(ភ្នំពេញ)៖ លោក ហេង ណារ៉ែត អគ្គនាយកគាំពារបរិស្ថាន បានបញ្ជាក់ថា ប្រទេសកម្ពុជាមិនមែនជាប្រទេស ដែលផលិតសារធាតុបំផ្លាញ ស្រទាប់អូហ្សូននោះទេ។ លោកថា ប្រទេសដែលបាន ផលិតសារធាតុបំផ្លាញស្រទាប់អូហ្សូន គឺមាននៅបណ្ដាប្រទេស ដែលអភិវឌ្ឍន៍ ហើយកម្ពុជាគ្រាន់តែនាំចូលនូវសារធាតុត្រជាក់ គ្រឿងបរិក្ខាត្រជាក់មកប្រើប្រាស់តែប៉ុណ្ណោះ។

ការបញ្ជាក់របស់លោក ហេង ណារ៉ែត ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងសន្និសីទសារព័ត៌មានក្រោមប្រធានបទ «ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចការពារ ស្រទាប់អូហ្សូន» នៅទីស្ដីការក្រសួងបរិស្ថាន ដើម្បីអបអរសាទរទិវាអន្តជាតិ ស្ដីពីកិច្ចការពារស្រទាប់អូហ្សូន។

លោក ហេង ណារ៉ែត បានឲ្យដឹងថា ស្រទាប់អូហ្សូន ជាស្រទាប់ដែលទប់ស្កាត់កាំរស្មី UV ដើម្បីកុំឲ្យចូលក្នុងផែនដី ហើយវាមានចម្ងាយពីផែនដីប្រហែលជា១៦គីឡូម៉ែត្រ ទៅ៥០គីឡូម៉ែត្រ ប៉ុន្ដែប្រសិនបើស្រទាប់អូហ្សូនមានការលេចធ្លាយនោះ វាធ្វើមានគ្រោះថ្នាក់ដល់មនុស្ស សត្វ រុក្ខជាតិ ដូចជា ស្បែកកើតមហារីក បញ្ហាភ្នែក រីឯវិស័យកសិកម្មវិញ វាធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ នៃទិនផលរបស់ប្រជាកសិករ។

លោកក៏បានរំលឹក ផងដែរថា កម្ពុជានៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០១ ក៏បានចូលជាសមាជិក នៃប្រទេសហត្ថលេខីមួយក្នុងចំណោមប្រទេស១៩៧ ដែលបានបង្កើត អនុសញ្ញាទីក្រុងវីយ៉ែន ស្ដីពី «កិច្ចការពារស្រទាប់អូហ្សូន» និងពិធីសារម៉ុងរ៉េអាល់ស្ដីពី «សារធាតុបំផ្លាញស្រទាប់អូហ្សូន» របស់អង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ ហៅកាត់ថា UNEP ហើយការចូលជាសមាជិកនេះ មិនបានប៉ះពាល់សេដ្ឋកិច្ចកម្ពុជានោះទេ ដោយសារតែកម្ពុជាមិនបាន ផលិតសារធាតុបំផ្លាញស្រទាប់អូហ្សូន ប៉ុន្ដែវាឆ្លុះបញ្ជាំងពីឆន្ទះ រាជរដ្ឋាភិបាលនៃកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ក្នុងការចូលរួមជាមួយ សហគមន៍អន្ដរជាតិ ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូននេះ។

លោកបានបន្ថែមពី កម្ពុជាក៏បានបង្កើតនូវកម្មវិធីអប់រំ បណ្ដុះបណ្ដាល ដល់វិស័យឯកជន ជាពិសេសជាង ក្រុមហ៊ុនដែលនាំចូលនូវសារធាតុត្រជាក់ បរិក្ខាត្រជាក់ ដែលកម្ពុជាបានបណ្ដុះបណ្ដាល ជាង ១០០នាក់រួមមកហើយ ដើម្បីឆ្លើយតបទៅនឹងការការពារស្រទាប់អូហ្សូន ជាពិសេសកម្ពុជាក៏ទទួល បាននូវការលើកទឹកចិត្ត ពីអង្គការបរិស្ថានសហប្រជាជាតិ នូវថវិកាបដិភាគផងដែរ ប៉ុន្ដែបើទោះបីជាមិនមានថវិកាពីអង្គការ បរិស្ថានសហប្រជាជាតិ ក៏ដោយ ក៏កម្ពុជានៅតែបន្ដសកម្មភាព អនុវត្តនូវកិច្ចការការពារស្រទាប់អូហ្សូននេះដែរ៕