់ ICJ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការបង្កើតនូវតំបន់ដែលគ្មានកងទ័ពជាបណ្ដោះអាសន្ននៅតាមតំបន់ប្រឈមមុខគ្នាក្នុងរឿងជម្លោះព្រំដែនជិតប្រាសាទព្រះវិហារ។

មុនព្រឹត្តិការណ៍នេះកើតឡើង នៅថ្ងៃច័ន្ទ ទី២ ខែមករា ឆ្នាំ២០១២ នេះ លោក អាប់ភិស៊ីត វេចាជីរ៉ា ប្រធានបក្សប្រជាធិបតេយ្យ (បក្សប្រឆាំង) បានលើកឡើងថា «នាអំឡុងខែកុម្ភៈ ខាងមុខនេះ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងធ្វើការបកស្រាយសាលក្រមលើសំណុំរឿងប្រាសាទព្រះវិហារ ដែលបានបង្កជម្លោះរាំរៃ រវាង កម្ពុជា-ថៃ មកទល់សព្វថ្ងៃនេះ។ ដូចច្នេះយើងចាំបាច់ត្រូវតាមដានថាតើបន្ទាប់ពីតុលាការ ICJ វិនិច្ឆ័យរួចររាល់ហើយនោះ វាជាចំណុចបញ្ចប់ ឬ ជាការចាប់ផ្តើម នូវបញ្ហាថ្មីរវាងកម្ពុជា-ថៃ ដែលជាបន្ទុករបស់រដ្ឋាភិបាលព្រមទាំងក្រសួងការបរទេសត្រូវយកចិត្តទុកដាក់ចំពោះយន្តការតស៊ូក្តី ហើយអ្វីដែលសំខាន់នោះ រដ្ឋកុំពិនិត្យត្រឹមតែឯកសារ ដែលដាក់ទៅកាន់តុលាការ ICJ ចាំបាច់ត្រូវពិនិត្យមើលចំពោះហេតុការណ៍ជាក់ស្តែង ដែលធ្វើឱ្យមានការប៉ះពាល់ដល់ប្រទេសថៃ ដូចជាករណីយោធាកម្ពុជា បានបាញ់មកលើឧទ្ធម្ភាគចក្រថៃ បើទោះបីជាភាគីទាំងពីរ ចរចាបញ្ចប់បញ្ហាក៏ដោយ តែរឿងនេះសុទ្ធសឹងតែមានការពាក់ព័ន្ធនឹងសំណុំរឿងក្តីទាំងអស់ តែក្រសួងការបរទេស មិនមានការអើពើអ្វីនោះទេ រួមទាំងករណីភ្នាក់ងារអង្គការយូណេស្កូ ចូលមកត្រួតពិនិត្យ និង វាយតម្លៃ នៃការខូចខាតប្រាសាទព្រះវិហារនោះផង»។

គួររំលឹកឡើងវិញថាលោក អាប់ភិស៊ីត វេចាជីរ៉ា នៅក្នុងចលនាតវ៉ារបស់ PAD នាឆ្នាំ២០០៨មុនបានកាន់អំណាចជានាយករដ្ឋមន្ត្រី លោកតែងប្រកាសថា នៅពេលបានកាន់តំណែងនាយករដ្ឋមន្ត្រី លោកនឹងទាមទារយកប្រាសាទព្រះវិហារមកឱ្យប្រជាជាតិថៃវិញ យ៉ាងយូរបីខែ។ ជាងនេះទៅទៀត នៅក្នុងតំណែងលោកជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ ទំនាក់ទំនងរវាងកម្ពុជានិងថៃ មានភាពតានតឹងយ៉ាងខ្លាំង រហូតដល់នាយករដ្ឋមន្ត្រីកម្ពុជា តែងតែលើកថា «ក្នុងនាមជាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់ធ្វើការជាមួយនាយករដ្ឋមន្ត្រីថៃជាង១០នាក់កន្លងមក ទើបតែលោក អាប់ភិស៊ីត វេចាជីរ៉ា នេះទេដែលលំបាកធ្វើជាមួយខ្លាំងជាងគេ»។ ភាពតានតឹងឈានដល់កម្រិតអត់ធ្មត់លែងបាន ប្រទេសកម្ពុជាសម្រេចចិត្តដាក់បណ្តឹងទៅ ICJ ដើម្បីឱ្យបកស្រាយសាលក្រមឆ្នាំ១៩៦២ និង បណ្តឹងស្តីពីការចាត់វិធានការបន្ទាន់។ ចាប់តាំងពី ICJ ចេញសេចក្តីសម្រេច លើវិធានការបន្ទាន់ ថ្ងៃទី១៨ កក្កដា ឆ្នាំ២០១១ រហូតមកទល់ខែមករា ឆ្នាំ២០១២ ប្រទេសទាំងពីរ មិនទាន់បានអនុវត្តពេញលេញនៅឡើយទេ។

៣. យុទ្ធសាស្ត្រថ្មីរបស់ប្រទេសថៃក្នុងការចូលកាន់កាប់ប្រាសាទព្រះវិហារ
ការសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅនេះ គឺជាសាលដីកាលើកទីពីរ ដែលចេញដោយសហគមន៍អន្ដរជាតិប្រឆាំងនឹងសៀម ហើយទទួលស្គាល់អធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ។ សេចក្ដីសម្រេចរបស់សហគមន៍អន្ដរជាតិនេះ បានបញ្ចប់មហិច្ឆតាវាតទីនិយមរបស់ថៃ។ ដូច្នេះសៀមត្រូវសហគមនអន្ដរជាតិថ្កោលទោសជាលើកទី២ ហើយ។ ប៉ុន្ដែប្រទេសសៀមនៅតែមិនអស់ចិត្ដ ហើយបាននាំគ្នារំលោភលើគ្រប់សន្ធិសញ្ញា សាលក្រម និងសេចក្ដីសម្រេច គ្រប់បែបយ៉ាង ដើម្បីរកលេសដណ្ដើមយកប្រាសាទព្រះវិហារ និង ឈ្លានពានរំលោភទឹកដីខ្មែរ។

