(ភ្នំពេញ)៖ ថ្លែងពីលើវេទិកាក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ «ខួប ២០ឆ្នាំ នៃការបរិច្ចាគឈាម សូមអរគុណសប្បុរសជនបរិច្ចាគឈាម» នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោកសាស្ដ្រាចារ្យ​ ឈាង​ រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា «ការផ្ដល់ឈាម គឺជាការផ្ដល់ជីវិត» ព្រោះថាបើមិនមានឈាម អ្នកជំងឺអាចនឹងមានគ្រោះដល់ជីវិត។

ដូច្នេះអ្នកផ្ដល់ឈាម គឺជាវីរៈបុរសពិតៗ ដែលលះបង់ឈាមស្រស់ សង្គ្រោះជីវិតអ្នកជំងឺនៅតាមមន្ទីរពេទ្យដែលត្រូវការឈាមជាចាំបាច់ដើម្បីរស់នៅបន្ដ ។អំណោយនៃការផ្ដល់ឈាម គឺជាការជួយសង្គ្រោះជីវិតមនុស្សដ៏ធំធេងណាស់។ ក្នុងឱកាសនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ មកពីគ្រប់ស្ថាប័នរដ្ឋ និងឯកជន ដែលជាវត្ដមានមិនអាចខ្វះបាន និងជាចលករដ៏សំខាន់ ក្នុងការធ្វើឱ្យយើងសម្រេចបាននូវការទទួលបានអំណោយឈាមឱ្យបានកាន់តែច្រើន និងគ្រប់គ្រាន់។

លោកសាស្រ្ដាចារ្យបានថ្លែងបន្ដថា «ការផ្ដល់ឈាមដោយស្ម័គ្រចិត្ដនេះ ក៏ជាសមកម្មភាពនៃការសាមគ្គី និងក្ដីស្រលាញ់ ដល់អ្នកនៅជុំវិញខ្លួនយើង រួមទាំងសង្គមជាតិ ហើយការផ្ដល់ឈាមនេះ គឺជាការផ្ដល់នូវជីវិត ដល់អ្នកជំងឺ ដែលត្រូវការឈាមដើម្បីរួមផុតពីសេចក្ដីស្លាប់។ ដូច្នេះក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានអំពាវនាវដល់សប្បុរសជនទាំងអស់ បន្ដផ្ដល់អំណោយឈាម ពិសេសការកៀរគរឱ្យមានការចូលរួមបន្ដទៀត ក្នុងការផ្ដល់ឈាមដោយស្ម័គ្រចិត្ដ ដើម្បីឈានទៅដល់មានឈាមគ្រប់គ្រាន់១០០% សម្រាប់សង្គ្រោះជីវិតមនុស្ស»

លោកសាស្ដ្រាចារ្យបានគូសរម្លឹកថា ពិតណាស់ថាពេលនេះអ្នកផ្ដល់ឈាម ពិសេសយុវជន សិស្សនិស្សិត មិនទាន់មានតម្រូវការឈាម តែដល់វ័យមួយយើងនឹងគ្រួសារយើង អាចនឹងមានតម្រូវការឈាមជាចាំបាច់ ។ បច្ចុប្បន្ននេះ ការផ្ដល់ឈាមរបស់សប្បុរសជនទាំងឡាយ គឺបានជួយសង្គ្រោះអ្នកជំងឺនៅតាមមន្ទីរពេទ្យជាច្រើន រួមមានស្ដ្រីឆ្លងទន្លេ ពិសេសដោយវះកាត់, អ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ ជំងឺតម្រងនោម មហារីក និងជំងឺផ្សេងៗទៀត។

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ការផ្តល់ឈាម គឺជាការធ្វើអំពីល្អ ជាការជួយសង្រ្គោះជីវិតមនុស្ស ហើយមានមនុស្សរាប់លាននាក់បានធ្វើអំណោយឈាម តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មានអំណោយឈាមប្រមាណ ១១៨,៥លានប្លោក នៅទូទាំងពិភពលោកក្នុងមួយឆ្នាំ។

