(ភ្នំពេញ)៖ សាកលវិទ្យាល័យ CUS និងសាកលវិទ្យាល័យ SEOJEONG នៃសាធារណៈរដ្ឋកូរ៉េ បានចុះអនុស្សារណៈយោគយល់គ្នារវាងសាកលវិទ្យាល័យទាំងពីរ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធ នៃការសិក្សាទៅវិញទៅមករវាងសាស្រ្តាចារ្យ និងនិស្សិតនៅទីតាំងគោលទួលគោកភ្នំពេញ (កម្ពុជា) ដែលមានសាស្ត្រាចារ្យ និងនិស្សិតចូលរួមចំនួន១០០នាក់។

ការចុះអនុស្សារណ:យោគយល់គ្នានេះធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងពីធីនោះ លោកបណ្ឌិត កែវ ជា តំណាងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានលើកឡើងពីប្រវត្តិសាកលវិទ្យាល័យដែលមានឈ្មោះដើមថា «វិទ្យាស្ថាន ឯកទេស នៃកម្ពុជា» ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ និងបានពង្រឹង និងពង្រីកខ្លួនទៅជា «សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា» នៅឆ្នាំ២០០៤។

ដោយទទួលបានភាពជោគជ័យដ៏ត្រចះត្រង់ នៃការកសាងមូលធនមនុស្សជាង២០ឆ្នាំមកនេះ បច្ចុប្បន្នសាកលវិទ្យាល័យ មាន២ទីតាំង នៅរាជធានីភ្នំពេញ និងមានសាខាចំនួន៦ ស្ថិតនៅទីរួមខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងទីរួមខេត្តកំពត ដែលមានគណៈគ្រប់គ្រង បុគ្គលិក-សាស្រ្តាចារ្យ ចំនួន១,១៨៦នាក់ (នារី១៧៧នាក់)បាននិងកំពុងធ្វើការបណ្តុះបណ្តាលនៅក្នុងមហាវិទ្យាល័យចំនួន៥គឺ ១៖មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ២៖មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ, ៣៖មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, ៤៖មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និង៥៖មហាវិទ្យាល័យវិស្វកម្ម។

សាកលវិទ្យាល័យ មានការបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មាននិស្សិតកំពុងសិក្សាសរុបចំនួន ៤០,៤៥៨អង្គ/នាក់ ព្រមទាំងមានជ័យលាភីដែលត្រូវទទួលសញ្ញាបត្របញ្ចប់ការសិក្សាមានចំនួន១០លើករួចហើយ។ បើគិតពី២០០៣-២០០៤ ដល់ឆ្នាំសិក្សា២០២១-២០២៣ និស្សិតគ្រប់កម្រិត បានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សរុបចំនួន៥០,៣៤៦នាក់ (នារី១៦,៧៥៨នាក់)។

ទន្ទឹមនឹងនេះ មាននិស្សិតកំពុងសិក្សាគ្រប់កម្រិតគ្រប់ទីតាំងនិងសាខាសរុបចំនួន១១,៧៤៧នាក់ (នារី ៥,៧៨៨នាក់) និងបានរួមចំណែកយ៉ាងសកម្ម ជាមួយសាកលវិទ្យាល័យ ក្នុងការចូលរួមសកម្មភាពសង្គមផ្សេងៗផងដែរ រួមមាន សកម្មភាពយុវជនរបស់ស.ស.យ.ក សកម្មភាពយុវជនកាយឫទ្ធិកម្ពុជា និងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា។

បើតាមលោកបណ្ឌិត ដើម្បីពង្រឹងជំនាញ បណ្តុះគំនិតសហគ្រិន ភាពដល់និស្សិត សាកលវិទ្យាល័យ តែងបានអញ្ជើញអ្នកជំនាញតាមវិស័យការងារ ដែលមានបទពិសោធន៍ច្រើនមកធ្វើបាឋកថា សន្និសីទសិក្ខាសាលា ជូនដល់និស្សិតជាប្រចាំនិងក៏បានបញ្ជូននិសិ្សតចុះកម្មសិក្សាដល់ការដ្ឋានការងារជាក់ស្តែងតាមកម្មវីធីជាក់លាក់។

សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការ និងបានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសចំនួន៥៧ មកពីកូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និងអ៊ីស្រាអែលជាដើម ព្រមទាំងបានចូលរួមវេទិកា និងសន្និសីទធំៗទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ ជាពិសេសដូចថ្ងៃនេះ សាកលវិទ្យាល័យ បានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ Seojeong នៃសាធារណ:រដ្ឋកូរ៉េ ដែលមានលោកស្រី Lee Joo Young ជាតំណាង។

ក្រៅពីនេះដើម្បីជួយនិស្សិតងាយស្រួលរកកន្លែងហាត់ការ ធ្វើកម្មសិក្សា ការងារស្ម័គ្រចិត្ត និងរកការងារធ្វើ សាកលវិទ្យាល័យបានចុះអនុស្សរណៈយោគយល់ជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័ននានាក្នុងស្រុកចំនួន៥៤៣នៅទូទាំងប្រទេស ហើយនឹងបន្តជំរុញឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ តាមគម្រោងអភិវឌ្ឍន៍ នៅទីតាំងគោលរាជធានីភ្នំពេញ នឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងមាំយូរអង្វែងរបស់ខ្លួន ព្រមទាំងការអភិវឌ្ឍផ្សេងៗទៀត លើផ្ទៃដីដែលបានបម្រុងទុកជាង ១០ហិតានៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និង២៥ហិតាទៀត ស្ថិតនៅសង្កាត់ឪឡោក ខណ្ឌកំបូល ឲ្យបានមុនឆ្នាំ២០២៧ នាខួប២៥ឆ្នាំ រីឯសាខាដទៃទៀតក៏នឹងអភិវឌ្ឍន៍បន្ថែមជាបន្តបន្ទាប់នៅលើផ្ទៃដី ដែលបានបម្រុងទុករួចហើយ៕