ការបំពានរបស់ថៃ មកលើអធិបត្យេភាព និង បូរណភាពទឹកដីខ្មែរ កើតឡើងចំពេល ដែលថៃកំពុងតែមានវិបត្ដិនយោបាយផ្ទៃក្នុង ដែលគេមើលឃើញតាមរយៈការកើតមានបាតុកម្មឥតឈប់ឈរក្នុងប្រទេស។ ឆ្លៀតឱកាសនេះ បក្សប្រឆាំងសៀម បានប្រើប្រាស់ករណីប្រាសាទព្រះវិហារខ្មែរ ធ្វើជាប្រធានបទឃោសនា ដើម្បីទាក់ទាញក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក សាម៉ាក់ សុនដារ៉ាវេចដែលកើតចេញពីការបោះឆ្នោត ឆ្នាំ២០០៧។ ប៉ុន្ដែក្រោយមក បានឆ្លៀតយកឱកាសនេះអ្នកដឹកនាំថៃ បានប្រើប្រាស់សំណុំរឿងប្រាសាទព្រះវិហារ ដើម្បីបញ្ជូនកងទ័ពទាហានថៃឱ្យមកឈ្លានពាន បោះទីតាំងនៅតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី និងតំបន់ជួរភ្នំដងរែករបស់ខ្មែរ។ នៅក្នុងករណីនេះសាស្ដ្រាចារ្យបណ្ឌិតសភាចារ្យ រស់ ចន្ដ្រាបុត្រ ទីប្រឹក្សានាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា «ថៃប្រើយុទ្ធសាស្ដ្រអូសបន្លាយពេល ដើម្បីមហិច្ឆតាឈ្លានពានរបស់ខ្លួន ការប្រើយុទ្ធសាស្ដ្រអូសបន្លាយពេលរបស់ថៃ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជាព្រោះថា ៖ ទី១). ថៃចង់បន្ដអូសបន្លាយពេលវេលាឱ្យបានយូរ ដើម្បីកុំឱ្យកម្ពុជាប្ដឹងទៅសហគមន៍អន្ដរជាតិ មានក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ និងអង្គការយូណេស្កូ ជាដើមដើម្បីឱ្យចៀសវាង កុំឱ្យមានការថ្កោលទោសជាអន្ដរជាតិទៅលើប្រទេសខ្លួន ដែលបានបញ្ជូនកងទ័ពឱ្យមកឈ្លានពានរំលោភចូលមកក្នុងទឹកដី និង អធិបតេយ្យភាពកម្ពុជា។ ទី២). ថៃចង់ស្រោចស្រង់នយោបាយខុសឆ្គងរបស់ខ្លួន ដែលបានដាក់កងទ័ពឈ្លានពានមកក្នុងទឹកដីកម្ពុជា និង ក្នុងទីតាំងសម្បត្ដិបេតិកភណ្ឌពិភពលោក (ប្រាសាទព្រះវិហារ) ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍អន្ដរជាតិបំភ្លេចបន្ដិចម្ដងៗនូវព្រឹត្ដិការណ៍រំលោភបំពាននេះ។ ទី៣). ក្នុងការប្រើយុទ្ធសាស្ដ្រពន្យារការចរចានេះ ប្រទេសថៃ មានគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ច និង មុខមាត់របស់ថៃនៅលើឆាកអន្ដរជាតិ។ និងទី៤យុទ្ធសាស្ដ្រពន្យារការចរចានេះ អាចអនុញ្ញាតឱ្យសៀម អាចពង្រឹងទីតាំង និង ការឈ្លានពានរបស់ខ្លួនមកលើកម្ពុជា ព្រមទាំងបន្ដការឈ្លានពាន និងគ្រប់គ្រងទឹកដីកម្ពុជានៅតាមចំណុចព្រំដែនរបស់កម្ពុជាបន្ថែមទៀត ដូចករណីការរំលោភ ដាក់កងទ័ពចូលក្នុងទឹកដីកម្ពុជា ចំណុចច្រកជាំស្រងាំ ចំណុចច្រកតាថាវ ចំណុចប្រាសាទតាមាន់ និង ចំណុចប្រាសាទតាក្របី ជាដើមហើយជាយថាហេតុ យូរៗទៅពិបាកនឹងដោះស្រាយ និង បណ្ដេញចេញពីទឹកដីកម្ពុជា ជាមិនខាននាពេលអនាគត»។

ហេតុដូច្នេះហើយទើប បណ្ឌិត សុខ ទូច ដែលពេលនោះជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានបញ្ចេញទស្សនថា «កម្ពុជាចាំបាច់ត្រូវកំណត់ឱសានវាទដល់ប្រទេសថៃឱ្យដកកងទព័ជាបន្ទាន់ចេញពីអធិបតេយ្យកម្ពុជា ហើយមិនត្រូវផ្ដល់ឱកាសឱ្យថៃ ម្ដងហើយម្ដងទៀត ឬឱ្យថៃជាភាគីកំណត់ពេលវេលា ក្នុងការដកកងទ័ពឈ្លានពានរបស់ខ្លួននោះទេ។ ម្យ៉ាងទៀតត្រូវបញ្ជាក់ប្រាប់ភាគី ថៃឱ្យច្បាស់លាស់ អំពីការរក្សាស្ថានភាពទ័ពឱ្យនៅជាធម្មតា និង ហាមចល័តកម្លាំងទ័ពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ទោះបីក្រោមរូបភាពជាសមយុទ្ធក៏ដោយ ដែលអាចនាំឱ្យមាន ការផ្ទុះអាវុធជាយថាហេតុ»។

