(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ព្រះវស្សាយាងចូល ៨៩ព្រះវស្សា។

នៅក្នុងលិខិតថ្វាយព្រះពររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូចនេះថា៖

«ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ព្រះវស្សាយាងចូល ៨៩ព្រះវស្សា របស់ហ្លួងម៉ែជាអម្ចាស់ ទូលព្រះបង្គំជាខ្ញុំ និងភរិយាសូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះសព្ទសាធុការពរ សិរីវឌ្ឍនា ជយាមង្គល វិបុលសុខ បវរមហាប្រសើរ។

សូមហ្លួងម៉ែជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ ជាម្លប់ដល់ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងជនរួមជាតិជាបងប្អូន កូនចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ជ្រកកោន ត្រជាក់ត្រជុំសុខសាន្តមនោរមជានិច្ចនិរន្តរ៍តទៅ។

ស្ថិតក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គល ដ៏មហាវិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតថ្វាយនូវកតញ្ញូកតវេទិតាធម៌ដ៏ឧត្តុង្គឧត្តមដោយសុទ្ធចិត្តបំផុត ចំពោះហ្លួងម៉ែជាអម្ចាស់ជាទីគោរព ស្រលាញ់ស្មើនឹងជីវិត ដែលជានិច្ចកាលស្ដេចទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ប្រោះព្រំដល់ទូលព្រះបង្គំជាខ្ញុំ និងភរិយា ពិសេសទ្រង់បានបំពេញព្រះរាជបូជនីយកិច្ចសន្សំបុញ្ញកុសលតម្កល់ប្រោស ព្រះរាជទានដល់ជនរួមជាតិរបស់ព្រះអង្គប្រកបដោយព្រះទសពិធរាជធម៌ ទ្រង់មានមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ត្រជាក់ក្សេមក្សាន្ត នឹងរកវត្ថុអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។

ជាថ្មីម្តងទៀតទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមលើកកម្បង់អញ្ជលីប្រណម្យបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ លើលោកមានដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងគុណបុណ្យព្រះរតនត្រៃ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ពិសេសដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ សូមទ្រង់បន្តអភិបាលគ្រងរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមស្ដេចទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ និងភរិយា»៕