(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌច្បារអំពៅ នៅសាលាខណ្ឌច្បារអំពៅ។

លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ចៅសង្កាត់ ពិសេសប្រធានផ្សារ ត្រូវចាប់ឱ្យបាន ចំពោះអ្នកយកភាស៊ីលើសសៀវភៅបន្ទុក ដើម្បីយកពួកគាត់មកដាក់ទោសទណ្ឌទៅតាមច្បាប់។ លោកបានលើកជាឧទាហរណ៍ថា ការផ្ញើកង់ ម៉ូតូ ក្នុងសៀវភៅបន្ទុក ៣០០រយរៀល យកតម្លៃ ៥០០រយ ឬ ១០០០រៀល គឺយកលើសសៀវភៅបន្ទុកហើយ ដែលអាជ្ញាធរ និងសមត្ថកិច្ច ត្រូវធ្វើការរឿងនេះ។

លោក ឃួង ស្រេង បានលើកឡើងទៀតថា ការកាន់អំណាចយូរ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈកាលបោះឆ្នោត គាំទ្រពីប្រជាពលរដ្ឋ មិនខុសច្បាប់ទេ។ មហិច្ចតារបស់សម្តេចតេជោ ហ៊ុន សែន គឺធ្វើយ៉ាងណាអភិវឌ្ឍប្រទេស ឱ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ ដូច្នេះសូមចូលរួមទាំងអស់គ្នា ដើម្បីឱ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ។

លោក ឃួង ស្រេង បានបន្តទៀតថា គម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ពិសេសទឹកភ្លៀងហូរមកពីខេត្តកំពង់ស្ពឺ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺបានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញ នឹងលែងលិចលង់ ជាមួយនិងការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ៥ឆ្នាំកន្លងមកនេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួនជាង ៩១៣០០០សេវា ដោយទទួលបានថវិកាពីសេវានេះប្រមាណ ១៨៥៦លានរៀល ចូលជាថវិកាជាតិ បានកសាងសមិទ្ធផលជាច្រើននៅក្នុងមូលដ្ឋាន ដែលមានដូចជា ធ្វើសួនច្បារបាន៣សួនច្បារ ដាក់ភ្លើងបំភ្លឺសាធារណៈបានចំនួន២៦១៨គោម ស្ថាបនាផ្លូវបេតុងបានជាច្រើនខ្សែ ដាក់លូបានជាច្រើនខ្សែ ស្តារប្រឡាយ ដាំដើមឈើនៅតាមសាលារៀន និងតាមវត្តអារាម ជាមួយនិងការរៀបចំចិញ្ចើមផ្លូវផងដែរ។

រដ្ឋបាលខណ្ឌច្បារអំពៅ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ បង្ការ ទប់ស្កាត់បាននូវភាពវឹកវរនៅក្នុងសង្គម។ បន្ថែមពីនេះ រដ្ឋបាលខណ្ឌនូវបានប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាមួយនិងការបង្ក្រាបក្មេងទំនើងផងដែរ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលត្រូវបានប្រកាសឱ្យចូលកាន់តំណែងនៅពេលនេះ មានសមាជិក សមាជិកា ចំនួន២១រូប ក្នុងនោះ លោក អ៊ុំ ម៉ារ៉េត ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ សំរាប់អាណត្តិទី៤នេះ៕