ដើម្បីដាក់គំនាបដល់ភាគីថៃឱ្យទទួលយកនូវលក្ខខណ្ខខាងលើនេះ កម្ពុជាគួរតែ ៖
- ត្រូវបន្ដប្ដឹងទៅសហគមន៍អន្ដរជាតិមានសមាគមអាស៊ាន សហប្រធានទាំងពីរ (បារាំង-ឥណ្ដូនេស៊ី) នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និង ជាពិសេស ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ឱ្យធ្វើការព្រមាន និង កំណត់កាលបរិច្ឆេទមួយ ឱ្យទៅប្រទេសថៃ ដើម្បីដកកងទ័ពឈ្លានពានរបស់ខ្លូនចេញពីប្រទេសកម្ពុជា។
- ត្រូវបិទច្រកព្រំដែនកម្ពុជា-សៀមជាបណ្ដោះអាសន្ន រហូតដល់មានការដកកងទ័ពឈ្លានពានរបស់ថៃ។ តែទទ្ទឹមនឹងនោះ យើងត្រូវរក្សាឱ្យបាននូវភាពស្ងប់ស្ងៀមកុំឱ្យមានអំពើហឹង្សា និងការផ្ទុះអាវុធ។ ម្យ៉ាងទៀត យើងគួរតែពិចារណាផង ដែរ អំពីវិធានការថ្មីរបស់សៀមក្នុងពេលបច្ចុប្បន្ននេះ ដែលកំណត់ការនាំចេញបន្លែ ផ្លែឈើ ចូលមកក្នុងប្រទេសកម្ពុជា។ ទង្វើនេះ បើតាមការពិចារណារបស់យើង គឺមានគោលបំណងក្នុងការធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់សេវាកម្មម្ហូបអាហារនៅតាម សណ្ឋាគារ។ ដូច្នេះគឺចង់បំផ្លាញឧស្សាហកម្មទេសចរណ៍កម្ពុជា។
- ត្រូវបន្ដផ្សព្វផ្សាយឱ្យបានទូលាយ ឬមានកម្មវិធីតាម ប្រព័ន្ធផ្សព្វផ្សាយនានាជាប្រចាំ ដើម្បីផ្ដល់ព៌ត័មានស្ដីពីតំបន់ប្រាសាទព្រះវិហារ ដើម្បីឱ្យព៌ត័មាននៅក្ដៅៗជានិច្ច ដើម្បីទាក់ទាញមតិជាតិ ពិសេស មតិអន្ដរជាតិកុំឱ្យភ្លេចជុំវិញបញ្ហាការរំលោភបំពានរបស់កងទ័ពសៀមនៅតំបន់ប្រាសាទព្រះវិហារ។
បើសិនជាស្ថានការណ៍នេះ នៅតែអូសបន្លាយពេលវេលាតទៅទៀតនឹងធ្វើឱ្យកម្ពុជាខាតបង់ ឬបាត់បង់ប្រៀបឈ្នះ និង ឱកាសឈ្នះក្នុងការដោះស្រាយបញ្ហាដ៏ធំនេះ។
ប្រៀបឈ្នះ ដែលកម្ពុជាកំពុងមានច្រើនយ៉ាងលើភាគី សៀម នោះគឺ ៖
- ផ្នែកផ្លូវច្បាប់
- ផ្នែកការទូត ពីសហគមន៍អន្ដរជាតិ ដែលកំពុងរង់ចាំមើលឥតដាច់អំពីឥរិយាបទដោះស្រាយរបស់ថៃ។
- សភាពការណ៍នយោបាយផ្ទៃក្នុងប្រទេសកម្ពុជាល្អ ប្រសើរក្រោយការបោះឆ្នោត។ រីឯប្រជាពលរដ្ឋមានភាពស្ងប់ អារម្មណ៍ជាងមុនបោះឆ្នោត។
- កម្លាំងសាមគ្គីភាពផ្ទៃក្នុងរបស់កម្ពុជាយ៉ាងផុលផុស តាមរយៈការចូលរួមផ្ដល់អំណោយ និងសួរសុខទុក្ខដោយផ្ទាល់ ដល់ទីតាំងឥតដាច់ និងពីគ្រប់ទិសទី។
- ចិត្ដសាស្ដ្រកងទ័ព ដែលកំពុងពុះពារឈរការពារទឹក ដីនៅសមរភូមិជួរមុខ។
- ព៌ត័មានពីកងទ័ពជួរមុខរបស់ថៃ កំពុងតែបាក់ទឹកចិត្ដ មានជំងឺរាតត្បាតជាបន្ដបន្ទាប់ រហូតដល់មានស្លាប់ទៅទៀត។
ដូច្នេះ ដើម្បីចៀសវាងការបាត់បង់ប្រៀបឈ្នះ និង ឱកាសឈ្នះជាយថាហេតុណាមួយកម្ពុជាត្រូវបញ្ចប់នូវការអូសបន្លាយ ពេលវេលារបស់ថៃក្នុងការដោះស្រាយបញ្ហា ព្រោះព្រឹត្ដិការណ៍ នេះ កំពុងតែក្ដៅលើមតិអន្ដរជាតិ ហើយបើពន្យាពេលតទៅទៀតព្រឹត្ដិការណ៍នេះនឹងក្លាយជាត្រជាក់ហើយអាចនឹងលែងទទួល ការចាប់អារម្មណ៍ពីសហគមន៍អន្ដរជាតិទៀត។ ម្យ៉ាងវិញទៀត ថៃក៏អាចពង្រឹងកម្លាំងនៅតាមព្រំដែន ហើយនឹងរកបាននូវយុទ្ធសាស្ដ្រថ្មីបន្ថែមទៀត។ បើដូច្នេះមែននឹងធ្លាក់លើអ្វី ដែលថៃចង់បាន។ ម្យ៉ាងទៀត ការពន្យារពេលនេះនឹងធ្វើប្រទេស ថៃពង្រឹងនយោបាយផ្ទៃក្នុងរបស់គេបាន ហើយបែរមកទប់ទល់នឹងកម្ពុជាវិញថែមទៀត ហើយដល់ពេលនោះ ថៃអាចកែប្រែ ឬលែងគោរពកកិច្ចសន្យានានា ដែលបានសម្រេចរួចមកហើយនោះ ដូចដែលគេបានធ្វើកន្លងមក និង ថ្មីៗនេះ (ករណី ការទន្ទ្រាន ដាក់កងទ័ពចូលក្នុងទឹកដីកម្ពុជា ការបន្ថែមកម្លាំងទ័ពឥតឈប់ឈរ ការចល័តទ័ពនៅតាម បណ្ដោយព្រំដែន ស្របពេល ដែលបានព្រមព្រៀងថា រក្សាភាពស្ងប់ស្ងាត់ខាងយោធានោះ)។
គួររំលឹក និង គូសបញ្ជាក់ថា ថៃធ្លាប់មិនគោរពកិច្ចសន្យា ជាមួយភាគីកម្ពុជា ក៏ដូចជាជាមួយអន្ដរជាតិផងដែរក្នុងពេលកន្លងមក។ សូមលើកតែពីរចំណុច ៖
- ដូចក្នុងអំឡុងឆ្នាំ១៩៥៩ ថៃបានប្រកាសបដិសេធ ថាប្រទេសខ្លួនមិនមែនជាសមាជិកប្រទេស ដែលទទួលស្គាល់សមត្ថកិច្ចតុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេ នោះទេការប្រកាសបែបនេះ ដើម្បីដកខ្លួនឱ្យផុតចេញអំពីអំណាចរបស់តុលាការនេះ ក្នុងការកាត់សេចក្ដីវិវាទ រឿងប្រាសាទព្រះវិហារក្នុងឆ្នាំ១៩៦២ តែទីបំផុតត្រូវអាម៉ាស់ដោយគេបានរកឃើញ ថាប្រទេសថៃក៏ជាប្រទេសហត្ថលេខីទទួលស្គាល់សមត្ថកិច្ចតុលាការយុត្ដិធម៌នេះដែរ។ នោះគឺជាការកាត់សេចក្ដីទី១ ដែលបញ្ជាក់ថាប្រទេសសៀមស្ថិតនៅក្រោមសមត្ថកិច្ច តុលាការ យុត្ដិធម៌អន្ដរជាតិ ត្រូវបានប្រកាសក្នុងឆ្នាំ១៩៦១។
- ក្នុងកិច្ចប្រជុំជាអន្ដរជាតិមួយ ដឹកនាំដោយ លោក វីល្លីយ៉ាម (Williams) នៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ដែលមានប្រទេសចំនួន៥ ចូលរួមប្រទេសសៀមធ្លាប់ប្រកាសបដិសេធ និងមិនគោរពនូវអ្វី ដែលជាកិច្ចព្រមព្រៀងអន្ដរជាតិ លើសន្ធិសញ្ញាឆ្នាំ ១៩០៤ ១៩០៧, ១៩២៥, ១៩៣៧, និង កិច្ចព្រមព្រៀងឆ្នាំ១៩៤៦ រវាងបារាំង-សៀម ស្ដីពីកម្ពុជា នាឆ្នាំ១៩៤៧។

