(ត្បូងឃ្មុំ)៖ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៤៖៣០នាទីទាបភ្លឺ នៅលើផ្លូវជាតិលេខ៧១C ត្រង់ចំណុចអណ្ដូងខួច ស្ថិតនៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធន់ធ្ងន់២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់៧នាក់ និងរងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចឲ្យដឹងថាហេតុការណ៍នេះ កើតឡើងរថយន្តម៉ាកហ៊ីយុនដាយ ពណ៌ស បើកបរដោយឈ្មោះ ឈាង ហ៊ាង អាយុ១៨ឆ្នាំ រស់នៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បុកជាមួយរថយន្តម៉ាកហ៊ីយុនដាយ ពណ៌ទឹកប្រាក់ មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ បណ្ដាលឲ្យស្លាប់ភ្លាមៗកន្លែងកើតហេតុ ។

បើតាមការវាស់វែងពីសមត្ថកិច្ចស្រុកត្បូងឃ្មុំ បានឲ្យដឹងថា រថយន្តទាំង២ បើកបរមានទិសដៅបញ្រ្ចាសទិសគ្នា មកដល់កន្លែងកើតហេតុបុកគ្នាយ៉ាងពេញទំហឹង បណ្តាលមានមនុស្សស្លាប់ចំនួន៥នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ចំនួន៣នាក់ លុះបញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន បានស្លាប់នៅមន្ទីពេទ្យចំនួន២នាក់បន្ថែមទៀត សរុបស្លាប់៧នាក់ របួសធ្ងន់១នាក់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ ចុះមកដល់វាស់វែង និងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