(ភ្នំពេញ)៖ ឧបទ្ទវហេតុផ្ទុះគ្រាប់នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៣ នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីចុងខែមេសា ឆ្នាំ២០២៤កន្លងទៅ ក្រៅពីធ្វើឱ្យយោធាស្លាប់ និងរងរបួសហើយនោះ ឥទ្ធិពលគ្រាប់ផ្ទុះបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរងការខូចខាតផងដែរ។

លោក សែ សូនី មេភូមិបុរីកម្មករ បានឱ្យដឹងថា ឧបទ្ទវហេតុផ្ទុះគ្រាប់នោះបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុសរុបជាង១៥០ខ្នង បានរងការខូចខាត។ ផ្ទះខ្លះរងការខូចខាតស្រាលផ្ទះខ្លះរងការខូចខាតធ្ងន់ធ្ងរ។ ក្នុងនោះផ្ទះចំនួន៥ខ្នង ដែលនៅជាប់ទីបញ្ជាការដ្ឋាន យោធភូមិភាគទី៣ បានរងការខូចខាតស្ទើរតែទាំងស្រុង។

អានុភាពគ្រាប់ដែលផ្ទុះនោះ បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋរងការខូចខាតដំបូល ពិដាន ទ្វារ និងបង្អួច ជាដើម។ ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតនេះ សុទ្ធសឹងជាផ្ទះគ្រួសារយោធាបម្រើការងារនៅ យោធភូមិភាគទី៣ផ្ទាល់តែម្តង។

ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋរងការខូចខាតផ្ទះសម្បែង នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមុខជួសជុលផ្ទះដែលខូចខាតនេះឡើង វិញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់តាំងនាយឧត្តមសេនីយ៍ ខេង សុមេធ មេបញ្ជាការកងវិស្វកម្មតេជោ ហ៊ុនសែន សៀមរាប ដឹកនាំលើការងារជួសជុលនេះ។

មកដល់ពេលបច្ចុប្បន្នផ្ទះប្រជាពលរដ្ឋរងការខូចខាត ត្រូវបានជួសជុល កែលំអរឡើងវិញរួចរាល់ហើយ។ អ្នកស្រី ចាន់ សុខុម បានរៀបរាប់ថា ផ្ទះរបស់បានរងការខូចខាតជាច្រើន រួមមានដំបូល ពិដាន ទ្វារ និងបង្អួចជាដើម។ ពេលរងការខូចខាតនោះ អ្នកស្រីក៏លំបាកចិត្តស្តាយផ្ទះ និងខ្វាយខ្វល់លើ ការចំណាយថ្លៃជួសជុលផ្ទះឡើងវិញ។

ប៉ុន្តែនៅពេលឃើញនាយឧត្តមសេនីយ៍ ខេង សុមេធ ចុះទៅដល់ផ្ទះ និងផ្តល់ព័ត៌មាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជួយជួយជុលផ្ទះក៏ធ្វើឱ្យអ្នកស្រី រសាយកង្វល់នោះវិញ។ អ្នកស្រី បានបង្ហាញក្តី សប្បាយរីករាយនៅពេលផ្ទះត្រូវបានជួសជុលឡើងវិញ ហើយមិនចំណាយលុយ។

អ្នកស្រីចាត់ទុកការជួយជួសជុលផ្ទះពីសំណាក់សម្តេចធិបតី បង្ហាញឱ្យឃើញពីការគិតគូររបស់ សម្តេចធិបតី ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ។

ពលរដ្ឋមួយរូបទៀត គឺលោក កែវ ឡេង ក៏បានរងការខូចខាតផ្ទះសម្បែងក្នុងហេតុការណ៍នេះដែរ។ ផ្ទះរបស់លោក កែវ ឡេង បានរងការខូចខាតជាច្រើនរួមមានដំបូល ពិដាន បង្អួច និងទ្វារជាដើម។ ពេលនេះផ្ទះរបស់លោកត្រូវបានជួសជុលស្អាតដូចដើមវិញហើយ។

លោក កែវ ឡេង ក៏បានបង្ហាញអារម្មណ៍រីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋ ហើយជួយជួសជុលផ្ទះជូនពលរដ្ឋ។

សូមបញ្ជាក់ថា ហេតុការណ៍ផ្ទុះគ្រាប់នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៣ នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បណ្តាលឱ្យយោធិន ២០រូប ស្លាប់បាត់បង់ ជីវិត និងយោធិនមួយចំនួនទៀតរងរបួស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរៀបចំបុណ្យសពជូនយោធិនទាំង២០រូបប្រកបដោយ កិត្តិយសនៃការពលីជីវិតក្នុងបុព្វហេតុជាតិ។ សម្តេចធិបតី ក៏បានចូលរួមរំលែកការលំបាកជាមួយ គ្រួសារជាថវិកា និងបានប្រកាសផ្តល់ឱកាសដល់សាច់ញាតិសពយោធិនទាំង២០រូប បានចូល បម្រើការងារក្នុងក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទផងដែរ។

តាមរយៈកាយវិការទាំងអស់នេះ បង្ហាញឱ្យឃើញច្បាស់ពីការគិតគូរ និងទំនួលខុសត្រូវខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំជាតិ៕