នៅក្នុងនយោបាយឈ្លានពានកាន់កាប់ទឹកដីខ្មែរនេះ ថៃបានដាក់ទាហាន ដែលមានដើមកំណើតខ្មែរឱ្យឈរនៅជួរមុខទល់នឹងក្រុមទាហានខ្មែរ។ ដូច្នេះក្នុងករណី ដែលមានសង្គ្រាម ផ្ទុះឡើងជាយថាហេតុរវាងប្រទេសទាំងពីរ ខ្មែរទាំងពីរក្រុមនឹងសម្លាប់គ្នាទៅវិញទៅមកជាមិនខាន។ ដល់ពេលនោះគំនុំការសងសឹក និង ការទាស់ទែងបែកបាក់គ្នានៅក្នុងចង្កោមពូជសាសន៍ខ្មែរ នឹងបន្ដស្ថិតនៅរវាងខ្មែរ និងខ្មែរជារៀងរហូត។ ព្រឹត្ដិការណ៍ឈ្លានពានទឹកដីកម្ពុជា ចុងក្រោយនេះធ្វើឱ្យ គេយល់ឃើញថា អ្នកនយោបាយសៀមគ្រប់ជាន់ថ្នាក់ទាំងអស់ចេះបែងចែកគ្នាធ្វើកិច្ចការយ៉ាងល្អ និង បង្កើតឆាកល្ខោន ដើម្បី បំភាន់មតិជាតិខ្មែរ និង មតិសហគមន៍អន្ដរជាតិ។

បន្ទាប់ពីបានរំលោភបំពានឈ្លានពាន និង ឈរជើងលើទឹកដីខ្មែរ ការចរចាអំពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរក៏ចាប់ផ្ដើមឡើង។ តែបើពិនិត្យមើលឱ្យជិតបន្ដិចទៅកិច្ចចរចា នេះហាក់ដូចជាផ្ដល់ប្រយោជន៍យ៉ាងច្រើនទៅឱ្យភាគីសៀម ដែលឆ្លៀតកេងប្រវ័ញ្ចយកចំណេញពីភាពទន់ភ្លន់ និងនយោបាយសន្ដិវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជំនួបប្រជុំនៅថ្ងៃទី ២១-២៨ កក្កដា និងថ្ងៃទី ១៨-១៩ សីហា ឆ្នាំ២០០៨ កន្លងទៅនេះមិនបានផ្ដល់លទ្ធផលអ្វីជាក់លាក់នោះទេ។ ភាគីថៃបាន ប្រែក្រឡាស់ពាក្យសម្ដី និង បោះសម្ដីអមិត្ដគ្រប់បែបយ៉ាងទាំងអស់ដើម្បីពន្យារការចរចាទ្វេភាគី។ ជាងនេះទៅទៀតប្រទេសនេះបានព្យាយាមរកហេតុផលផ្សេងៗមកធ្វើជាលេស។
ថៃបានពន្យារពេលចរចា ដើម្បីចំណេញពេលវេលា។ នេះមិនមែនជាល្បិចថ្មីទេឬ? ថៃធ្លាប់ប្រើប្រាស់ល្បិចនេះ រួចមកហើយនៅក្នុងអំឡុងពេលចរចាអំពីសំណុំរឿងប្រាសាទព្រះវិហារ នៅក្នុងទសវត្សរ៍មុនៗ។ ថៃបានប្រើល្បិចកលនេះ អូសបន្លាយ ពេលតាំងតែពីឆ្នាំ១៩៥៤ រហូតដល់ឆ្នាំ ១៩៦២។ សៀមយល់ថា ពេលវេលានឹងជួយឱ្យគេចំណេញច្រើន ក្នុងផ្នែកនយោបាយ និង មហិច្ចតាវាតទឹកដី។

