(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជាលើកទី៧ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ដែលត្រូវជាលើកទី១៣ (ឆ្នាំទី១៣) សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ២០១២រៀងមក។

ពិធីប្រគល់ និងទទួលថវិកាខាងលើនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានរបស់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

បន្ទាប់ពីទទួលថវិកាចំនួន ១លានដុល្លារ ពីកាកបាទក្រហមកម្ពុជា, ភ្លាមនោះមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បន្ដប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា តំណាងដោយ លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស រួមជាមួយលោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាភ្នំពេញ និងលោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ខេត្តសៀមរាប), គិតមកដល់ពេលនេះជាលើកទី១៣ហើយ ដែលកាកបាទក្រហមកម្ពុជា បានចូលរួមជាមួយមន្ទីរពេទ្យគន្ធបុប្ផា ជួយសង្គ្រោះដល់កុមារកម្ពុជា។

ក្នុងពិធីប្រគល់ និងទទួលនេះ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានសម្តែងនូវក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាពិសេសកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ បរិច្ចាគនូវកម្លាំងកាយចិត្តនិងពេលវេលាផ្ទាល់ខ្លួន ដើម្បីផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ កុមារ និងទារកកម្ពុជារាប់ម៉ឺន រាប់សែននាក់នៅទូទាំងប្រទេស។

លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងបន្ដថា «ថ្វីត្បិតតែកាកបាទក្រហមកម្ពុជា ទទួលបានមូលនិធិ ពីការប្រារព្ធទិវា៨ឧសភា បានតិចជាងឆ្នាំមុនក៏ដោយ ក៏សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ព្រោះថាមន្ទីរពេទ្យនេះ ជាក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ហើយចំពោះមន្ទីរពេទ្យកុមារគន្ធបុប្ផា ក៏ជាអាទិភាពមួយដែលកាកបាទក្រហមកម្ពុជា បានគិតគូរ យកចិត្តទុកដាក់ និងចូលរួមចំណែករែកពន់ជាមួយរាជរដ្ឋាភិបាល និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យ មន្ទីរពេទ្យកុមារគន្ធបុប្ផា អាចបន្តបេសកកម្មផ្តល់សេវាសុខភាព ជូនដល់កុមារកម្ពុជារាប់ម៉ឺនសែននាក់បន្តទៅទៀត»

ជាឱកាសនោះ លោកស្រី សុបភា ក្នុងនាមលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែបាននាំភាពញញឹមដល់ទារក និងកុមារកម្ពុជា តាមរយៈការផ្តល់វិភាគទានចូលមូលនិធិគន្ធបុប្ផាកម្ពុជាជាប្រចាំ ដើម្បីជាប្រយោជន៍សម្រាប់ទារក និងកុមារកម្ពុជារាប់លាននាក់នៅកម្ពុជា ដែលនេះបានបង្ហាញពីការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពទារក និងកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

លោកស្រីបានជម្រាបជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្កើតឡើង និងដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជានាពេលនោះ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេជាស្ថាបនិករបស់មូលនិធិ ហើយបន្តចូលមកដល់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា គឺមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។

លោកស្រីបានគូសបញ្ជាក់ថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៤នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានចំណូលប្រមាណចំនួន ១៣,៣៤លានដុល្លារ និងកើនឡើង ៥% បើធៀបនឹងខែមករា-ឧសភា ដូចគ្នាក្នុងឆ្នាំ២០២៣ ប្រមាណចំនួន ១២លានដុល្លារ។ ជាមួយគ្នានេះ ទិន្នន័យចំណូលបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប ក្នុងរយៈពេល៥ខែ (មករា-ឧសភា) នៃឆ្នាំ២០២៤ មានចំនួនប្រមាណ ១.១៦ លានដុល្លារផងដែរ។ បន្ថែមពីនេះ, បន្ទាប់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកជាផ្លូវការយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃនេះ, សប្បុរសជនប្រមាណជាង ១៣ម៉ឺននាក់ បានចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ និងដោយទទួលបានថវិកាបរិច្ចាគសមមូលជាប្រាក់ដុល្លារ ចំនួនប្រមាណ ១លាន៤០ម៉ឺនដុល្លារ។

តាមការបញ្ជាក់របស់លោកស្រីរដ្ឋលេខាធិការ ក៏បានឱ្យដឹងថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤នេះ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា បានចំណាយថវិកាប្រមាណ ១៦.២លានដុល្លារ (ដោយមិនរាប់បញ្ចូលចំណាយថវិកាជាតិតាមរយៈក្រសួងសុខាភិបាល) ដើម្បីពិនិត្យព្យាបាលកុមារ និងស្រ្តីមានផ្ទៃពោះ ដែលក្នុងនោះរួមមាន៖ ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ចំនួន ៣៥២,០២៥ ករណី, ក្នុងនោះ ជំងឺធ្ងន់ធ្ងរដែលបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំនួន ៦៧,២៣៥នាក់, ស្រ្តីមានផ្ទៃពោះបានមកពិនិត្យ និងតាមដានផ្ទៃពោះ ចំនួន ៤១,០៧៩ករណី, សម្រាលកូនបាន ចំនួន ៨,២០២ នាក់ (នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប), និងវះកាត់ជំងឺបេះដូងពីកំណើតបានចំនួន ៣៩៣ នាក់៕