(កណ្តាល)៖ សមត្ថកិច្ចចម្រុះរបស់ស្រុកល្វាឯម បានដឹកនាំកម្លាំងចុះបង្ក្រាប បទល្មើសនេសាទខុសច្បាប់ ដោយចាប់បាននូវវត្ថុតាងល្មើសច្បាប់ជាច្រើន ហើយកម្លាំងជំនាញ ក៏សម្រេចចិត្ត ដុតកម្ទេចចោល ឧបករណ៍ទាំងនោះ នៅនឹងកន្លែងល្មើសតែម្ដង។
កិច្ចសហការបង្ក្រាបនេះ បានធ្វើឡើងត្រង់់ចំណុច ឃុំចំនួន៤ នៅក្នុងបឹងវាលសំណាប គឺឃុំសារិការកែវ,ឃុំពាមឧកញ៉ាអុង,ឃុំបារុង និងឃុំព្រែកេ្មង ក្នុងស្រុកល្វាឯម ខេត្តកណ្តាល នាម៉ោង៤ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ និងដឹកនាំចម្រុះដោយលោក កែវ វិបុល អភិបាលរងស្រុកល្វាឯម។
លោក វ៉ិត ធារិទ្ធ នាយខណ្ឌជលផលខេត្តកណ្តាល បានប្រាប់ Fresh News ឲ្យដឹងថា នៅក្នុងអំឡុងបើកប្រតិបត្តិការបង្គ្រាប ករណីបទល្មើសនេសាទខុសច្បាប់ខាងលើនេះ សមត្ថកិច្ចចម្រុះដកហូតបាន វត្ថុតាងមួយចំនួន រួមមានលបស្បៃមុង ចំនួន៨២លប, បង្គ្រោលចំនួន៣០៦ដើម, ព្រួលស្បៃមុងប្រវែង២៣០០ម៉ែត្រ និងចាក់ព្រលែងកូនត្រី ចូលបឹងធម្មជាតិវិញ រាប់ម៉ឺនក្បាល។ ដោយឡែកឧបករណ៍ នេសាទខុសច្បាប់ទាំងអស់ ត្រូវបានដុតបំផ្លាញចោល នៅនឹងកន្លែងកើតហេតុ។
លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តរូបនេះ បានបន្តថា លោកសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋត្រូវបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយបើប្រជានេសាទ ចង់ប្រកបមុខរបរនេសាទ លោកនឹងផ្តល់ជាពូជកូនត្រី សម្រាប់ចិញ្ចឹម ដោយមិនគិតថ្លៃ ព្រមទាំងថែមការបង្រៀន នូវបច្ចេកទេសក្នុងការចិញ្ចឹម មើលថែទាំត្រី ដល់បងប្អូនប្រជានេសាទថែមទៀតផង។
លោកបន្តថា ការប្រកាសផ្ដល់ពូជកូនត្រី ដល់បងប្អូនប្រជានេសាទ នៅពេលនេះ គឺដើម្បីជួយសម្រួលដល់ពួកគាត់ ក្នុងការបង្កើតការងារក្នុងគ្រួសារ ដោះស្រាយបញ្ហាប្រឈមនានា មានមុខរបរពិតប្រាកដ ជៀសផុតពីការនេសាទត្រីខុសច្បាប់ នឹងធ្វើឲ្យជីវភាពគ្រួសារប្រសើរឡើង៕