សកម្មភាពរបស់ប្រទេសថៃចូលបំពានកាន់កាប់ដែនដីខ្មែរ អ្នកវិភាគបានវាយតម្លៃថាប្រទេសថៃមានបំណងប្រើយុទ្ធសាស្ត្រ ចង់បញ្ឈប់ការថ្កោលទោសរបស់ក្រុមប្រឹក្សាសន្ដិសុខ សហប្រជាជាតិ និងការថ្នាំងថ្នាក់របស់សហគមន៍អន្ដរជាតិ។ មិនតែប៉ុណ្ណោះយុទ្ធសាស្ដ្រថៃ ដែលប្រើពេលវេលាជាឧបករណ៍ និង ធ្វើឱ្យប្រជាពលរដ្ឋខ្មែររសាយចិត្ដភ្លេចរឿងទឹកដី និង មានសតិអារម្មណ៍មិនពោញចិត្ដនឹងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា «រស់ក្នុង សន្ដិភាព ត្រូវត្រៀមខ្លួនធ្វើសង្គ្រាម ប៉ុន្ដែពុំមែនសង្គ្រាមជាតិសាសន៍ឯងនោះទេ គឺការត្រៀមខ្លួនធ្វើសង្គ្រាមជាមួយបរទេសឈ្លានពាន។ ដូច្នេះ ការហ្វឹកហាត់ ការបណ្ដុះបណ្ដាលកងទ័ព ការពារព្រំដែន និងរៀបចំលក្ខណៈត្រៀមប្រយុទ្ធ ជាភារកិច្ច សំខាន់បំផុតរបស់ក្រសួងការពារជាតិ ដែលមិនត្រូវធ្វេសប្រហែស បានឡើយ។ ជាមួយគ្នានោះដែរ ការឧបត្ថម្ភ និងផ្គត់ផ្គង់ កងទ័ព ត្រូវធ្វើឱ្យបានសមរម្យ។ កងទ័ពត្រូវមានវិន័យ ឯកសណ្ឋាន និងយុទ្ធោបករណ៍គ្រប់គ្រាន់។ ទោះបី ប្រទេសយើងមានសន្ដិភាពពិតមែន តែបរទេសជិតខាងនៅតែមានគំនិតឈ្លានពាន រំលោភទឹកដីយើងគ្រប់ពេលវេលា ដូច្នេះកងទ័ពការពារព្រំដែន កម្ពុជាត្រូវត្រៀមប្រយុទ្ធជានិច្ច ហើយយុវជនកម្ពុជាគ្រប់រូប ត្រូវត្រៀមខ្លួនបំពេញកាតព្វកិច្ចយោធាតាមតម្រូវការរបស់ប្រទេសជាតិ។ យើងស្រលាញ់សន្ដិភាព តែយើងមិនខ្លាចសង្គ្រាមឈ្លានពានទេ។ ខ្មែរត្រូវតែខ្លាំង ខ្មែរត្រូវតែរឹងមាំ ខ្មែរត្រូវមាន ការអភិវឌ្ឍឱ្យតែខ្មែររួបរួមគ្នា និងស្រលាញ់គ្នា។ »

៤. ដំណើរការនៃការអនុវត្តសាលក្រមលើវិធានការបន្ទាន់របស់ICJ
ចលនាបំផុសគំនិតជាតិនិយមជ្រុលរបស់អ្នកនយោបាយថៃក្នុងរដ្ឋបាល លោក អាភីស៊ីត ដោយយកតំបន់ប្រាសាទព្រះវិហារធើ្វជាលែ្បងនយោបាយ ដែលជាការប៉ុនប៉ងបង្កសង្គ្រាមឈ្លានពានទឹកដីកម្ពុជា បានឈានដល់ដំណាក់កាលមួយ ជំរុញអោយប្រទេសកម្ពុជាសម្រេចចិត្តជ្រើសរើសយកដំណោះស្រាយកម្រិតតំបន់ និង អន្តរជាតិ ព្រោះភាគីកកម្ពុជាបានមើលឃើញថា រដ្ឋាភិបាលថៃរបស់ លោក អាភីស៊ីត ពុំមានសុឆន្ទៈ និង ភាពស្មោះត្រង់ក្នុងការចរចាទ្វេភាគី។ កម្ពុជាបានយកបញ្ហាថៃឈ្លានពានប្រាសាទព្រះវិហារនេះទៅដោះស្រាយនៅសហគមន៍អាស៊ាន អង្គការសហប្រជាជាតិ ហើយចុងក្រោយកម្ពុជាបានសម្រចចិត្តស្នើសុំទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឱ្យធើ្វការបកស្រាយឡើងវិញនូវសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ១៩៦២ ដែលសម្រេចឱ្យកម្ពុជាឈ្នះកី្តក្នុងរឿងប្រាសាទព្រះវិហារ ។

តុលាការយុត្តិធម៌អន្តរជាតិ បានបើកសវនាការសុំនុំរឿងនេះកាលពីថ្ងៃទី៣០ និង ៣១ ឧសភា ឆ្នាំ២០១១ តាមសំណើរបស់កម្ពុជា ដែលនៅក្នុងឱកាសនោះ លោក ហោ ណាំហុង ដែលពេលនោះជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជម្រាបក្រុមប្រឹក្សាចៅក្រមថា រដ្ឋាភិបាលកម្ពុជាស្នើឱ្យ ICJ បញ្ឈប់សកម្មភាពយោធាថៃនៅក្នុងទឹកដីខ្មែរក្បែរប្រាសាទព្រះវិហារ។ ទាក់ទងនឹងសំណើជាលក្ខណៈសរសេរ និង ផ្ទាល់មាត់កម្ពុជាបានស្នើសុំឱ្យតុលាការសម្រេចបញ្ជាឱ្យកងទ័ពថៃដកកងកម្លាំងខ្លួនចេញពីទឹកដីកម្ពុជាក្នុងតំបន់ប្រាសាទព្រះវិហារ។តុលាការត្រូវហាមឃាត់រាល់សកម្មភាពយោធាថៃក្នុងតំបន់ប្រាសាទព្រះវិហារ ហើយជាចុងក្រោយហាមឃាត់សៀមមិនឱ្យជ្រៀតជ្រែកសិទ្ធិ កម្ពុជាលើប្រាសាទព្រះវិហារ និង បង្កជម្លោះព្រំដែនឱ្យធ្ងន់ធ្ងរ។

នៅក្នុងខណៈពេលដែលតុលាការកំពុងធ្វើសេចក្ដីសម្រេចចិត្តនោះ រដ្ឋមន្ត្រីការពារជាតិថៃលោក ប្រាវីត វង់សូវ៉ាន់ (Prawit Wongsuwan) បានប្រកាសជាសាធារណៈថាតុលាការ ICJ «គ្មានអំណាចបង្ខំដើម្បីបញ្ជាអោយប្រទេសថៃដកកងទ័ពចេញពីតំបន់មានជម្លោះ នោះទេ» ។

