(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងថា បញ្ហាបរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាការងារផ្ដាច់មុខរបស់មន្ទីរបរិស្ថាន បុគ្គលណាម្នាក់ ឬអង្គភាពណាមួយនោះទេ គឺយើងត្រូវចូលរួមទាំងអស់គ្នា។

លោក ញ៉ែម សំអឿន បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ នៅក្នុងទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥ មិថុនា ២០២៤ ក្រោមប្រធានបទ «ការកែប្រែដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត» ដែលរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រដ្ឋបាលក្រុងបានលុង និងមន្ទីរពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅបរិវេណរម្មណីយដ្ឋាន បឹងយក្ខឡោម។

លោក ញ៉ែម សំអឿន បានបន្តថា ទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៤ ចង់បង្ហាញនូវសារៈសំខាន់នៃការចូលរួមរបស់ យើងទាំងអស់គ្នាដែលជាប្រជាជនកម្ពុជាក្នុងការស្រឡាញ់ ទឹកដី ស្រឡាញ់ធនធានធម្មជាតិ និងចូលរួមថែរក្សា ការពារដើម្បីបរិស្ថានស្អាតតាមរយៈការចូលរួមជាមួយសកម្មភាពងាយៗ រួមមាន ការប្រតិបត្តិមេត្រីភាព បរិស្ថាន ការសំអាតអនាម័យបរិស្ថាន តាមលំនៅដ្ឋាន ទីសាធារណៈ ដោយទុកដាក់សំរាម សំណល់រឹង-រាវ ផ្សេងៗ បានត្រឹមត្រូវដោយដាក់ក្នុងធុងសំរាម ការដាំដើមឈើឱ្យបានផុសផុល ដើម្បីបរិស្ថានបៃតងស្រស់បំព្រងប្របកដោយ ផាសុខភាព។

លោក ញ៉ែម សំអឿន បានបបន្ថែមថា តាមរយៈការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករ ជំរុញឱ្យមានការផ្ដួចផ្ដើមធ្វើសកម្មភាព មេត្រីភាព បរិស្ថាន ចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់សំណល់បានត្រឹមត្រូវ ដោយមិនបោះចោលពាសវាលពាសកាលនៅទីសាធារណៈ ដែលមិនធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពប្រទេសជាតិយើង៕