(ព្រះវិហារ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលក្រុងព្រះវិហារ ឡោមព័ទ្ធចាប់ខ្លួនបាននៅក្នុងទឹកបឹង ក្រោយជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋនៅស្រុកឆែប។

លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យប្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ជា សុខ ជីម អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃច្រាបកើត ឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

លោកថ្លែងបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ១គ្រឿង នៅស្រុកឆែប នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ក្រោយទទួលបានសេចក្តីរាយការណ៍ពីអធិការដ្ឋាននគរស្រុកឆែប ស្តីពីករណីនេះ ក្រោមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក៏ដូចជាកម្លាំងអធិការដ្ឋាន តាមក្រុង ស្រុកទាំង៨ បានរាយកម្លាំងដើម្បីចាប់ខ្លួនជនសង្ស័យខាងលើនេះ។

លោកវរសេនីយ៍ឯក គង់ គា បានថ្លែងថា ក្រោយទទួលបានបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការ កម្លាំងរបស់លោកប្រដេញជនសង្ស័យពីស្រុកឆែប មកដល់ក្រុងព្រះវិហារ ឃើញសកម្មភាពសមត្ថកិច្ចបែបនេះ ជនសង្ស័យក៏បានផ្តួលម៉ូតូចោលនៅផ្លូវបំបែកស្រះឈូក ហើយក៏បានរត់ចូលទៅក្នុងបឹងស្រះឈូក ទើបកម្លាំងរបស់លោកធ្វើការសហការជាមួយកម្លាំងនគរបាលក្រុងព្រះវិហារ ធ្វើការឡោមព័ទ្ធបឹងស្រះឈូក និងនាំគ្នាចុះរុករក ប្រើប្រាស់រយះពេលប្រហែល១ម៉ោង ទើបចាប់ខ្លួនបានជនសង្ស័យរូបនេះបាន។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅចាត់ការទៅតាមនិតិវិធីច្បាប់៕