(ពោធិ៍សាត់)៖ កម្លាំងចម្រុះរួមមាន ជំនាញរដ្ឋបាលព្រៃឈើពោធិ៍សាត់ នគរបាលប្រឆាំងបទល្មើសក្រសួងមហាផ្ទៃ ផ្នែកសឹករងខេត្ត និងអង្គការអភិរក្សធនធានធម្មជាតិ បានសហការគ្នាបង្រ្កាបរថយន្ត Camry ១គ្រឿង ដឹកឈើគ្រញូងទម្ងន់ជិត ៦០០គីឡូក្រាម នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិដប់បាត សង្កាត់លលក ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក ងី វិរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ការបង្ក្រាបរថយន្តដឹកឈើគ្រញូង ជិត៦០០គីឡូក្រាមនាពេលនេះ ធ្វើឡើងដោយមានកិច្ចសហការពីកម្លាំងចម្រុះទើបបង្រ្កាបបាន។ លោកនាយខណ្ឌបន្តថា ក្រោយមានការឃាត់រថយន្តដឹកឈើគ្រញូង ស្រាប់តែមានក្រុមមិនស្គាល់អត្តសញ្ញាណ១ក្រុម ជិះរថយន្តម៉ាក ISUZU មួយបាំងកន្លះ១គ្រឿង និងម៉ូតូ១គ្រឿង បានមកស្ទាក់គ្រវែងដែកវែង ហើយបើករត់បាត់ ធ្វើឲ្យកម្លាំងសមត្ថកិច្ចរបួសម្នាក់ និងខូចរថយន្ត១គ្រឿង នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ក្នុងគោលបំណងរំដោះរថយន្តដឹកឈើគ្រញូងនោះចេញ។
លោកនាយខណ្ឌបន្តទៀតថា វត្ថុតាងរថយន្ត១គ្រឿង ម៉ាក Camry ពណ៌ស្ករ គ្មានស្លាកលេខ និងឈើគ្រញូងជិត ៦០០គីឡូក្រាម ត្រូវបានយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។
គួរបញ្ជាក់ថាម្ចាស់រថយន្ត Camry ដឹកឈើនោះ ត្រូវបានគេស្គាល់ឈ្មោះ រាក់ ជាឈ្មួញរកស៊ីដឹកជញ្ជូនឈើ រស់នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ រីឯឈ្មួញចាំទទួលរកស៊ីដុះស្លែនោះ ឈ្មោះ ពៅ រស់នៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់៕