(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជូនជនជាតិថៃម្នាក់ ទៅតុលាការពាក់ព័ន្ធករណីឆ្លងដែនខុសច្បាប់ ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

សូមបញ្ជាក់ថា កាលពីនៅវេលាម៉ោង១១យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បង្រ្កាបករណីឆ្លងដែនខុសច្បាប់, ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងតាព្រហ្ម ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសឃាត់ខ្លួនជនសង្ស័យជនជាតិថៃឈ្មោះ កាតានយូ ហាសាន់ ហៅបែង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុងថេប ប្រទេសថៃ។

ក្នុងប្រតិបត្តិការនោះ កម្លាំងអាវុធហត្ថបានចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន០៣កញ្ចប់ធំ និង០២កូនថង់កិប ទម្ងន់ ៣១៥៦,៤០ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកIPhone 13Pro Max ពណ៌ផ្ទៃមេឃ, IPhone 7Plus ពណ៌ខ្មៅ), ប្រាក់ថៃ ចំនួន ១០,០០០បាត (មួយម៉ឺនបាត), សៀវភៅលិខិតឆ្លងដែនចំនួន០១ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន០១សន្លឹក, បណ្ណបើកបរ (ថៃ) ចំនួន០១សន្លឹក។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ រហូតដល់ចំណុចរោងតាព្រហ្ម កម្លាំងបានប្រទះឃើញជនសង្ស័យ ស្ពាយកាបូបពណ៌ខ្មៅចំនួន១ បានលួចឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃ ឆ្លងចូលមកប្រទេសកម្ពុជា។

ភ្លាមៗនោះកម្លាំងបានឃាត់ខ្លួន ហើយត្រួតពិនិត្យឆែកឆេរលើខ្លួន ឃើញមានគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតា មីន) ចំនួន៣កញ្ចប់ធំ និង២កូនថង់កិប ទម្ងន់ ៣១៥៦,៤០ក្រាម (ដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅ)។ បន្ទាប់មកកម្លាំងបានឃាត់ខ្លួនជនសង្ស័យភ្លាមៗ និងដកហូតវត្ថុតាងហៀយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចឆ្លងដែនខុសច្បាប់ ព្រមទាំងដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយ សារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ៕