(ភ្នំពេញ)៖ លោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអៀរឡង់ ប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ រដ្ឋាភិបាលអៀរឡង់ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសក្នុងតំបន់ ជាពិសេសប្រទេសកម្ពុជា។

ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រី​ចូលជួប សម្តែងការគួរសមជាមួយ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

លោកស្រីបានគូសបញ្ជាក់បន្ថែមទៀតថា វិស័យអប់រំជាសសរស្តម្ភសំខាន់នៃកម្មវិធីកិច្ចសហប្រតិបត្តិការរបស់អៀរឡង់ ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអៀរឡង់ប្រចាំកម្ពុជា បានកត់សម្គាល់ដោយក្តីពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសាធារណរដ្ឋអៀរឡង់ ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងវិស័យដែលនាំមកនូវផលប្រយោជន៍រួម។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និង លោកស្រី Deirdre Ní Fhallúin បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី ឬគណៈកម្មការសេដ្ឋកិច្ចចម្រុះ ដែលនឹងត្រួសត្រាយផ្លូវដើម្បីពង្រឹង និងស្វែងរកវិស័យថ្មីសម្រាប់ភាពជាដៃគូ ជាពិសេសក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ មិនតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក ហើយសាធារណរដ្ឋអៀរឡង់ នឹងពង្រឹងចំណងមិត្តភាពក្នុងតំបន់ ដោយផ្តោតជាពិសេសលើកម្ពុជា ។

រដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអៀរឡង់ ចំពោះជំនួយដ៏មានតម្លៃ ជាពិសេសលើវិស័យអប់រំ ការដោះមីន និងសុខាភិបាល៕