(ភ្នំពេញ)៖ ចរន្តផ្តាច់ខ្លួនពីជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង។ មនុស្ស​ធ្លាប់​ស្ម័គ្រស្មោះប្តូរផ្តាច់ជាមួយមេនយោបាយប្រឆាំងរូបនេះ កំពុងប្រកាសដើរចេញចេញ ផ្តាច់សម្ព័ន្ធមេត្រីភាពជាមួយទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ជាបន្តបន្ទាប់ ព្រោះខឹងនឹងទង្វើ​ក្បត់​ជាតិរបស់បុគ្គលរូបនេះ។

លោក ង៉ែត ស៉ីណា ជាអ្នកបើករថយន្តឱ្យ សម រង្ស៉ី។ លោក ស៊ីណា បានបើករថយន្ត​ឱ្យ​ទណ្ឌិត សម រង្ស៉ី អស់ជាច្រើនឆ្នាំ ពេលទណ្ឌិតរូបនេះ ធ្វើនយោបាយនៅក្នុងប្រទេស។ ពេលនេះ លោក ង៉ែត ស៊ីណា ប្រកាសបញ្ចប់និស្ស័យជាមួយទណ្ឌិត សម រង្ស៉ី ហើយ។

ការប្រកាសបញ្ចប់និស្ស័យស្ម័គ្រស្មោះច្រើនឆ្នាំមកនេះ ក៏ដោយសារតែលោកខឹងនឹង​ទណ្ឌិត សម រង្ស៉ី ប្រកាសប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ក្រៅពីខឹងនឹងនយោបាយប្រឆាំងប្រឆាំងផលប្រយោជន៍ជាតិហើយនោះ លោក ស៉ីណា ក៏អស់ក្តីសង្ឃឹមជាមួយទណ្ឌិត សម រង្ស៉ី ដែលជាមេដឹកនាំនយោបាយមួយរូប តែខ្វះការ​ទទួល​​ខុសត្រូវ ខ្វះចិត្តតស៊ូ ជាពិសេសខ្លាចគុក។

ជាមួយការប្រកាសផ្តាច់ខ្លួនពីក្រុមប្រឆាំងហើយនោះ អតីតអ្នកបើករថយន្តឱ្យទណ្ឌិត សម រង្ស៉ី ក៏បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។

លោក ស៊ីណា បានថ្លែងថា ពេលនេះលោកបានយល់ច្បាស់ គឺមានតែគណបក្សប្រជាជន​កម្ពុជា​មួយគត់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានសាងគុណបំណាច់យ៉ាងធំធេងចំពោះជាតិ និងប្រជាជន ដោយបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ បិទបញ្ចប់ភ្លើងសង្គ្រាម បង្រួមបង្រួមជាតិ រកសុខសន្តិភាព និងកសាងប្រទេសជាតិឱ្យរីកចម្រើនមកទល់ពេលបច្ចុប្បន្ន។

លោក ស៊ីណា សុំក្តីសណ្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន កុំប្រកាន់ទោសដែលខុសច្រើនឆ្នាំមកនេះ និងអនុញ្ញាតឱ្យលោកបានរួមរស់ជាមួយ​គណ​បក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ៕