ផ្ទុយទៅនឹងការលើកឡើងខាងលើនេះ លោក ស៊ូប៉ាឡាក់ កាន់ចាណាក់ឃុនឌី អ្នកវិភាគកាសែតឌឹណេហ្សិន (The Nation) របស់ថៃ ដែលមានមូលដ្ឋាននៅទីក្រុងបាងកក កាលពីថៃ្ងទី៨ ខែមិថុនា ឆ្នាំ២០១១ បានធើ្វការទូន្មាន និង ព្រមានថា សេចក្តីប្រកាសរបស់រដ្ឋមន្រី្តការពារជាតិថៃប្រាវីត វង់សូវ៉ាន់ ដែលថាប្រទេសថៃមិនគោរពតាមអធិបញ្ជាណាមួយរបស់តុលាការយុត្តិធម៌អន្តរជាតិ ចំពោះការដកកងទ័ពសៀមនោះ គឺជាការធើ្វអោយមានការភ័ន្តច្រឡំ គ្មានការពិត ហើយនឹងអាចធើ្វអោយខូចឈ្មោះប្រទេសសៀមនៅលើឆាកអន្តរជាតិ ។ លោក ស៊ូប៉ាឡាក់ បានបនែ្ថមទៀតថា នៅពេលដែលតុលាការយុត្តិធម៌អន្តរជាតិចេញសាលក្រុមរបស់ខ្លួន ភាគីទាំងសងខាងមានកាតព្វកិច្ចត្រូវតែអនុវត្តតាមហើយប្រសិនបើភាគីណាមួយក្នុងជម្លោះមិនអនុវត្តតាម ភាគីម្ខាងទៀតអាចស្នើសុំអោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ធើ្វការបង្ខំអោយគោរពតាមសាលដីកា។ ជាមួយនេះដែរ មេទ័ពជើងគោកសៀមលោក ប្រាយុទ្ឋ ចាន់អូឆា បានធើ្វការអំពាវនាវដល់អ្នកនយោបាយថៃទាំងអស់ឈប់និយាយ ឬវិភាគ ពីបញ្ហាប្រាសាទព្រះវិហារ ដែលនាំអោយថៃឈរនៅកនែ្លងចាញ់ប្រៀបកម្ពុជាទុកអោយតុលាការយុត្តិធម៌អន្តរជាតិជាអ្នកសំរេចសិន ។

ការបញេ្ចញទស្សនៈនយោបាយមិនចុះសម្រុងគ្នារបស់អ្នកនយោបាយ និង យោធាថៃទៅលើបញ្ហាប្រាសាទព្រះវិហាររបស់ខែ្មរ បានឆ្លុះបញ្ចាំងអោយឃើញ នូវចេតនាមិនគោរពសចក្តីសម្រេចរបស់ ICJ។ ម៉្យាងទៀតការប្រឆាំងជាមុនរបស់រដ្ឋមន្រី្តក្រសួងការពារជាតិទៅនឹងការសំរេចរបស់តុលាការ ICJ ត្រូវបានអ្នកវិភាគកម្ពុជាយល់ឃើញថា គឺជាចេតនាគំរាមដំណើរការកី្តរបស់តុលាការដែលផ្ទុយទៅនឹងធម្មនុញ្ញរបស់តុលាការដែលតុលាការអន្តរជាតិធើ្វការដោយគ្មានការជ្រៀតជ្រែកពីភាគីណាមួយឡើយ។ ជាមួយគ្នានេះ មន្ត្រីតុលាការយុត្តិធម៌អន្តរជាតិដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងតាមវិទ្យុអាស៊ីសេរីកាលពីថៃ្ងទី៨ ខែមិថុនា ឆ្នាំ២០១១ ថា ការសម្រេចចិត្តរបស់តុលាការភាគីជម្លោះត្រូវតែគោរព ហើយការសម្រេចចិត្តជាការបិទផ្លូវតវ៉ា។ មន្ត្រីរូបបន្តថា ប្រសិនបើភាគីចាញ់ក្ដីមិនគោរពសាលក្រមតុលាការ ភាគីឈ្នះក្ដីអាចប្ដឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីអោយអង្គការសហប្រជាជាតិចាត់វិធានការបង្ខំអោយអនុវត្ត។

ជារួមប្រទេសថៃបានយល់យ៉ាងច្បាស់នូវដែនបូរណភាពនៃប្រាសាទព្រះវិហារ និង តំបន់ជុំវិញប្រាសាទព្រះវិហារ បានស្ថិតដែនអធិបតេយ្យកម្ពុជា។ ប៉ុន្តែអ្នកយោបាយថៃគ្រាន់តែយកបញ្ហានេះ ធ្វើជាល្បែងនយោបាយផ្ទេរទំនាស់វិបត្តិផ្ទៃក្នុងរបស់ប្រទេសខ្លួនទៅបញ្ហាជាតិនិយមទឹកដី។ ទង្វើនេះត្រូវបានគេមើលឃើញថា រដ្ឋបាលលោក អាភីស៊ីត បានរៀបចំឆាកល្ខោននយោបាយតាមរយៈ សេណារីយ៉ូទី១ គឺថៃបានរៀបចំក្រុមបំភ្លៃប្រវត្តិសាស្រ្តអាវលឿង ដែលជាទូទៅគេដឹងថាគឺជាក្រុមរបស់នាយករដ្ឋមន្រ្តី អាភីស៊ីត និង បណ្តាញរាជវាំង។ នយោបាយក្រុមនេះគឺដុតកំហឹងជាតិនិយមជ្រុលនៅកណ្តាលទីក្រុងបាងកក និង បង្កបាតុកម្មគំរាមកំហែង ហើយបានដាក់លិខិតគាបសង្កត់ទៅអង្គការយូណេស្កូ ដែលមានទីស្នាក់ការនៅទីក្រុងបាងកកឱ្យដកប្រាសាទព្រះវិហារចេញពីបញ្ជីបេតិកភ័ណ្ឌពិភពលោក ហើយត្រូវតែពន្យាពេលនូវផែនការអភិរក្សប្រាសាទព្រះវិហារ។ មិនតែប៉ុណ្ណោះក្រុមនេះថែមទាំងគំរាម និង ប្រមាថអង្គការយូណេស្គូ បើមិនធ្វើតាមសំណើរបស់ខ្លួនទេនឹងបណ្តេញស្ថាប័នអន្តរជាតិមួយនេះឱ្យចេញពីប្រទេសសៀម។ យោងតាមច្បាប់អន្តរជាតិប្រទេសថៃគ្មានសិទ្ឋិនិងហេតុផលណាមួយបង្ខំឱ្យគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក ធ្វើតាមសំណើមិនសមហេតុផលរបស់ខ្លួនក្នុងការដកប្រាសាទព្រះវិហារចេញពីបញ្ជីនោះទេ ហើយក៏គ្មានសិទ្ឋិគំរាមគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកឱ្យពន្យាពេលផែនការអភិរក្សប្រាសាទព្រះវិហារនេះដែរ។ ជាងនេះទៅទៀតប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិវប្បធម៌របស់ពិភពលោកតាំងពីឆ្នាំ២០០៨មកម្លេះ ហើយគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកក៏បានសម្រេចទទួលយកផែនការអភិរក្សប្រាសាទតាំងពីសម័យប្រជុំលើកទី៣៤ ស្របតាមរដ្ឋជាភាគីនៃអនុសញ្ញាឆ្នាំ១៩៧២ សី្តពីការការពារបេតិកភ័ណ្ឌសម្បត្តិវប្បធម៌ និង ធម្មជាតិ ។