បើតាមរយៈរបាយការណ៍របស់ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅកម្ពុជា យើងទទួលបានអំណោយឈាមចំនួន ១៤៣,១៤៣ប្លោក ក្នុងឆ្នាំ២០២៣ កើនឡើង ២៥.០៥% ច្រើនជាងអំណោយឈាមក្នុងឆ្នាំ២០២២ ចំពោះការផ្គត់ផ្គង់ឈាម និងសមាសភាពឈាមមានចំនួន ១៤៩,២៧៤ប្លោក កើនឡើង២៩,៨១% ច្រើនជាងឆ្នាំ២០២២។ ការកើនឡើងនៃអំណោយឈាមនិងការផ្គត់ផ្គង់ឈាម បានឆ្លុះបញ្ចាំងពីការគ្របដណ្តប់សេវាព្យាបាល ដែលក្នុងនោះរួមមានសេវាព្យាបាលតាមជំនាញឯកទេស និងសង្រ្គោះបន្ទាន់ ទាំងនៅមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបងែ្អកស្រុក និងខេត្ត ដែលជាការចូលរួមចំណែកក្នុងការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានបន្ដថា ដើម្បីជាការតបស្នងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខភាព សុខុមាលភាពប្រជាពលរដ្ឋគ្រប់រូប ក្រសួងសុខាភិបាលបានជំរុញឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម បង្កើនយុទ្ធនាការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការបរិច្ចាគឈាមស្ម័គ្រចិត្ត ជាពិសេសក្នុងចំណោមយុវជន និងលើកកម្ពស់វប្បធម៌នៃការបរិច្ចាគឈាមទៀងទាត់ ដោយបង្កើតជាក្រុមអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តនៅក្នុងសហគមន៍, បន្តរៀបចំប្រារព្ធទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមជារៀងរាល់ឆ្នាំ ដើម្បីថ្លែងអំណរគុណជាអនេកប្បការជូនដល់សប្បុរសជនបរិច្ចាគឈាមគ្រប់រូប តាមគ្រប់រូបភាព និងមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន អង្គការ សមាគម វិស័យឯកជន សប្បុរសជន និងធ្វើនវានុវត្តន៍បច្ចេកវិទ្យាក្នុងសេវាកម្មទទួលអំណោយឈាម និងផ្គត់ផ្គង់ឈាម និងសមាសភាព ឈាមឱ្យបានគ្រប់គ្រាន់ ដើម្បីគាំទ្រដល់សេវាព្យាបាលនិងថែទាំជំងឺនៅគ្រប់មន្ទីរពេទ្យ ឱ្យមាននិរន្តរភាព សុវត្ថិភាពក្នុងគ្រប់កាលៈទេសៈ។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ ស្របតាមគោលបំណង និងប្រធានបទនៃទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្នុងនាមក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈសម្ដេចជានាយករដ្ឋមន្រ្តីកម្ពុជានាពេលនោះ បានអំពាវនាវ លើកទឹកចិត្តជាបន្តបន្ទាប់ឱ្យប្រជាពលរដ្ឋ និងយុវជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះការគាំទ្រយុទ្ធនាការលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត តាមរយៈសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្ត។

ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្តេចជាសប្បុរសជនបរិច្ចាគឈាមឈាមជាទៀងទាត់ និងគំរូសម្រាប់ យុវជន កងទ័ព និងប្រជាពលរដ្ឋទូទៅនៅកម្ពុជា សម្តេចបានចាត់ទុក «ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា»។

ជាមួយគ្នានេះ ក៏បានថ្លែងអំណរគុណជូនចំពោះសប្បុរសជនបរិច្ចាគឈាមស្ម័គ្រចិត្ត អ្នកបរិច្ចាគឈាមជាក្រុមគ្រួសារអ្នកជំងឺទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ដែលជាការចែករំលែកជីវិតដល់ជនរងគ្រោះ និងអ្នកជំងឺគ្រប់ប្រភេទជាច្រើននាក់។ ក្នុងនោះក៏បានថ្លែងអំណរគុណជូនចំពោះគ្រប់ស្ថាប័ន អង្គភាព សាកលវិទ្យាល័យ វិទ្យាស្ថាន មហាវិទ្យាល័យ វិទ្យាល័យ សាលាបណ្តុះបណ្តាលគ្រប់ប្រភេទ វត្តអារាម ព្រះវិហារសាសនានានា អង្គការ សមាគមកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុនឯកជនទាំងអស់ ដែលបានអនុញ្ញាតជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមជ្ឈមណ្ឌលផ្តល់ឈាមខេត្តទាំងអស់ ចុះធ្វើការអប់រំផ្សព្វផ្សាយដោយទៀងទាត់ និងទទួលអំណោយឈាមពីមន្ត្រី បុគ្គលិក សមាជិក សមាជិកា ដោយទឹកចិត្តសប្បុរសធម៌ ជាទីបំផុត។

លោករដ្ឋមន្ដ្រីក៏បានថ្លែងអំណរគុណក្រុមហ៊ុន វ័នហ្រ្វេតធើនីធី (វីតាល់ មីជាតិ) ក្រុមហ៊ុន ស៊ីភី ធនាគារ អេសប៊ី អាយ លីហួរ និងក្រុមហ៊ុនទាំងអស់ ដែលបានគាំទ្រ និងឧបត្ថម្ភក្នុងការរៀបចំទិវាពិភពលោកនៃបរិច្ចាគឈាមក្នុងថ្ងៃនេះ និងប្រកបដោយទឹកចិត្តសប្បុរស។ ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងស្វាគមន៍ដល់អង្គការ សមាគម សប្បុរសជនទាំងអស់ សូមបន្តជួយគាំទ្រដល់សេវាកម្មជាតិផ្តល់ឈាមរបស់យើង ដើម្បីឧត្តមប្រយោជន៍ មនុស្សធម៌ និងការជួយជីវិតមនុស្ស៕