(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះចៅ អធិការវត្តហរិរក្សរាជិនី (ហៅវត្តវាំងចាស់) និងព្រះមន្ត្រីសង្ឃ ស្ថិតក្នុងសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

និមន្ត អញ្ជើញរួមាន សម្ដេចឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា ព្រះសង្ឃនាយករងទី៣ ព្រះថេរានុថេរៈ សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មន្រ្តីរាជការ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ចំនួន៧៧៥អង្គ/នាក់។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ជាមួយព្រះសង្ឃគ្រប់ព្រះអង្គដែលគង់នៅទីអារាមវត្តដ៏ចំណាស់នេះ ជាពិសេស ព្រះឥន្ទសិរីវង្ស តាម វិបុល ដែលត្រូវបានតែងតាំងជាព្រះចៅអធិការថ្មី នៃវត្តហរិរក្សរាជនី ហៅវត្តរាំងចាស់។

លោកបានកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះព្រថេរានុថេរៈគ្រប់ព្រះអង្គ លោកតា លោកយាយ ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ដែលបានរួមចំណែកចាប់មគ្គផល កសាងសមិទ្ធផលនានាក្នុងវត្ត ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ព្រះចៅគ្រូអធិការថ្មី នឹងធ្វើឲ្យវត្តអារាមនេះកាន់តែមានភាពសុខដុម និងអភិវឌ្ឍរីកចម្រើនទៅមុខ ជាបន្តបន្ទាប់បន្ថែមទៀត។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបន្ថែមថា វត្តវាំងចាស់ដែលមានអាយុកាល ១៧០ឆ្នាំ និងមានផ្ទុកទៅដោយគម្ពីរ ដីកា ទាំងភាសាបាលី និងសម្រាយ ជាកន្លែងសាបព្រោះចំណេះដឹង ក្នុងព្រះពុទ្ធសាសនា ចងវេញជាធ្លុងសាមគ្គីភាពរបស់ប្រជាជាតិខ្មែរ ដើម្បីចូលរួមចំណែកការពារ អភិរក្ស វប្បធម៌ ប្រពៃណី អក្សរសាស្ត្រ អត្តសញ្ញាណជាតិ និងបុព្វហេតុសង្គមជាតិ គ្រប់ៗជំនាន់។ ជាអកុសល សមិទ្ធផលជាច្រើនត្រូវបានរងការបំផ្លិចបំផ្លាញស្ទើរគ្មានសល់នាសម័យសង្គ្រាម។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្រ្តី បានរំលេចអំពីភាពសំខាន់ នៃកត្តាសុខសន្តិភាពដែលកើតចេញពី ថ្ងៃជ័យជម្នះ៧ មករា ដែលបានសង្រ្គោះអាយុជីវិតរបស់ប្រជាជនខ្មែរចេញពីគ្រោះមរណៈ និងបានផ្តល់ជាឱកាសឲ្យគ្រប់សាសនាទាំងអស់នៅកម្ពុជា ជាពិសេសព្រះពុទ្ធសាសនា បានរស់រានឡើងវិញ កសាងបានជាសមិទ្ធផលថ្មីៗ និងបានរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ៕