(ត្បូងឃ្មុំ)៖ នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្មអ៊ិច១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការស្នងការដ្ឋានទំនាក់ទំនង កិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទឧទ្ទេសនាម ស្តីពីដំណើឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ដល់ប្រតិភូកាកបាទក្រហមកម្ពុជា, បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស, បញ្ជាការដ្ឋានកងទ័ពជើងអាកាស និងរដ្ឋបាលខេត្តកំពង់ចាម។

ក្នុងនោះផងដែរ ប្រតិភូក៏បានអញ្ជើញគោរពវិញ្ញាក្ខន្ធ និងចងចាំនូវឧបការគុណយុទ្ធជន កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបុព្វបុរសដែលពលីមរណៈ ដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីការធ្វើទារុណកម្ម ការកាប់សម្លាប់យ៉ាងសាហាវ យង់ឃ្នងពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យុទ្ធមិត្តរបស់លោក ទាំងពេលនៅមានជីវិត បានជួយដោះស្រាយទុក្ខលំបាក ហើយពេលពលីមរណៈ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយធ្វើមាតុភូមិនិវត្តន៍ នូវសពយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន៤៩រូប ដែលបានពលីនៅពេលធ្វើការតស៊ូផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត មកប្រទេសកំណើតវិញ តាមប្រពៃណី សាសនា ពិធីការកងទ័ព និងពិធីការរដ្ឋ យ៉ាងអធិកក្រៃលែង៕