(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ និងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធស្ថានតំណាងថ្មីរបស់ADBប្រចាំកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា និងសហការី ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា និងសាទរជាថ្មីម្តង ទៀតចំពោះការសម្ពោធស្ថានតំណាងថ្មីរបស់ ADB ប្រចាំកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការគាំទ្រកម្ពុជាក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចចាប់តាំងពីឆ្នាំ១៩៩២មក។

លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា បានថ្លែងកោតសរសើរ ចំពោះការដឹកនាំប្រកបដោយសុច្ឆន្ទៈ និងការយកចិត្តទុកដាក់ខ្ពស់របស់លោកឧបនាយករដ្ឋមន្រ្តី ក្នុងការគាំទ្រដល់ការសម្រេច គោលដៅអភិវឌ្ឍន៍ជាអាទិភាពរបស់កម្ពុជា ហើយលោកក៏បានគូសបញ្ជាក់ឡើងវិញនូវជំហររឹងមាំរបស់ ADB ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ដំណើររបស់កម្ពុជាឆ្ពោះទៅរកវិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ ADB ក្នុងការរៀបចំ «យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់ អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤-២០២៨ (CPS 2024-2028)» ក្រោមសសរស្តម្ភចំនួន០៣ គឺ៖ (១)ការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលនាំមុខដោយវិស័យឯកជន, (២)ការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស, និង (៣)ការពង្រឹងភាពធន់នឹង បម្រែបម្រួលអាកាសធាតុ។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ក៏បានថ្លែងអំណរគុណ ADB ដែលបាននឹងកំពុងសកម្មគាំទ្រកម្ពុជាឈានសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ស្របតាម ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការរៀបចំ «យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤-២០២៨» ប្រកបដោយប្រសិទ្ធភាព និងភាពឆ្លើយតប នឹងយុទ្ធសាស្រ្តជាអាទិភាពរបស់រាជរដ្ឋាភិបាលដូចមានចែងក្នុង «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១” ព្រមទាំងបានសន្យាបន្តផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការក្នុងទំហំប្រមាណ ១,២៦ ប៊ីលានដុល្លារអាម៉េរិក ក្រោមក្របខណ្ឌ «យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤-២០២៨» នេះ។

អគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វឆ្លាតវៃ និងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១» ដោយផ្តោតលើអាទិភាពគន្លឹះ ចំនួន០៥ គឺមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យាឌីជីថល និងមានគោលដៅយុទ្ធសាស្រ្តចំនួន០៥ គឺ៖ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច៧% ប្រចាំឆ្នាំ, ការបង្កើនការងារ (ទាំងបរិមាណនិងគុណភាព), ការកាត់បន្ថយភាពក្រីក្រ, ការពង្រឹងប្រសិទ្ធភាពការងារនិងចីរភាពនៃការអភិវឌ្ឍសង្គមជាតិ និងការកសាងភាពធន់។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏បានស្វាគមន៍និងគាំទ្រទាំងស្រុងលើ គោលដៅប្រកបដោយមហិច្ឆតារបស់ ADB ក្នុងការប្រែក្លាយខ្លួនជាដៃគូអភិវឌ្ឍន៍ពហុភាគីធំបំផុតនៅកម្ពុជា ក្នុងការផ្តល់ ឥណទានដល់វិស័យឯកជនសម្រាប់ពង្រីកធុរកិច្ចនិងប្រតិបត្តិការនៅកម្ពុជា ដែលត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ច។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ក៏បានថ្លែងអំណរគុណដល់ ADB សម្រាប់ការរួមចំណែកក្នុងការគាំទ្រដល់កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដែលនេះជារបៀបវារៈមួយនៃ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១» សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញល្បឿននៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន និងបានគូសរំលេចអំពីគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល ព្រមទាំងស្នើឱ្យADBបន្តការគាំទ្រលើកិច្ចអភិវឌ្ឍន៍កម្ពុជាឱ្យសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានដែលមានកម្រិតសម្បទានខ្ពស់៕