(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការក្រុមប្រឹក្សាក្រុងក្រចេះ ចំនួន១៥រូប ក្នុងអាណត្តិទី៤ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោក វ៉ា ថន បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ មានគោលបំណងដើម្បីពង្រឹងដំណើ រការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឲ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាននិងផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារធនធាន សមស្របដែលបានផ្ទេរឲ្យទៅរដ្ឋបាលក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការចូលរួមភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋានសំដៅកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ គុណភាពនៃជីវិតរបស់ប្រជា ពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

លោកអភិបាលខេត្ត ជំរុញឲ្យរដ្ឋបាលក្រុង ខិតខំសម្រប សម្រួលដល់ការបំពេញការងារ របស់ក្រុមការងារដែលចុះបំពេញការងានៅគ្រប់ថ្នាក់ ក្រោមដោយត្រូវយកចិត្តទុក ដាក់សម្របសម្រួលរៀបចំវេទិកាសាធារណៈ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានសម្តែងមតិ និងលើកឡើងនូវបញ្ហាប្រឈមនានា។

ក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់គោរពគោល ការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើក កម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោក វ៉ា ថន បានណែនាំឲ្យក្រុមប្រឹក្សាក្រុងទាំងអស់ ត្រូវអនុវត្តនូវកិច្ចការសំខាន់ៗ រួមមាន ត្រូវធ្វើការប្រជុំសាមញ្ញលើកទី១ មិនឲ្យហួសពី១៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែងត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២របស់ខ្លួន មិនឲ្យមុន២៥ថ្ងៃ ឬលើសពី៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ឡើយ។ សមាជិកក្រុមប្រឹក្សាទាំងអស់ មានកាតព្វកិច្ចត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាពិសេសត្រូវមើលច្បាប់ស្តីពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឲ្យបានចាំច្បាស់ ដើម្បីងាយស្រួលក្នុងការអនុវត្ត និងរួមគ្នាដឹកនាំគ្រប់គ្រងការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ ប្រកបដោយស្មារតីទទួល ខុសត្រូវ និងមានប្រសិទ្ធភាព តម្លាភាព សុក្រិតភាព សំដៅបង្ខិតសេវាសាធារណៈដល់មូលដ្ឋាន៕