(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបានករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដោយរឹបអូសបានថ្នាំញៀនប្រមាណ ៥គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

ការចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៤០នាទី កម្លាំងការិយាល័យប្រឆាំងការសម្អាតប្រាក់ (ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងវរៈសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ និង ដឹកនាំសម្របសម្រួលដោយលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណី ជួយដូរគ្រឿងញៀន១ករណី នៅចំណុចហាងកាហ្វេយី ស្តាប៉ាក់ តាមបណ្តោយផ្លូវ ៦០ម៉ែត មុខផ្សារអ៉ីអន៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផលនៃប្រតិបត្តិការនេះ ជំនាញឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ឈ្មោះ TUAN ANG ភេទប្រុស ជនជាតិវៀតណាម, ឈ្មោះ នង សុវណ្ណា ភេទប្រុស ជនជាតិ ខ្មែរ, ឈ្មោះ ឈុន ដារ៉ា ភេទប្រុស ជនជាតិខ្មែរ។ វត្ថុតាងចាប់យក៖ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន ៥ដុំ ស្មើទម្ងន់ ៤ គ.ក្រ ៩៨០ក្រាម និងម្សៅពណ៌កាហ្វេចំនួន ១៥០កញ្ចប់ ស្មើទម្ងន់ ៣០០០ក្រាម ដែលជាសារធាតុមិនច្បាស់។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

ជាការគត់សម្គាល់រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗ ជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក ក្នុងបរិមាណរាប់គីឡូក្រាម និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