(ហូជីមិញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយ លោក Trieu Quoc Tuan អគ្គនាយកក្រុមហ៊ុន PV Gas នៅទីស្នាក់កណ្តាលក្រុមហ៊ុន ដែលស្ថិតនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមជម្រាបជូនថា ក្រុមហ៊ុន PV Gas បានបង្កើតឡើងនៅចុងឆ្នាំ ១៩៩០ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នដ៏ធំមួយនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលគ្រប់គ្រងដោយរដ្ឋវិនិយោគទៅលើវិស័យឧស្សាហកម្មឧស្ម័ន មានបុគ្គលិកប្រមាណ ៤,២០០នាក់ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vietnam Oil and Gas Group។

ក្រុមហ៊ុន PV Gas ទទួលបានពានរង្វាន់អន្តរជាតិ ជាសហគ្រាសដែលរកបានប្រាក់ចំណេញល្អបំផុត (Best Profitable Enterprises) ក្នុងឆ្នាំ២០២២ និងបានជាប់ចំណាត់ថ្នាក់ទី២០ ក្នុងចំណោមក្រុមហ៊ុនបោះផ្សាយមូលបត្រដ៏មានកិត្យានុភាព និងប្រសិទ្ធភាពបំផុតទាំង៥០ នៅក្នុងសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឆ្នាំ២០២៣ ដោយ Vietnam Reporter JSC៕