សេណារីយ៉ូទី២ គឺក្រុមគណៈប្រតិថៃ ដែលទៅចូលរួមក្នុងកិច្ចប្រជុំលើកទី៣៥របស់គណៈកម្មាធិការបេតិភ័ណ្ឌពិភពលោកនៅទីក្រុងប៉ារីសប្រទេសបារាំងពីថៃ្ងទី១៩ ដល់២៩ ខែមិថុនាឆ្នាំ២០១១។ ក្រុមប្រតិភូនេះ គឺមានតួនាទីសំខាន់ណាស់ក្នុងកិច្ចការងារបញ្ចុះបញ្ចូលភូតកុហក បំពុលបរិយាកាសពត៌មាន ដើម្បីឱ្យប្រទេសចំនួន១៨៦ ដែលជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៧២ សី្តពីការការពារបេតិកភ័ណ្ឌសម្បត្តិវប្បធម៌ និង ធម្មជាតិ ដែលក្នុងនោះមានប្រទេសចំនួន២១ ជាសមាជិកគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក ហើយប្រទេសកម្ពុជាជាអនុប្រធានក្នុងអណត្តិឆ្នាំ២០១១ផងនោះជឿទៅលើការភូតកុហករបស់ពួកគេដើម្បីឱ្យគណៈកម្មាធិការគាំទ្រការពន្យាពេល និង ទាត់ចោលផែនការគ្រប់គ្រងប្រាសាទព្រះវិហាររបស់កម្ពុជា។

យើងអាចឆ្លុះបញ្ជាំងថា ករណីបញ្ហាប្រាសាទព្រះវិហារ ប្រទេសថៃបានយល់យ៉ាងច្បាស់នូវដែនបូរណភាពនៃប្រាសាទព្រះវិហារ និង តំបន់ជុំវិញប្រាសាទព្រះវិហារ បានស្ថិតដែនអធិបតេយ្យកម្ពុជា។ ប៉ុន្តែអ្នកយោបាយថៃគ្រាន់តែយកបញ្ហានេះ ធ្វើជាល្បែងនយោបាយផ្ទេរទំនាស់វិបត្តិផ្ទៃក្នុងរបស់ប្រទេសខ្លួនទៅបញ្ហាជាតិនិយមទឹកដី។ ជាពិសេសក្នុងរដ្ឋបាលលោក អាភីស៊ីត បានរៀបចំឆាកល្ខោននយោបាយតាមរយៈ សេណារីយ៉ូបំភ្លៃប្រវត្តិសាស្រ្តអាវលឿង ដែលជាទូទៅគេដឹងថាគឺជាក្រុមរបស់នាយករដ្ឋមន្រ្តី អាភីស៊ីត និង បណ្តាញរាជវាំង។ ក្នុងន័យនេះយើងយល់បានថា ប្រសិនបើអ្នកស្រាវជ្រាវថៃ និង អ្នកនយោបាយថៃ មិនប្រកាន់នូវគំនិតអភិរក្សនិយមជ្រុល ហើយបានទទួលស្គាល់តាមសច្ចភាពប្រវត្តិសាស្រ្តពិតនោះ ប្រទេសទាំងពីរ កម្ពុជា-ថៃ នឹងមិនមានអរិភាពច្រើនយ៉ានេះនោះទេ។

តាមការសិក្សាវិភាគបានបង្ហាញទៀតថា សៀមលឿង សៀមក្រហម គឺសុទ្ធតែថៃទាំងអស់។ ហេតុផលដែលអាចឱ្យទាញសន្និដ្ឋានបែបនេះ ដោយសង្កេតឃើញថា ចាប់ពីឆ្នាំ២០០៦ រហូតមកទល់ឆ្នាំ២០១២ វិវាទនយោបាយកម្ពុជានឹងថៃ និងបញ្ហាព្រំដែន កម្ពុជា-ថៃ បានឆ្លងកាត់នាយករដ្ឋមន្ត្រីថៃចំនួន៦រូប (រួមមាន ៖ថាក់ស៊ីន ស៊ីណាវ៉ាត់, ស៊ូរ៉ាយុទ ជូឡាណុន, សាម៉ាក់ ស៊ុនដារាវេច, អាភីស៊ីត វេចាជីវ៉ា និង យីងឡាក់ ស៊ីណាវ៉ាត់) ក្នុងខណៈប្រទេសកម្ពុជាស្ថិតក្នុងរដ្ឋាភិបាលដឹកនាំដោយសម្តេច ហ៊ុន សែន តែមួយក៏ដោយ ក៏ប្រទេសទាំងពីរ មិនទាន់ឈានទៅដល់ដំណោះស្រាយជាក់លាក់ណាមួយនៅឡើយ ក្រៅពីការសម្រួលកម្លាំងទ័ពលើកទី១នោះ បើទោះជាមានយន្តការជាច្រើនយ៉ាងណាក៍ដោយ។

