(ភ្នំពេញ)៖ លោកស្រី ប្រាក់ សុខលី ដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះ និងជាមន្ត្រីសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលថវិកាដើម្បីសម្រាលបន្ទុកគ្រួសារមួយចំនួន ពីក្រុមការងារអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា ប្រធានកិត្តិយស តំណាងលោក ជា ពិសី អភិបាលខណ្ឌ។

លោកស្រី អាន ផល្លា មុនប្រគល់ និងទទួលថវិកាឧបត្ថម្ភនេះ បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំសមាគម ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ-សង្កាត់-ភូមិ នូវសមានចិត្តប្រកបដោយគុណធម៌ និងក្តីអាណិតអាសូរ ដែលជានិច្ចកាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទៅ និងគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ បន្ទាប់ពីលើកទឹកចិត្តឲ្យលោកស្រីមន្ត្រីសង្កាត់ទឹកល្អក់ទី៣ យកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អប្រសើរ និងសូមជូនពរឆាប់ធូរស្រាលពីជម្ងឺឡើងវិញ និងឆាប់បានចូលបម្រើការងារ។

លោកស្រី ប្រាក់ សុខលី មន្ត្រីសង្កាត់ទឹកល្អក់ទី៣ ស្ថិតក្នុងឱកាសនេះ និងបន្ទាប់ពីទទួលបានថវិកា ដើម្បីសម្រាលបន្ទុកគ្រួសារមួយចំនួន និងតាមរយៈអនុសាខសមាគមនារីកម្ពុជាខណ្ឌ បានថ្លែងអំណរគុណយ៉ាងក្រៃលែង និងសូមជូនពរដល់ថ្នាក់ដឹកនាំសមាគម ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ-សង្កាត់-ភូមិ ជាមួយមន្ត្រីពាក់ព័ន្ធទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជោគជ័យជានិច្ចលើភារកិច្ចការងារ និងសូមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