(ភ្នំពេញ)៖ លោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអៀរឡង់ ប្រចាំកម្ពុជា និងលោក Niall Tierney នាយកកម្មវិធីសកលនៃជំនួយសាធារណរដ្ឋអៀរឡង់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២៤ បានជួបជាមួយក្រុមការងារ របស់អង្គការហេឡូត្រាស្តកម្ពុជា នៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីប្រសិទ្ធភាព នៃជំនួយគាំទ្ររបស់សាធារណរដ្ឋអៀរឡង់ សម្រាប់សកម្មភាពមីនមនុស្សធម៌ និងប្រគល់ឧបករណ៍បោសសម្អាតមីន ដែលបានផ្តល់ដោយអៀរឡង់ ដល់ក្រុមការងារបោសសម្អាតមីន។

ក្នុងឆ្នាំនេះ សាធារណរដ្ឋអៀរឡង់ បានផ្តល់ជំនួយឥតសំណងចំនួន ៨០០,០០០អ៊ឺរ៉ូ សម្រាប់សកម្មភាពកម្ចាត់មីនមនុស្សធម៌ របស់អង្គការហេឡូត្រាស្ត នៅក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេល៨ឆ្នាំ កន្លងមកនេះ ប្រទេសអៀរឡង់ បានចូលរួមផ្ដល់ថវិកាចំនួន៤.៧លានអ៊ឺរ៉ូ សម្រាប់ការងាររបស់អង្គការហេឡូត្រាស្ត នៅកម្ពុជា។

ក្នុងរយៈពេល៣ទស្សវត្សរ៍ បន្ទាប់ពីការចាប់ផ្តើម នៃកិច្ចខិតខំប្រឹងប្រែង ក្នុងសកម្មភាពកម្ចាត់មីន កម្ពុជានៅតែបន្តប្រឈមមុខធំធេង នឹងការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះផ្សេងទៀត នៃសង្គ្រាម។ ចាប់តាំងពីឆ្នាំ១៩៧៩មក បុរស ស្ត្រី និងកុមារកម្ពុជាជាង ៦៥,០០០នាក់ ត្រូវបានស្លាប់ ឬ រងរបួសយ៉ាងធ្ងន់ធ្ងរពីគ្រោះថ្នាក់ដោយសារមីននឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ។

ចំនួនអ្នកស្លាប់ និងរបួសបានថយចុះយ៉ាងខ្លាំង (ពី ២០៦៩នាក់ ក្នុងឆ្នាំ១៩៩៣ មកនៅក្រោម៣០នាក់ ក្នុងឆ្នាំ២០២៣) ដោយសារកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការងារសកម្មភាពមីន ពីគ្រប់ប្រតិបត្តិករជាតិ និងអន្តរជាតិទាំងអស់។

ហេឡូត្រាស្ដ ជាអង្គការអន្តរជាតិ ត្រូវបានទទួលស្គាល់ជាសកល ដែលមានបទពិសោធ ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ជាច្រើនទស្សវត្សរ៍ នឹងប្រើប្រាស់ជំនួយរបស់អៀរឡង់នេះ ក្នុងការដាក់ពង្រាយកម្លាំងបោសសម្អាតមីនចំនួន៧ក្រុម ក្រុមស្រាវជ្រាវ និងកម្ទេចគ្រាប់ (EOD) ១ក្រុម និងក្រុមអប់រំមីន និងគ្រាប់ (EORE) ១ក្រុម។

លោកស្រី Deirdre Ní Fhallúin បានគូសបញ្ជាក់អំពីសារៈសំខាន់ ក្នុងការភ្ជាប់ទំនាក់ទំនងភាពជាដៃគូ ជាមួយអង្គការនានា ដូចជាអង្គការហេឡូត្រាស្ត ដែលជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន។

ក្នុងការប្រគល់ជូនឧបករណ៍ ដែលឧបត្ថម្ភដោយស្ថានទូតអៀរឡង់នោះ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងថា «ចាប់តាំងពីឆ្នាំ១៩៩៤មក ជំនួយអៀរឡង់ បានជួយគាំទ្រដល់កម្មវិធីបោស សម្អាតមីន មនុស្សធម៌របស់អង្គការហេឡូត្រាស្ត នៅប្រទេសកម្ពុជា»

លោកស្រីបន្ដថា «យើងមានមោទនភាពក្រៃលែង ដែលក្រុមការងារទទួលជំនួយ ពីសាធារណៈរដ្ឋអៀរឡង់ បានបោសសម្អាតមីនចំនួន ៣១.៣៤៣គ្រាប់ ក្នុងភូមិចំនួន៣៦១ភូមិ និងប្រគល់ដីសុវត្ថិភាពជាង ៣,៦៨៤ហិកតា ជូនសហគមន៍វិញ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការផ្ដល់ជំនួយនេះ មានផលវិជ្ជមានពិតប្រាកដ សម្រាប់សហគមន៍នាពេលបច្ចុប្បន្ន ហើយក៏ផ្តល់អត្ថប្រយោជន៍ ដល់មនុស្សជំនាន់ក្រោយផងដែរ»

លោក Niall Tierney នាយកកម្មវិធីសកលរបស់ជំនួយមនុស្សធម៌អៀរឡង់ បានគូសបញ្ជាក់ថា «ការរំសាយសព្វាវុធ គឺជាមូលដ្ឋានគ្រឹះ នៃគោលនយោបាយការបរទេសរបស់អៀរឡង់។ សាធារណរដ្ឋអៀរឡង់ បន្តដើរតួនាំមុខគេ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការរំសាយសព្វាវុធ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ការងាររបស់យើង ជាមួយអង្គការហេឡូត្រាស្តកម្ពុជា គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាសកលនេះ»

លោក Miles Hawthorn នាយកកម្មវិធីអង្គការហេឡូត្រាស្ត ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់សាធារណរដ្ឋអៀរឡង់ សម្រាប់ជំនួយគាំទ្រក្នុងឆ្នាំ២០២៤នេះ។ លោកបានថ្លែងថា «ជំនួយគាំទ្រពីសាធារណរដ្ឋអៀរឡង់ នឹងរួមចំណែកដល់យុទ្ធសាស្ត្រគ្មានមីន របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងជួយជំរុញយើងទាំងអស់គ្នា ឲ្យខិតកាន់តែជិតនៃការស្តារឡើងវិញ»