ឆ្លើយតបនឹងបញ្ហាទាំងនេះ យើងខ្ញុំសូមទាញជាអនុសាសន៍ថា ថ្វីត្បិតតែកម្ពុជាកំពុងរស់ក្រោមដំបូលសុខសន្តិភាព ប៉ុន្តែមិនអាចភ្លេចខ្លួនបាននោះទេ។ ដូច្នេះចាប់ពីអំណឹះតទៅដល់ពេលដែលកម្ពុជាត្រូវមានភាពជាម្ចាស់ការលើការរៀបចំចាត់ចែងភូមិសាស្ត្រនយោបាយផ្ទាល់ខ្លួន ចៀសវាងការពឹងពាក់ទាំងស្រុងនឹងប្រទេសជិតខាង។ ភាពជាម្ចាស់ដំបូងគេដែលកម្ពុជាត្រូវធ្វើ គឺបង្ហាញភាពរឹងមាំរបស់ខ្លួន ដោយត្រូវមានរបងការពារជាតិរឹងមាំ (កងទ័ពល្អ អាវុធយុទ្ធភ័ណ្ឌគ្រប់គ្រាន់) និង មានសាមគ្គីភាព និង ឯកភាពជាតិ ចៀសវាងការប្រើប្រាស់បញ្ហាបូរណភាពទឹកដី ជាល្បែងនយោបាយ ដែលចំណុចនេះ ប្រទេសថៃកំពុងតែជួបការលំបាក។

ភាពខ្លាំងមួយទៀតដែលកម្ពុជាត្រូវមាន គឺឧត្តមភាពនយោបាយការទូត។ គ្រឹះនៃទំនាក់ទំនងអន្តរជាតិបានបញ្ជាក់ច្បាស់ថា «នៅក្នុងទំនាក់ទំនងអន្តរជាតិ គ្មានមិត្ត គ្មានសត្រូវ គឺមានតែផលប្រយោជន៍» ការធ្វើទំនាក់ទំនងជាមួយមហាអំណាចណា ឬ មិត្តភក្របរទេសណា ដែលអាចទាញឧត្តមភាពនយោបាយការទូតបាន កម្ពុជាគួរតែធ្វើ។ ដូចបានលើកក្នុងជំពូក២ ឥទ្ធិពលភូមិសាស្ត្រនយោបាយមហាអំណាច ពិតជាមានតម្លៃណាស់សម្រាប់ទម្ងន់យុទ្ធសាស្ត្រ។ ក្នុងន័យនេះចង់បង្ហាញថា ទោះនៅក្នុងរូបមន្តនៃដំណោះស្រាយណាក៏ដោយ ក៏ត្រូវការការគាំទ្រពីមហាអំណាចដែរ។ ទោះជាត្រូវដោះស្រាយបញ្ហាប្រឈមជាមួយភាគីណាមួយក៏ដោយ កម្ពុជាពុំត្រូវដើរចេញពីយន្តការ ដែលទាក់ទាញសហគមន៍អន្តរជាតិទេ ពោលគឺមិនអាចដើរជាន់ដានថៃ ដែលតែងតែរុញច្រានការចូលរួមពាក់ព័ន្ធរបស់មិត្តអន្តរជាតិនោះ។ ដើម្បីទទួលបាននូវឧត្តមភាពនយោបាយការទូត កម្ពុជាគួរដល់ពេលដែលត្រូវមានគ្រឹះស្ថានឧត្តមសិក្សាគាំទ្រដោយរាជរដ្ឋាភិបាល ធ្វើការសិក្សា និង ស្រាវជ្រាវឱ្យបានស៊ីជម្រៅលើនយោបាយបាយការទូត ប្រវត្តិសាស្ត្រ និង ទំនាក់ទំនងអន្តរជាតិ។

ភាពរឹងមាំដែលត្រូវការចាំបាច់មួយទៀត ភាពម្ចាស់ការលើការអភិវឌ្ឍន៍សេដ្ឋកិច្ច។ នៅចំណុចនេះ យើងត្រូវហ៊ានទទួលស្គាល់ថា នាពេលកន្លងមក កសិករតាមជាយដែនទាំងខាងថៃ និង ទាំងខាងវៀតណាម គឺពឹងអាស្រ័យលើការលក់កសិផលទៅប្រទេសជិតខាងទាំងនេះ។ អាស្រ័យហេតុនេះប្រទេសថៃ តែងបង្ហាញពីភាពក្រអឺតក្រទមលើទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជា។

បញ្ហាចាំបាច់ ដែលប្រទេសទាំងពីរ កម្ពុជា-ថៃ គួរតែចាប់ផ្តើម គឺការទទួលស្គាល់សច្ចភាពប្រវត្តិសាស្ត្រ ពោលគឺដល់ពេលវេលាត្រូវធ្វើការស្រាវជ្រាវ និង សរសេរប្រវត្តិសាស្ត្រឱ្យមានលក្ខណៈឯកភាពគ្នាហើយ។

ប្រសិនបើកម្ពុជា មានភាពរឹងមាំដូចបានពោលខាងលើ នោះអាចឱ្យកម្ពុជាលែងអង្គុយចាំបក់ផ្សែង ហើយឆ្ពោះទៅដើរតួនាទីជាអ្នកពន្លត់ភ្លើងវិញ និង មានលទ្ធភាពគ្រប់គ្រាន់ដើម្បីចាត់ចែង ភូមិសាស្ត្រនយោបាយផ្ទាល់ខ្លួន៕

ដោយ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា


ផ្សារជើងប្រាសាទ (ព្រះវិហារ) ថ្ងៃ២៨ កក្កដា ២០០៨, ម៉ោង៥៤០នាទីល្ងាច ខណៈទាហានឈុតខ្មៅថៃ ឈលាយឡំជាមួយកងទ័ពកម្ពុជា។ ក្រោយមកផ្សារនេះ ត្រូវទាហានឈុតខ្មៅថៃ បាញ់ដុកកម្ទេចចោល។


កម្ពុជារាយបន្លាលួសបិទ ព្រំដែនជើងប្រាសាទព្រះវិហារ, ខ្ញុំ ថតជាមួយបណ្ឌិត គិន ភា កាលពីថ្ងៃទី២៩ កក្កដា ២០០៨, ម៉ោង ៨ព្រឹក


បណ្ឌិត សុខ ទូច ដឹកនាំចងបដានៅមុខវត្ត កែវសិក្ខាគីរីស្វរៈ ភ្នំព្រះវិហារ ក្នុងខ្លឹមសារដេញទ័ពសៀម ទៅវិញ កាលពីថ្ងៃទី២៩ កក្កដា ២០០៨, ម៉ោង ១០:៣០នាទីព្រឹក