(ត្បូងឃ្មុំ)៖ លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំងសហការី នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា  រំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X ១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណង ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ។

ទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម គឺដើម្បីយល់ដឹងពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន បានយកជីវិតធ្វើដើមទុន និងដកខ្លួនចេញទៅរៀបចំកម្លាំងសាជាថ្មី ដោយសុំការគាំទ្រពីប្រទេសវៀតណាម រំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ឱ្យរស់រានមានជីវិតដល់បច្ចុប្បន្ន ស្ថិតនៅទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រមទាំងបានដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជន នៅទីនោះផងដែរ៕