(ភ្នំពេញ)៖ និស្សិតនាយទាហានសកម្មជំនាន់ទី២៤ ចំនួន១៩៦នាក់ (នារីចំនួន៣២នាក់) បានបញ្ចប់តាមកម្មវិធីសិក្សារយៈពេល៤ឆ្នាំ របស់វគ្គនាយទាហានសកម្មលើមុខវិជ្ជាពីរសំខាន់ គឺទី១៖ វិទ្យាសាស្ត្រមូលដ្ឋាន និងទី២៖ វិទ្យាសាស្ត្រយោធា។

និស្សិតយោធាជំនាន់ទី២៤នេះ ក៏ទទួលបានសញ្ញាបត្របញ្ចប់ការសិក្សានាយទាហនាយសកម្ម ចំនួន១៩៦នាក់ និងទទួលបានវិញ្ញាបនបត្រចំនួន២នាក់។ សាលានាយទាហានសកម្ម ក៏រៀបចំពិធីបើកវគ្គគរុកោសល្យយោធាចារ្យ បញ្ជាការសេនាធិការ ដែលមានសិក្ខាកាមចំនួន៧២នាក់ សិក្សារយៈពេល៩២ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ តំណាងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ នៅសាលានាយទាហានសកម្ម (ត្មាតពង)។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានប្រសិទ្ធនាមវគ្គនាយទាហានសកម្មជំនាន់ទី២៤នេះថាជាជំនាន់ «មហាបរវធិបតីសែនជ័យ»

ឧត្តមសេនីយ៍ឯក ប៊ុត ភាព នាយកសាលានាយទាហានសកម្ម (ត្មាតពង) បានលើកឡើងថា និស្សិតជាយោធា ដែលទទួលបានសញ្ញាបត្រ គឺបានចំណាយពេលសិក្សាតាមកម្មវិធីរបស់សាលានាយទាហានសកម្ម អស់រយៈ ពេល៤ឆ្នាំ។ ក្នុងនោះដើម្បីចូលរួមអនុវត្តតាមផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សាលាបានអនុវត្តពង្រឹងវិន័យ សណ្តាប់ធ្នាប់ បែបបទធ្វើការឱ្យបានត្រឹមត្រូវទៅតាមច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន និងបទវិន័យទូទៅ បទវិន័យផ្ទៃក្នុងចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។

នាយកសាលានាយទាហានសកម្មរូបនេះ បានបន្តថា បច្ចុប្បន្នសាលាបាននិងកំពុងមមាញឹកកែសម្រួលឯកសារគោលរបស់សាលា កែសម្រួលកម្មវិធីសិក្សារបស់វគ្គនាយទាហានសកម្ម និងពិនិត្យកែសម្រួលមុខវិជ្ជាសិក្សា ព្រមទាំងឯកសារមេរៀនមួយចំនួន ដើម្បីឱ្យឆ្លើយតបបានទៅតាមស្ថានភាពជាក់ស្តែងក្នុងប្រទេស និងក្នុងតំបន់ ក៏ដូចជានៅលើសកលលោកនាពេលបច្ចុប្បន្ន និងអនាគត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ការបិទវគ្គនាយទាហានសកម្មជំនាន់ទី២៤ គឺបានបង្ហាញឱ្យឃើញថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកការបណ្តុះបណ្តាល និងហ្វឹនហ្វឺននៅក្នុងប្រទេសជាយុទ្ធសាស្ត្រ យូរអង្វែងក្នុងការកសាងសមត្ថភាពធនធានមនុស្សសម្រាប់យោធិនគ្រប់ថ្នាក់ គ្រប់ជំនាញ និងមានសមត្ថភាពពិតប្រាកដផ្នែកវិទ្យាសាស្ត្រមូលដ្ឋាន និងវិទ្យាសាស្ត្រយោធាប្រកបដោយចំណេះដឹង ចំណេះធ្វើទៅបំពេញភារកិច្ច នៅតាមអង្គភាពរៀងៗខ្លួននាពេលអនាគត។

សម្រាប់ការបើកវគ្គគរុកោសល្យយោធាចារ្យ បញ្ជាការសេនាធិការ នៅសាលានាយទាហានសកម្ម, ត្រូវបាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចាត់ទុកថា គឺជាផ្នែកមួយនៃការកែទម្រង់កងយោធពលខេមរភូមិន្ទ លើវិស័យបណ្តុះបណ្តាល និងហ្វឹកហ្វឺនធនធានមនុស្សតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា ចំពោះវិស័យការពារជាតិ រាជរដ្ឋាភិបាលបន្តជំរុញការកែទម្រង់កងយោធពលខេមរភូមិន្ទ លើកកម្ពស់ កសាងបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាព កងទ័ពប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។ រដ្ឋាភិបាលបានខិតខំអភិវឌ្ឍសម្ភារៈ បច្ចេកទេស យុទ្ធោបករណ៍ ភស្តុភារ និងហិរញ្ញវត្ថុសំដៅឈានទៅធ្វើទំនើបកម្មកងទ័ព ឱ្យឆ្លើយតបនឹងភាព ជឿនលឿននៃបច្ចេកវិទ្យាទំនើប និងការធ្វើនវានុវត្តន៍យោធាក្នុងតំបន់ និងពិភពលោកប្រកបដោយចីរភាពនៅក្នុងរយៈពេលមធ្យម និងវែង សំដៅលើកកម្ពស់ប្រសិទ្ធភាពគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ។

ជាមួយគ្នានេះ និស្សិតនាយទាហានសកម្មដែលបញ្ចប់ការសិក្សា បានធ្វើសច្ចាប្រណិបធាន ដោយប្រកាសស្មោះស្ម័គ្រជាមួយព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងដាច់ខាតរាល់កម្លាំង និងសកម្មភាពទាំងឡាយណាដែលមានបំណងផ្តួលរលំរាជរដ្ឋាភិបាល ស្មោះត្រង់ជាមួយប្រជាពលរដ្ឋ និងប្តូរផ្តាច់ការពារបូរណភាពទឹកដី មិនឱ្យសត្រូវណាចូលឈ្លានពានដែនអធិបតេយ្យភាពជាដាច់ខាត៕